website_news:2019280304

កម្ពុជា-ជប៉ុន ចុះអនុស្សរណៈ ស្តីពីការបញ្ជូនពលករ ខណៈ ជប៉ុនចង់បានពលករ ជំនាញខាងថែទាំមនុស្ស ចាស់ខ្លាំងជាងគេ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៩ ម៉ោង ០៧:៤០ គុច ណារ៉េន

រាជធានីភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេវារកការងារធ្វើជូនប្រជាពលរដ្ឋតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ សម្រាប់ការងារក្នុងប្រទេស និងតាមរយៈទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់សម្រាប់ការងារនៅក្រៅប្រទេស យ៉ាងហោចណាស់មានពលករខ្មែរ ធ្វើការនៅបរទេសមានចំនួនប្រមាណជាង ១.២ លាននាក់ ដែលក្នុងនោះ មានកម្មសិក្សាការីខ្មែរ បំរើការងារនៅប្រទេសជប៉ុន មានប្រមាណជិត៧ពាន់នាក់ ។

ជាថ្មីម្តងទៀត កម្ពុជានិងជប៉ុន បានចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន រវាង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅក្រសួងយុត្តិធម៌ ប្រទេសជប៉ុន ក្រោមវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា លោក អ៊ិត សំហេង និងលោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន ។ ដែលពិធីចុះហត្ថលេខានេះ ធ្វើឡើងរវាងលោក សេង សក្តា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការងារ និងលោកជំទាវ Shoko SASAKI អគ្គនាយកអន្តោប្រវេសន៍ជប៉ុន។

លោក Takashi YAMASHITA រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន បានលើកឡើងថា កាលពីឆ្នាំកន្លងទៅ កម្ពុជា-ជប៉ុន បានប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥នៃទំនាក់ទំនងការទូតកម្ពុជាជប៉ុន ហើយការចុះអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការស្តីពីពលករជំនាញនាថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩ ជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ ពីទំនាក់ទំនងដ៏ស្អិតរមួត រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ។ លោក អ៊ិត សំហេង បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារបច្ចេកទេសនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលបានខិតខំសហការគ្នា ប្រកបដោយការទទួលខុសត្រូវខ្ពស់ នាពេលកន្លងមករហូតឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ។ រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ ១១,០០០ ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត៧ពាន់នាក់។

លោក អ៊ិត សំហេង មានប្រសាសន៍បញ្ជាក់ថា «តាមរយៈអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការនេះ ពលករជំនាញកម្ពុជានឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចាប់យកឱកាសមាសនេះ ដើម្បីជាផលប្រយោជន៍សម្រាប់ខ្លួនឯងផង សម្រាប់កម្ពុជាផង ក៏ដូចជាចូលរួមចំណែកដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មរបស់ជប៉ុន ជាពិសេសសម្រេចឱ្យបាននូវចក្ខុវិស័យគ្រប់ជ្រុងជ្រោយជាយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ » ។ សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានធ្វើវិសោធនកម្មច្បាប់ស្តីពីការទទួលជនភៀសខ្លួន និងការគ្រប់គ្រងជនអន្តោប្រវេសន៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ ដោយបង្កើតទិដ្ឋាកាការងារថ្មីចំនួន២ប្រភេទគឺ «ពលករជំនាញ១» និង «ពលករជំនាញ២» ។ ច្បាប់នេះនឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩។ ដោយឡែកប្រព័ន្ធបញ្ជូនកម្មសិក្សាការីនៅអនុវត្តដដែល។

ជប៉ុនគ្រោងទទួលយកពលករជំនាញទាំង ២ ប្រភេទ ពីប្រទេសចំនួន៨ រួមមាន កម្ពុជា ចិន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី ថៃ មីយ៉ាន់ម៉ា និងនេប៉ាល់ ចំនួន ៣៤៥,១៥០នាក់ ក្នុងរយៈពេល៥ឆ្នាំដំបូងក្នុងនោះ ៖ ពលករជំនាញសម្រាប់ការងារចំនួន១៤ប្រភេទ រួមមានផ្នែកថែទាំមនុស្សចាស់ ការសំអាតអាគារ ការផលិតគ្រឿងបន្លាស់ ការផលិតគ្រឿងម៉ាស៊ីន ការផលិតគ្រឿងអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ការងារសំណង់ ការផលិតនាវា ការជួសជុល និងតម្លើងរថយន្ត ការងារអាកាសចរណ៍ ការរៀបចំបន្ទប់ស្នាក់នៅ កសិកម្ម នេសាទ និងវារីវប្បកម្ម ការផលិតអាហារនិងភេសជ្ជៈ និងការងារនៅភោនីយដ្ឋាន។ សូមបញ្ជាក់ថា កម្ពុជាជាប្រទេសទី២ ដែលបានចុះអនុស្សារណៈនេះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីហ្វីលីពីនដែលបានចុះនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ។

បើតាម លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ឲ្យដឹងថាតាមរយៈ MoU ថ្មីនេះ គឺមានន័យថា «កម្មសិក្សាការី ដែលស្របច្បាប់អាចក្លាយទៅជាពលករជំនាញកំរឹត១ ប្រសិនជាជំនាញដែលកម្មសិក្សាការីកំពុងធ្វើបច្ចុប្បន្នស្ថិតនៅក្នុងចំណោមជំនាញទាំង១៤ ដែលជប៉ុនអនុញ្ញាត។ បងប្អូននឹងអាចបន្តធ្វើការជាពលករជំនាញនៅជប៉ុនបាន ៥ឆ្នាំថែមទៀត »។ លោកបានបន្តថា យោងតាមច្បាប់អន្តោ ប្រវេសន៍ថ្មីរបស់ជប៉ុន ជនបរទេសដែលទៅប្រទេសជប៉ុនជារូបភាពទេសចរណ៍ ឬជាកម្មសិក្សាការី ហើយគេចខ្លួនខុសច្បាប់ រួចស្នើសុំសិទ្ធស្នាក់នៅជប៉ុនជាបន្តក្រោមហេតុផលជនភៀសខ្លួននយោបាយ ឬហេតុផលផ្សេងៗ គឺនឹងមិនត្រូវបានអនុញ្ញាតិឲ្យធ្វើការទៀតឡើយ។ ហេតុដូច្នេះដើម្បីការងារយូរអង្វែង សូមបងប្អូនដែលមានបំណងទៅធ្វើការនៅជប៉ុនជាកម្មសិក្សាការីក្តី ឬជាពលករជំនាញក្តី ព្យាយាមធ្វើជាកម្មសិក្សាការីស្របច្បាប់ កុំជឿតាមការអូសទាញរបស់មេខ្យល់ដែលអាចធ្វើឲ្យខូចអនាគតយូរអង្វែងរបស់ខ្លួន ។

សូមរម្លឹកថា លោក MIZUI Kenta នាយករងនៃការិយាល័យគោលនយោបាយសុខាភិបាលនៃខុទ្ទកាល័យលេខាធិការដ្ឋានសម្រាប់សុខភាព និងសុមាលភាពអាស៊ី ធ្លាប់បានប្រាប់សារព័ត៌មានកោះសន្តិភាពថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះ MOU សម្រាប់ការចាប់ផ្ដើមអនុវត្តកិច្ចសហប្រតិបត្តិការរយៈពេល៥ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២ ដែលក្នុងនោះកម្ពុជានឹងបញ្ជូនកម្មសិក្សាការីរបស់ខ្លួនទៅធ្វើកម្មសិក្សា និងបម្រើការងារនៅប្រទេសជប៉ុន លើវិស័យការថែទាំមនុស្សចាស់ ។ សម្រាប់ការងារថែទាំមនុស្សចាស់ ជប៉ុនគឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មសិក្សាការីបរទេស ដោយការផ្តល់ជាប្រាក់បៀរវត្សជាធម្យម ១៤៣០០០ យ៉េន (ប្រមាណជាង ១៣០០ដុល្លារ) ក្នុងមួយខែសម្រាប់ឆ្នាំទី១ បន្ទាប់មកទៀតប្រាក់បៀរវត្សនឹងឡើងដល់ចំនួនប្រមាណជា ១៣៧៤ ដុល្លារក្នុង១ខែ និងឆ្នាំទី៣ ទទួលបានប្រមាណជាង ១៣៩៤ ដុល្លារសហរដ្ឋអាមេរិកក្នុង១ខែ ៕

website_news/2019280304.txt · Last modified: 2019/03/28 15:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki