website_news:2019280204

អាស៊ានបញ្ជ្រាបបញ្ហាជួញដូរមនុស្ស ដល់សិស្សនិស្សិតកម្ពុជា

http://m.freshnewsasia.com/ 2019-02-28

(ភ្នំពេញ)៖ បញ្ហាប្រឈមចំពោះប្រជាជនអាស៊ាន ដែលកើតចេញពីបទល្មើសជួញដួរមនុស្សនៅតែជាក្ដីព្រួយបារម្ភ សម្រាប់អាស៊ានទាំងមូល ទោះបីកិច្ចខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងនោះ ត្រូវបានធ្វើឡើងយ៉ាងសកម្មក៏ដោយ។ ដើម្បីចូលរួមចំណែកបញ្ជ្រាបបញ្ហាខាងលើ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានរៀបចំកិច្ចប្រជុំគំរូបែបអាស៊ានដ៏ធំមួយនៅ AUPP ចាប់ពីថ្ងៃទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលមានការចូលរួមពីសំណាក់សិស្ស-និស្សិតជាង១០០នាក់ មកពីសាកលវិទ្យាល័យ និងវិទ្យាល័យនានាចំនួន១៦ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំអាស៊ាននេះបានធ្វើឲ្យសិស្ស-និស្សិត ទទួលបាននូវចំណេះដឹងកាន់តែស៊ីជម្រៅអំពីបញ្ហាជួញដូរមនុស្ស។ កិច្ចប្រជុំនេះក៏ដើរតួនាទីលើកទឹកចិត្តឱ្យអ្នកចូលរួមបើកចិត្តទូលាយ ចែករំលែកគោលគំនិត ទស្សនៈ និងបទពិសោធន៍របស់ពួកគេ។

លោក យៀប សំណាង ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅអាស៊ាន បានថ្លែងថា «ប្រជាជនវ័យក្មេង អាស៊ានមិនត្រឹមតែរួមចំណែកដល់គ្រប់ដំណាក់កាល នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ ថែមទាំងជម្រុញកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ និងផ្នែកផ្សេងទៀតនៃពិភពលោក»។

និស្សិត AUPP ឆ្នាំទី៤ ផ្នែកកិច្ចការទូទៅ (Global Affairs) កញ្ញា ហៃ ចរិយា បានថ្លែងថា «ខ្ញុំចាប់ផ្តើមចូលរួមក្នុងកម្មវិធីកិច្ចប្រជុំគំរូអាស៊ានដំបូងក្នុងឆ្នាំ២០១៧ នៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន ក្រោមការរៀបចំដោយអង្គការ ASEAN Foundation»។ កញ្ញាចរិយា បានបន្តថា៖ «បទពិសោធន៍ដែលខ្ញុំទទួលបានជំរុញឲ្យនាងខ្ញុំ ស្វែងយល់បន្ថែមអំពីកម្មវិធី ហើយចង់ចែករំលែកដល់និស្សិតផ្សេងទៀត ដូច្នេះខ្ញុំ និង និស្សិតដ៏ទៃទៀតនៅ AUPP បានសហការគ្នារៀបចំកម្មវិធីនេះនៅឆ្នាំ២០១៨ និងបន្តមកឆ្នាំ២០១៩ ក្រោមការជួយជ្រោមជ្រែងពី AUPP Community»។

របាយការណ៍របស់ក្រសួងមហាផ្ទៃ បានបង្ហាញថាប្រជាពលរដ្ឋខ្មែរ បានចេញទៅធ្វើការនៅប្រទេសថៃមានចំនួនជាង១លាននាក់ក្នុងនោះ មានពលករជាង៣០ម៉ឺននាក់ នៅមិនទាន់មានឯកសារស្របច្បាប់នៅឡើយ ដែលករណីនេះ គឺជាហានិភ័យខ្ពស់ នៃកំណើនជួញមនុស្ស និងធ្វើឱ្យស្ត្រីក្លាយជាគោលដៅនៃការបំពានផ្លូវភេទ។

AUPP គឺជាសាកលវិទ្យាល័យតែមួយគត់ នៅក្នុងប្រទេសកម្ពុជាដែលបានផ្តល់សញ្ញាប័ត្រ និង បរិញ្ញាប័ត្រជាន់ខ្ពស់(អនុបណ្ឌិត) ពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។ សិស្សដែលបញ្ចប់ ការសិក្សាពី AUPP នឹងទទួលបានសញ្ញាប័ត្រទ្វេមានន័យថាសញ្ញាបត្រមួយចេញដោយ AUPP និងមួយទៀតចេញដោយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដែលមានការទទួលស្គាល់ជាសាកល៕

website_news/2019280204.txt · Last modified: 2019/02/28 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki