website_news:2019280303

ពលករដែលកាន់ប័ណ្ណព្រំដែនចាប់ផ្តើមវិលត្រឡប់តែអាណិតកុមាតូចៗបាត់បង់ការសិក្សា

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ០៩:០៦ ម៉ុត សារុន

បន្ទាយមានជ័យ ៖ ២ថ្ងៃចុងក្រោយនេះ ពលករកាន់ប័ណ្ណព្រំដែនហៅថា Border Pass ដែលទៅធ្វើការលើទឹកដីថៃ តាមខេត្តជាប់ព្រំដែនបានសម្រុកវិលត្រឡប់មកស្រុកកំណើតវិញជាបន្តបន្ទាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប៉ុន្តែអ្វីដែលគួរអនិច្ចា គឺកុមាតូចៗត្រូវបាត់បង់ការសិក្សាស្ទើរទាំងស្រុង ។ ជាមួយឥវ៉ាន់សំពីងសំពោងមានឆ្នាំងចាន និងកន្ទេលមុងភួយជាលក្ខណៈគ្រួសារពលករវិលត្រឡប់ពីថៃដែលគ្រួសារខ្លះមានកូនរួមដំណើររហូត៣នាក់ ខ្លះម្នាក់ដែលអះអាងថា ពួកគាត់វិលត្រឡប់ពីស៊ីឈ្នួលធ្វើការឲ្យគេក្នុងខេត្តស្រះកែវ ដូចជា ដកដំឡូង កាប់អំពៅ និងផ្សេងៗទៀត ។ ពួកគាត់បន្តថា បានប្រើប្រាស់ប័ណ្ណព្រំដែន Border Pass សម្រាប់ឆ្លងទៅមកដីថៃរកការងារធ្វើ ហើយអ្នកខ្លះថា ធ្លាប់ទៅមក៣ទៅ៤ឆ្នាំមកហើយ ។ ពេលសាកសួររឿងកុមាតូចៗពួកគាត់ឆ្លើយតបថា កូនៗមិនបានចូលសាលាទេ ហើយបញ្ជាក់យ៉ាងខ្លីថា ដោយសារកត្តាជីវភាពក្រីក្រ ខណៈគ្រួសារខ្លះមានទាំងកូនតូចបំបៅដោយទឹកដោះតាមខ្លួនថែមទៀត ។

បុរសឈ្មោះ កែវ សុភា វ័យ៤៥ឆ្នាំ មានទីលំនៅក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម ប្រាប់ថា គាត់វិលត្រឡប់ពីធ្វើការនៅខេត្តស្រះកែវ ប្រទេសថៃ ជាលក្ខណៈគ្រួសារជាមួយកូនស្រីម្នាក់អាយុ១២ឆ្នាំ ដោយកូនស្រីគាត់មិនបានចូលរៀនទេ ព្រោះតែជីវភាពខ្វះខាត ម្យ៉ាងនៅឯស្រុកកំណើតមិនមានការងារធ្វើ ។

ដោយឡែកស្ត្រីឈ្មោះ ស៊ុន ស៊ន អាយុ២៤ឆ្នាំ មកពីស្រុកសន្ទុកខេត្តកំពង់ធំប្រាប់ថា នាងមកពីធ្វើការលើទឹកដីថៃជាលក្ខណៈគ្រួសារ មានកូន២នាក់ ដោយកូនច្បងមិនបានចូលរៀនដូចគ្នា ។ ស្ទើគ្រប់ពលករប្រាប់ថា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយជាតិក្នុងខែមេសា ពួកគាត់និងត្រឡប់ទៅធ្វើការលើទឹកដីថៃវិញ ។ ពួកគាត់ថា ការវិលត្រឡប់មកស្រុកកំណើតឆ្នាំនេះ គឺសមត្ថកិច្ចខ្មែរ-ថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខ្លងលឹកមិនយកកម្រៃអ្វីឡើយ ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែតម្នាក់ប្រាប់តាមបណ្តាញសង្គមវ៉សអាប់ថា យោងតាមគោលការណ៍ណែនាំរបស់ថ្នាក់លើ លោកខឹម ចិត្រា ដែលជានាយប៉ុស្តិ៍បានណែនាំដល់កម្លាំងក្រោមឱវាទត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលឆ្លងកាត់ព្រំដែន និងសម្រួលរាល់ដំណើរវិលត្រឡប់របស់ពលករខ្មែរពីថៃ ដោយមិនតម្រូវឲ្យយកប្រាក់ឡើយ ។ មន្ត្រីដដែលបញ្ជាក់ថា ពលករដែលទៅធ្វើការតាមបណ្តាខេត្តក៏ដូចជា ក្រុងបាងកក ប្រទេសថៃ ដែលកាន់លិខិតឆ្លងដែនការងារមកទល់ពេលនេះពុំទាន់មានការវិលត្រឡប់មកស្រុកកំណើតនៅឡើយទេ ហើយអះអាងថា មានតែពលករកាន់ប័ណ្ណព្រំដែនហៅថា Border Passតែប៉ុណ្ណោះដែលវិលត្រឡប់ ៕

website_news/2019280303.txt · Last modified: 2019/03/28 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki