website_news:2019280201

អភិបាលខេត្តស្វាយរៀង ៖ អំពើជួញដូរមនុស្ស គឺជាការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណី គ្រួសារ

https://www.dap-news.com/ ByID:114 Posted on 27 February 2019 | 14:04

ស្វាយរៀង៖ លោកម៉ែន វិបុល អភិបាលលខេត្តស្វាយរៀង បានថ្លែងថា អំពើជួញដូរមនុស្ស គឺជាការគំរាមកំហែង ដោយផ្ទាល់ទៅលើវប្បធម៌ និងប្រពៃណីគ្រួសារ តម្លៃសង្គមកម្ពុជា។ ការថ្លែងរបស់អភិបាលខេត្ត បែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានអ្នកពាក់ព័ន្ធចូលរួម ប្រមាណជាង២០០នាក់ ។ លោកអភិបាលខេត្ត បានលើកឡើងទៀតថា សមត្ថភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តពិនិត្យមើលទៅលើយន្តការ នៃរចនាសម្ព័ន្ធគ្រប់ថ្នាក់ ទៅលើប្រព័ន្ធនិតិវីធី នៃការអនុវត្តគោលនយោបាយ នៃការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ត្រូវមានផែនការសកម្មភាព ស្របតាមបរិបទសង្គម នៅតាមមូលដ្ឋាន ត្រូវប្រើមធ្យោបាយសរុប កម្លាំងសរុប វិធានការសរុប ដែលជំរុញឱ្យផែនការសកម្មភាព អនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងទទួលបានជោគ ជ័យ។ លោកម៉ែន វិបុល ក៏បានជំរុញគាំទ្រ ចំពោះគោលនយោបាយ ជាអាទិភាពរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការដឹកនាំប្រយុទ្ធប្រឆាំង ការជួញដូរមនុស្ស ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹង គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានអនុវត្តជាប្រចាំបន្ថែមទៀត ដើម្បីតាមដាននូវ សកម្មភាពបទល្មើសជួញដូរមនុស្ស និងត្រូវដាក់ផែនការតាមដានគ្រប់ ក្រុង ស្រុក និងតាមច្រកទ្វារព្រំដែននានា ជាប់ប្រទេសជិតខាង ក្នុងការទប់ស្កាត់ ការបង្ក្រាបការជួញដូរ មនុស្សអោយមានប្រសិទ្ធភាពខ្ពស់៕

website_news/2019280201.txt · Last modified: 2019/02/28 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki