website_news:2019280502

ពលរករខ្មែរឆ្លងដែនទៅថៃមិនស្របច្បាប់មានជាង៧០ភាគរយ ខណៈពលករសរុបជាង១លាននាក់

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ ម៉ោង ១៤:៥២ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអះអាងពលករខ្មែរដែលលួចឆ្លងដែនទៅប្រទេសថៃ ដោយប្រថុយនឹងគ្រោះថ្នាក់ដោយសារពួកគាត់មានជីវភាពខ្វះខាតក្នុងនោះស្មើ៧០ភាគរយ ក្នុងចំណោមពលករសរុបជាង១លាននាក់ ។ ការលើកឡើងពីបញ្ហាឆ្លងដែនរបស់ពលករខ្មែរទៅថៃដោយខុសច្បាប់នេះត្រូវលើកឡើងក្នុងកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធកម្ពុជាថៃ ដើម្បីពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍ កាលនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ ។

លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្ស (គ.ជ.ប.) បានលើកឡើងពីស្ថានភាពសិទ្ធសេរីភាពជីវភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា និងអំពើជួញដូរមនុស្សនៅកម្ពុជាទៅដល់ភាគីថៃជាពិសេសការចំណាក់ស្រុកឆ្លងដែនរបស់ប្រជាពលរដ្ឋកម្ពុជាចូលទៅប្រទេសថៃនាពេលកន្លងមក និងបន្តដល់បច្ចុប្បន្នផងដែរ ។ លោកស្រីបានបញ្ជាក់ថា «ស្ថានភាពពលរដ្ឋកម្ពុជាឆ្លងដែនចូលក្នុងប្រទេសថៃមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ហើយចំពោះការឆ្លងដែនដោយមិនស្របច្បាប់ គឺដោយសារពួកគាត់មានជីវភាពខ្វះខាត ហើយធ្វើការចំណាក់ស្រុកឆ្លងដែនផ្សងព្រេងទាំងប្រថុយគ្រោះថ្នាក់ ដើម្បីចូលទៅស្វែងរកការងារធ្វើនៅក្នុងប្រទេសថៃ» ។ ជាមួយគ្នានោះដែរលោកស្រីក៏បានបន្ថែមថា ចំនួនពលរដ្ឋកម្ពុជាចំណាកស្រុកចូលទៅក្នុងប្រទេសថៃគិតត្រឹមឆ្នាំ២០១៤កន្លងទៅមានចំនួន ១,៨៣០,០០ នាក់ (មួយរយប៉ែតសិនបីពាន់នាក់) ។

ដោយឡែកពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្នកើនចំនួនជាងមួយលាននាក់ ក្នុងនោះស្របច្បាប់មាន៦០ភាគរយ និងមិនទាន់ស្របច្បាប់៧០ភាគរយ ។ ក្នុងកិច្ចប្រជុំនោះដែរភាគីថៃបានថ្លែងការកោតសរសើរខ្ពស់ចំពោះកិច្ចសហការរបស់ភាគីកម្ពុជាកន្លងមក ហើយបានបន្តយកចិត្តទុកដាក់មកដល់បច្ចុប្បន្ន ។ ភាគីថៃក៏បានស្នើឲ្យភាគីកម្ពុជាចូលរូមសហការលើចំនួនសំខាន់ គឺការងារចំណាកស្រុកឆ្លងដែន និងអំពើជួញដូរមនុស្សការងារបណ្តុះបណ្តាលវិស័យអប់រំ និងវិស័យការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលសម្រាប់យកទៅអនុវត្តបន្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងតំបន់ផ្លាស់ប្តូរនូវព័ត៌មានថ្មីៗពីគ្នាក៏ដូចជា ការពង្រឹងស្ថាប័ននៃប្រទេសបញ្ជូន និងប្រទេសទទួលពលករផងដែរ ។ សូមបញ្ជាក់ថា កិច្ចប្រជុំពង្រឹងកិច្ចសហការរវាងកម្ពុជា និងថៃនេះធ្វើឡើងដើម្បីបង្កើនកិច្ចសន្ទនាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសកម្ពុជា និងប្រទេសថៃ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធ និងការអនុវត្តគោលនយោបាយទាក់ទងនឹងការលើកម្ពស់ការធ្វើចំណាកស្រុកដោយស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា ៕ កែសម្រួលដោយ ៖ សុឃាក់

website_news/2019280502.txt · Last modified: 2019/05/28 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki