website_news:2019280101

តុលាការឃុំខ្លួនស្ត្រី ២ នាក់ពាក់ព័ន្ធករណីនាំនារីម្នាក់ទៅរៀបការប្ដីនៅចិន

https://www.postkhmer.com/ គឹម សារុំ | Publication date 28 January 2019 | 10:00 ICT

ភ្នំពេញៈ អយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំបានឃុំខ្លួនស្ត្រីសង្ស័យ ២ នាក់ នៅពន្ធនាគារខេត្តកាលពីថ្ងៃសុក្រ ភ្លាមៗបន្ទាប់ពីសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ ក្រោយពេលឃាត់ខ្លួនកាលពីថ្ងៃទី ២៤ មករាឆ្នាំ២០១៩ នៅភូមិចម្ការថ្មី ឃុំគគីរ ស្រុកត្បូងឃ្មុំ ពាក់ព័ន្ធករណីនាំនារីខ្មែរម្នាក់ទៅរៀបការប្តីនៅប្រទេសចិន ប្រព្រឹត្តកាលពីឆ្នាំ ២០១៧។

លោក ថេង ជាង អ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំប្រាប់ភ្នំពេញប៉ុស្តិ៍ថា ស្ត្រីឈ្មោះ វ៉ោក ឆៃងីម ហៅ យាយម៉ៅ អាយុ ៦១ ឆ្នាំនិងស្ត្រី ឈ្មោះ ធូក ថេត អាយុ ៣៨ ឆ្នាំ ដែលរស់នៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំចោទប្រកាន់និងឃុំខ្លួនហើយកាលពីថ្ងៃសុក្រកន្លងមក។ លោកប្រាប់ថា៖ «ស្ត្រីត្រូវចោទទាំង ២ នាក់ ត្រូវចោទប្រកាន់ពីបទនាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅតាមបញ្ញត្តិមាត្រា ១០ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស»។ បើយោងតាមមាត្រានេះ ប្រសិនបើតុលាការរកឃើញថាពិតជាបានប្រព្រឹត្តមែននោះ ស្ត្រីទាំង ២ នាក់ ត្រូវប្រឈម នឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ ទៅ ១៥ ឆ្នាំ។

លោកស្រី ហៃ ឡាលីន ស្នងការរងផ្នែកប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានថ្លែងថាការចាប់ខ្លួននេះបានធ្វើឡើងក្រោយពីនារីរងគ្រោះបានប្ដឹងទៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ហើយខាងក្រសួងបានប្រាប់មកខេត្តត្បូងឃ្មុំ ដែលជាទីកន្លែងកើតហេតុវិញ។ លោកស្រីបញ្ជាក់ថា៖ «ដំបូងគាត់ [ស្ត្រីរងគ្រោះ] ប្តឹងក្រសួងការបរទេស បន្ទាប់មកក៏ប្ដឹងទៅសមត្ថកិច្ចខេត្ត ទើបមានការស្រាវជ្រាវឈានចាប់ខ្លួនជនសង្ស័យបានតែម្តង»។

លោក សុខ ឈុនឡាយ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តត្បូងឃ្មុំបានប្រាប់កាលពីម្សិល មិញថា ក្រោយឃាត់ខ្លួន ស្ត្រីសង្ស័យទាំង ២ នាក់បានឆ្លើយថា ពួកគេបានស្គាល់ស្ត្រីម្នាក់ឈ្មោះ ឆេង ជាមេខ្យល់ធំ ហើយស្ត្រីនោះបានប្រាប់ពួកគេឲ្យរកនារីក្មេងៗទៅរៀបការប្តីនៅប្រទេសចិននឹងបានកម្រៃ ប៉ុន្តែពួកគេ មិនស្គាល់ទីកន្លែងរស់នៅរបស់ស្ត្រីជាមេខ្យល់នោះទេ។ លោកស្រីបន្តថា៖ «រឿងនេះឈ្មោះ ធូក ថេត បានទទួលលុយពីមេខ្យល់ឈ្មោះ ឆេង ចំនួន ៣០០ ដុល្លារ ក្នុងការនាំស្ត្រីរងគ្រោះទៅប្រទេសចិន រីឯឈ្មោះ វ៉ោក ឆៃងីម គាត់ថា មិនបានទទួលលុយពីមេខ្យល់ឈ្មោះ ឆេង ទេ»។ លោកបានរំឭក ប្រាប់តាមសម្ដីជនរងគ្រោះ ឈ្មោះ ស.ន អាយុ ២៣ ឆ្នាំ ថា មុនកើតហេតុនាង [ជនរងគ្រោះ] បានមានទំនាក់ទំនងជាមួយស្ត្រី ឈ្មោះ វ៉ោក ឆៃងីម ហៅយាយម៉ៅ និងស្ត្រីឈ្មោះ ធូក ថេត (ជាកូនរបស់យាយម៉ៅ) ដោយមានស្ត្រីម្នាក់ ឈ្មោះ ឆេង ជាមេខ្យល់ធំ។ បន្ទាប់ពីរត់ការធ្វើឯកសារចប់សព្វគ្រប់ ក្រុមជនសង្ស័យ បានបញ្ជូននាងទៅដល់ប្រទេសចិនក្នុងអំឡុងឆ្នាំ ២០១៧។ លោកថា តាមសម្ដីនារីរងគ្រោះ បន្ទាប់ពីទៅដល់ប្រទេសចិននាងត្រូវបានបុរសជនជាតិចិនម្នាក់បង្ខាំងទុកក្នុងផ្ទះឲ្យបម្រើផ្លូវភេទអស់ពេល ៤ ខែ។បន្ទាប់មកបុរសចិននោះបានលក់នាងបន្តរហូតដល់ ៤ កន្លែងផ្សេងទៀត ប៉ុន្តែលុះដល់ដើមឆ្នាំ ២០១៨ នាងបានរត់គេចខ្លួនរួច និងបានធ្វើដំណើរមកដល់ប្រទេសថៃ។ លោកបានបញ្ជាក់ថា នារីរងគ្រោះត្រូវបានអង្គការ ១ នៅប្រទេសថៃនិងស្ថានទូតកម្ពុជាជួយសង្គ្រោះមកកម្ពុជាវិញ នៅខែវិច្ឆិកា ឆ្នាំ ២០១៨ និងបានប្តឹងទៅក្រសួងការបរទេសកម្ពុជាទើបឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ៕

website_news/2019280101.txt · Last modified: 2019/01/28 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki