website_news:2019280305

ប្រាក់ខែនៅប្រទេសជប៉ុន ជំនាញផ្នែកគិលានុបដ្ឋាកខ្ពស់ជាងជំនាញដទៃ

http://bayontv.com.kh/ 27/03/2019

ភ្នំពេញ៖ តាមការបញ្ជាក់របស់ក្រុមហ៊ុនឯកជនក្នុងស្រុក បានឲ្យដឹងថា ប្រាក់ខែដែលពលករខ្មែរបម្រើការងារនៅក្នុងប្រទេសជប៉ុន ជំនាញផ្នែកគិលានុបដ្ឋាក គឺខ្ពស់ជាងជំនាញផ្នែកដទៃ ដូចជាខាងផ្នែកឧស្សាហកម្ម កសិកម្ម វេចខ្ចប់ និងផ្នែកសំណង់ជាដើម។ លោកស្រី យោគ សិរីសុភ័ស្ស ប្រធានក្រុមហ៊ុននាំពលករខ្មែរទៅធ្វើការនៅប្រទេសជប៉ុន ជេអ៊ិលអេស(JLS) បានមានប្រសាសន៍ប្រាប់ នៅល្ងាចថ្ងៃទី២៦ មីនា ឆ្នាំ២០១៩ថា ជាមធ្យមប្រាក់ខែរបស់ពលករជំនាញផ្នែកគិលានុបដ្ឋាក ទទួលបានប្រមាណ១.៦០០ដុល្លារអាមេរិក ដែលជំនាញដទៃផ្សេងទៀតចន្លោះពី១.២០០ ឬ១.៣០០ដុល្លារប៉ុណ្ណោះ។ ចំពោះលក្ខខណ្ឌនិងនីតិវិធីដែលពលករខ្មែរអាចមានសិទ្ធិ និងអាចជាប់ទៅបំពេញការងារនៅប្រទេសជប៉ុនបាន គឺទាមទារចាំបាច់ឲ្យបុគ្គលត្រូវចេះភាសាជប៉ុន និងត្រូវមានអាយុចាប់ពី១៨ ដល់៤០ឆ្នាំ។ ដោយមើលឃើញពីតម្រូវការការងារ ក៏ដូចជាធ្លាប់មានបទពិសោធន៍យូរឆ្នាំនៅប្រទេសជប៉ុនលើជំនាញផ្នែក គិលានុបដ្ឋាក លោកស្រីប្រធានបានឲ្យដឹងទៀតថា សម្រាប់ក្រុមហ៊ុន ជេអ៊ិលអេស រាល់សំណុំបែបបទនិងថ្លៃធ្វើដំណើរទាំងអស់ គឺមិនតម្រូវឲ្យប្រាក់ឡើយ (អ្នកមានបំណងចង់ធ្វើការនៅជប៉ុន)។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា និងក្រសួងយុត្តិធម៌នៃប្រទេសជប៉ុន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ ការបញ្ជូនពលករជំនាញទៅធ្វើការនៅប្រទេសជប៉ុន ដែលនេះជាដំណឹងល្អមួយកម្រិតទៀតដល់ពលករកម្ពុជា។ គិតមកទល់បច្ចុប្បន្នប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនមានចំនួនប្រមាណ ១ម៉ឺន ១ពាន់នាក់ ក្នុងនោះកម្មសិក្សាការីមានប្រមាណជិត៧ពាន់នាក់៕

website_news/2019280305.txt · Last modified: 2019/03/28 15:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki