website_news:2019280202

មន្ត្រីសង្គមស៊ីវិលនៅខេត្តឧត្ដរមានជ័យបារម្ភអំពីពលរដ្ឋធ្វើចំណាកស្រុកកាន់តែច្រើនដោយសារខ្វះដីដាំដុះ និងដំណាំមិនបានផល

https://www.rfa.org/khmer/news/ 2019-02-27

មន្ត្រីអង្គការសង្គមស៊ីវិលនិងប្រជាពលរដ្ឋនៅខេត្តឧត្ដរមានជ័យអះអាងថា មួយរយៈចុងក្រោយនេះបញ្ហាប្រជាពលរដ្ឋនៅក្នុងខេត្តនេះធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅប្រទេសថៃកាន់តែច្រើនឡើង។ ពួកគាត់កត់សម្គាល់ថា បញ្ហាចម្បងដែលបណ្ដាលឲ្យពលរដ្ឋធ្វើចំណាកស្រុកដោយសារឆ្នាំនេះជួបគ្រោះរាំងស្ងួត ដែលធ្វើឲ្យកសិករដាំដុះមិនសូវបានផលហើយលក់ខាតដើមទុន និងបញ្ហាខ្វះដីដាំដុះ។

ប្រជាពលរដ្ឋរស់នៅឃុំចម្ការចេក ស្រុកអូស្មាច់ខេត្តឧត្ដរមានជ័យ អ្នកស្រី ចាន់ សុខេន ឲ្យដឹងអាស៊ីសេរីដឹងកាលពីរសៀលថ្ងៃទី២៥ កុម្ភៈថា ប្រជាពលរដ្ឋនៅតំបន់ដែលអ្នកស្រីរស់នៅ ធ្វើចំណាកស្រុកប្រមាណពី ៥០ទៅ ៦០ភាគរយនៃចំនួនមនុស្ស ដែលរស់នៅក្នុងភូមិជាប្រចាំ។ ពលរដ្ឋរូបនេះអះអាងទៀតថា សមាជិកក្នុងគ្រួសាររបស់អ្នកស្រីចំនួន ៣នាក់កំពុងធ្វើការនៅប្រទេសថៃ ដោយសារនៅផ្ទះគ្មានការងារធ្វើដែលមានប្រាក់ខែសមរម្យ ដែលជំរុញឲ្យកូនៗ ទាំង៣នាក់ចេញទៅរកការងារនៅក្រៅប្រទេស ដើម្បីបានយកមកទៅដោះបំណុលធនាគារ ដែលបានខ្ចីគេយកមកប្រើប្រាស់ដោះស្រាយជីវភាពប្រចាំថ្ងៃកាលពីឆ្នាំកន្លងមក។ អ្នកស្រីបន្តថា កាលពីឆ្នាំកន្លងទៅក្រុមគ្រួសារអ្នកស្រីបានខ្ចីប្រាក់ពីធនាគារយកធ្វើដើមទុនបើកកន្លែងលក់ដូរតូចតាចនៅក្នុងឃុំ ប៉ុន្តែលក់មិនដាច់ដោយសារនៅក្នុងភូមិមិនសូវមានមនុស្សរស់នៅ ហើយខាត់អស់ដើមទុនរាប់ពាន់ដុល្លារ។អ្នកស្រីបន្ថែមទៀតថា ឆ្នាំនេះក៏កាន់តែលំបាកជាងឆ្នាំមុនៗ ទៀត ព្រោះពលរដ្ឋនៅព្រំដែនតំបន់ពួកគាត់រស់នៅធ្វើចំណាកស្រុកកាន់តែច្រើន ជាពិសេសនៅរដូវប្រាំង ចាប់ពីខែធ្នូរហូតមកទល់សព្វថ្ងៃ៖ «អ្នកដែលគ្នាទៅថៃគាត់ថា មេខ្យល់នាំទៅរត់មកវិញមិនបានលុយផង នាំគ្នាទៅមកៗ ដោយមេខ្យល់ថា ទៅស្រួលមិនអីទេ ខ្ញុំប៊ិះតែទៅជាមួយគេដែរហើយ ដែលគេប្រាប់ថា អូ!ស្រួលណាស់អត់អីទេ ហើយឲ្យប្ដីប្រពន្ធផ្ទះជិតគ្នាទៅមុន រយៈពេលប្រហែលខែមុននេះ ដោយសារខ្ញុំខ្វះខាតពេក ខ្ញុំចង់ទៅថៃជាមួយគេ។ឥឡូវពួកគាត់មកវិញ គាត់ថា រត់ប៉ូលិសច្រើនពេកមិនបានលុយកាក់ទេ ខ្ញុំប៊ិះចាញ់បោកគេដែរ»។ពលរដ្ឋរូបនេះបន្តថា អ្នកដែលធ្វើចំណាកស្រុកនៅតាមព្រំដែនភាគច្រើនទៅរយៈពេលខ្លីចន្លោះពី ៤ ទៅ ៦ខែ ហើយត្រឡប់មកដាំដុះវិញ ព្រោះពួកគាត់មិនចង់ធ្វើចំណាកស្រុកនោះទេ ដោយចង់រកការងារធ្វើក្នុងស្រុកបានរស់នៅជាមួយក្រុមគ្រួសារ ប្រសើរជាងធ្វើការងារនៅក្រៅប្រទេសប្រថុយប្រថានគ្រោះថ្នាក់ដល់អាយុជីវិត និងប្រឈមនឹងប៉ូលិសថៃចាប់ដាក់គុក ដោយសារពួកគាត់ទៅធ្វើការងារខុសច្បាប់ ព្រោះពួកគាត់ក្រីក្រមិនមានប្រាក់ធ្វើលិខិតឆ្លងដែនទៅធ្វើការស្របច្បាប់នោះទេ។

ចំណែកពលរដ្ឋម្នាក់ទៀតរស់នៅស្រុកអន្លង់វែងលោក ជឹម វណ្ណា អះអាងថា ក្នុងភូមិរបស់លោកប្រមាណ ៥០ភាគរយបានចំណាកស្រុក ក្នុងនោះមួយចំនួនទៅធ្វើការនៅប្រទេសថៃ និងមួយចំនួនទៀតទៅធ្វើការនៅតាមព្រំដែនជាប់ប្រទេសថៃ ដោយសារឆ្នាំនេះតំបន់ពួកគាត់រស់នៅជួបគ្រោះរាំងស្ងួត ហើយបណ្ដាលឲ្យដំណាំដំឡូងមីមិនសូវបានផលដូចឆ្នាំមុនៗ បើទោះបីឆ្នាំនេះតម្លៃដំឡូងមីបានប្រសើរជាងឆ្នាំមុនបន្តិចក៏ដោយ ក៏មិនអាចទូទាត់ដើមទុន ដែលបានខ្ចីពីធនាគារយកដាំដុះបានដែរ។ ពលរដ្ឋរូបនេះបន្ថែមទៀតថា បញ្ហាមួយទៀត ដោយសារប្រជាពលរដ្ឋខ្វះដីដាំដុះ ជាពិសេសពលរដ្ឋដែលមានទំនាស់ដីធ្លីនៅក្នុងស្រុករាប់រយគ្រួសារ ហើយអាជ្ញាធរមិនបានដោះស្រាយជូនពួកគាត់នៅឡើយទេ ដែលធ្វើឲ្យពួកគាត់កាន់តែក្រីក្រ ហើយបង្ខំចិត្តធ្វើចំណាកស្រុកចោលក្រុមគ្រួសារ៖ «អត់មានអ្នកណាធូរធារទេបង រកមួយថ្ងៃសម្រាប់ចាយមួយថ្ងៃ ហើយដើរស៊ីឈ្នួលដកដំឡូងឲ្យគេ ខ្ញុំចាំមើលអាជ្ញាធរថា មកវាស់វែងដីឲ្យ។ មិនឃើញ រហូតដល់ ២ខែហើយ ដែលអភិបាលស្រុកសន្យាថា មកដោះស្រាយ។ ឥឡូវខ្ញុំចាំបាត់ៗ មិនដឹងយ៉ាងម៉េចទេ»។ លោកបន្តថា ឆ្នាំក្រោយជីវភាពរបស់ពួកគាត់អាចនឹងលំបាកជាងឆ្នាំនេះ ព្រោះពួកគាត់ប្រមាណ ៧០ភាគរយដាំដំឡូងមីដែលមានលើផ្ទៃដីចន្លោះពី ១ ទៅ ៤ហិកតារក្នុងមួយគ្រួសារ ប៉ុន្តែដើមដំឡូងមីឆ្នាំនេះបានក្រៀមស្វិតងាប់អស់ ដែលបណ្ដាលឲ្យខ្វះដើមដំឡូងមីសម្រាប់ធ្វើពូជដាំដុះនៅពេលខាងមុខ។ លោកថា សព្វថ្ងៃកសិករមួយចំនួនបានចេញទៅធ្វើកម្មករនៅតាមព្រំដែន ដើម្បីរកប្រាក់ទិញដើមដំឡូងមីពីប្រទេសថៃយកធ្វើពូជដាំដុះនៅដើមរដូវវស្សាខាងមុខ ដែលធ្វើឲ្យពួកគាត់ត្រូវចំណាយអស់ដើមទុនកាន់តែច្រើនបន្ថែមទៀតទៅការដាំដុះនេះ។

អាស៊ីសេរីមិនទាន់អាចទាក់ទងអភិបាលរងខេត្តឧត្ដរមានជ័យ លោក វ៉ាត់ ប៉ា រ៉ានីន ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៥ កុម្ភៈ ដោយទទួលទូរស័ព្ទប្រាប់ថាជាប់រវល់នៅព្រំដែន ហើយមិនមានសេវាទូរស័ព្ទ។

ប៉ុន្តែអភិបាលស្រុកអន្លង់វែងលោក ហោ ជិនវីរៈយុទ្ធ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា ឆ្នាំនេះកសិករនៅក្នុងស្រុកលោកគ្រប់គ្រងដាំដុះបានផលជាធម្មតា ហើយតម្លៃកសិផលក៏បានប្រសើរជាងឆ្នាំមុនៗដែរ។លោកមានជំនឿទៀតថា ជីវភាពរបស់ពលរដ្ឋនឹងបានប្រសើរជាងឆ្នាំកន្លងទៅ ដោយសារពួកគាត់ភាគច្រើនប្រកបរបដាំដំឡូងមី ដែលមានផ្ទៃដីសរុបប្រមាណ ៧ពាន់ហិកតារ ហើយគិតត្រឹមថ្ងៃទី២៥ កុម្ភៈកសិករប្រមូលផលដំឡូងអស់ប្រហែល ៨០ភាគរយ ហើយនៅសល់ ២០ភាគរយទៀតមួយចំនួនកំពុងប្រមូលផល និងទុកដើមសម្រាប់ធ្វើពូជដាំដុះបន្តទៀត។ លោកអះអាងទៀតថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកជាធម្មតាដូចឆ្នាំមុនៗ ដែរ ដោយមិនមានការកើនឡើងដូចការលើកឡើងរបស់ប្រជាពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលនោះឡើយ៖ «អ្នកចំណាកស្រុកគាត់ចេញទៅធ្វើការក្រៅវាជាអាជីពរបស់ពួកគាត់ ហើយសម្រាប់ស្រុកអន្លង់វែងបើជាតួលេខយើងឃើញមានច្រើន តែតាមពិតចំណាកស្រុករបស់គាត់ទៅធ្វើការព្រំដែនប្រទេសថៃទៅព្រឹកហើយវិលល្ងាចមួយចំនួនធំ។ ដូច្នេះការបារម្ភរឿងចំណាកស្រុកអីអត់មានទេ មានតែយើងអំពាវនាវឲ្យអ្នកចំណាកស្រុកត្រឡប់មកវិញ ឥឡូវតម្លៃពលកម្មនៅក្នុងអាចខ្វះខាត ព្រោះកម្មករដែលធ្វើចម្ការស្វាយ និងដកដំឡូងមីអីចង់ពិបាករកកម្មករធ្វើមិនមានផង»។

ទោះជាយ៉ាងណាកាលពីថ្ងៃទី១៣ កុម្ភៈ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក ហង្ស ជូនណារ៉ុន ថ្លែងថា នៅខេត្តជាប់ព្រំដែនថៃ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តឧត្ដរមានជ័យ ដែលកុមារបោះបង់ការសិក្សាចំនួន ២៣ភាគរយ គឺចំនួនដែលខ្ពស់ជាងគេបើធៀបនឹងបណ្ដាខេត្តផ្សេងទៀតនៅទូទាំងប្រទេស ដោយសារគ្រួសារក្រីក្រ ហើយឪពុកម្ដាយធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តឧត្ដរមានជ័យលោក ស្រី ណារ៉េន មានប្រសាសន៍ថា នៅតាមឃុំមួយចំនួនក្នុងខេត្តមួយនេះស្ងាត់មិនសូវមានប្រជាពលរដ្ឋនៅផ្ទះដួចឆ្នាំមុនៗ នោះទេ។លោកអះអាងថា ចាប់តាំងពីចុងឆ្នាំ២០១៨ មក ភូមិខ្លះស្ងាត់រហូតដល់លោកចុះអប់រំវិធីការយល់ដឹងផ្នែកសិទ្ធិមនុស្សនៅតាមមូលដ្ឋានស្ទើរតែរកពលរដ្ឋចូលរួមមិនបាន ១០នាក់ផង ដោយសារពួកគាត់ធ្វើចំណាកស្រុក។ លោកបញ្ជាក់ទៀតថា ការធ្វើចំណាកស្រុកនេះបណ្ដាលមកពីដំណាំដាំដុះរបស់កសិករឆ្នាំនេះមិនសូវបានផល និងបញ្ហាខ្វះដីដាំដុះ ជាពិសេសពលរដ្ឋមានទំនាស់ដីធ្លីរ៉ាំរ៉ៃដែលអាជ្ញាធរមិនទាន់ដោះស្រាយ គឺពួកគាត់ធ្វើចំណាកស្រុកច្រើនជាងគេ៖ «ប្រជាពលរដ្ឋមួយចំនួនពេលដែលធ្វើការទាក់ទងរឿងកសិកម្មរបស់គាត់ គាត់ត្រូវទៅខ្ចីលុយពីធនាគារ ហើយធម្មតាធនាគារគេរកផលប្រយោជន៍របស់គេ ដូច្នេះគេយកការប្រាក់ ហើយបើគាត់ធ្វើកសិកម្មមិនបានផល ដូច្នេះកសិផលដែលទទួលបានក៏មិនរួចនឹងតម្លៃ ដែលគាត់ខ្ចីធនាគារ ហើយពួកគាត់ត្រូវតែបង្ខំចិត្តទៅរកការងារធ្វើនៅប្រទេសថៃ និងតំបន់ផ្សេងៗ ដើម្បីយកតម្លៃពលកម្មមកសងធនាគារវិញ»។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ដើម្បីដ្រោះស្រាយបញ្ហានេះ លុះត្រាតែអាជ្ញាធរពាក់ព័ន្ធបង្កើតប្រព័ន្ធធារាសាស្ត្រនៅតាមឃុំឲ្យបានច្រើន ដើម្បីកសិករយកទឹកដាំដុះបានទាំងរដូវប្រាំងនិងរដូវវស្សា ព្រោះសព្វថ្ងៃកសិករដាំដុះបានតែមួយរដូវ ដោយពួកគាត់រំពឹងទៅលើតែទឹកភ្លៀងក្នុងការស្រោចស្រពផលដំណាំ។ លោកថារដ្ឋាភិបាលក៏ត្រូវជួយរកទីផ្សារសម្រាប់លក់កសិផលរបស់កសិករឲ្យមានតម្លៃប្រសើរជាងបច្ចុប្បន្ន ហើយត្រូវរឹតបន្តឹងការនាំចូលបន្លែផ្លែឈើដែលកសិករក្នុងស្រុកដាំដុះបាន និងជួយដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋដើម្បីពួកគាត់បានដីដាំដុះឲ្យបានគ្រប់គ្នា ដោយមិនមានការភ័យខ្លាចអ្នកមានលុយមានអំណាចបណ្ដេញពួកគាត់ចេញពីដីដូចសព្វថ្ងៃទៀត៕

website_news/2019280202.txt · Last modified: 2019/02/28 14:57 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki