website_news:2019280503

កុមារកម្ពុជាដែលតាមឱពុកម្តាយទៅរស់នៅស្រុកថៃទទួលបានការសិក្សាពីរដ្ឋាភិបាលថៃរយៈពេល១៥ឆ្នាំមិនគិតប្រាក់

http://bayontv.com.kh/ 27/05/2019

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានកំពុងបន្តពិភាក្សាគ្នាអំពីបញ្ហាកុមារកម្ពុជា ដែលបានទៅតាមឱពុកម្តាយរបស់ពួកគេរស់នៅ និងធ្វើការចំណាក់ស្រុកនៅប្រទេសថៃ ដោយការពិភាក្សានេះគឺនឹងត្រូវផ្តល់ឱកាសឲ្យកុមារកម្ពុជា ដែលកំពុងនៅទីនោះទទួលបានការសិក្សារយៈពេល១៥ឆ្នាំដោយមិនគិតប្រាក់សូម្បីតែមួយរៀល។

យោងតាមការសិក្សារបស់ភាគីកម្ពុជា និងភាគីថៃបានអះអាងថា កុមារកម្ពុជាយ៉ាងតិច ចំនួន១០ភាគរយដែលកំពុងរស់នៅជាមួយឱពុកម្តាយរបស់ពួកគេនៅប្រទេសថៃ ដោយកុមារ ទាំងនោះប្រឈមនឹងមិនចេះអក្ស គ្មានសញ្ជាតិច្បាស់លាស់ ហើយភាគច្រើនពួកគេនឹងធ្វើការដោយមិនសូវមានជំនាញដូចឱពុកម្តាយរបស់ពួកគេយ៉ាងដូច្នេះដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធកម្ពុជា-ថៃ ដើម្បីពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះនាទីស្តីការក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុនអេង អនុប្រធាននអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា រដ្ឋាភិបាលថៃនឹងផ្តល់ការសិក្សាដល់កុមារកម្ពុជារយៈពេល១៥ឆ្នាំ ប៉ុន្តែការផ្តល់នេះគឺផ្តល់សម្រាប់កុមារណា ដែលទៅតាមឱពុកម្តាយរបស់ពួកគេដែលជាទេសន្តរប្រវេសន៍ស្របច្បាប់ ប៉ុណ្ណោះ។ លោកជំទាវបានបញ្ជាក់ឲ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះពលករកម្ពុជាប្រមាណជាង មួយលាននាក់កំពុងស្នាក់នៅជាទេសន្តរប្រវេសន៍នៅប្រទេសថៃ ហើយក្នុងនោះមានកុមារ ដែលកើតនិងរស់នៅជាមួយឱពុកម្តាយរបស់ពួកគេចាប់ពី៦ទៅ១០ភាគរយ ហើយភាគច្រើនពួកគេមិនចេះអក្សហើយមិនចេះនិយាយភាសាដើមកំណើតពួកគេនោះឡើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនោះដែរលោក ស៊ុពុង ស្រាវឿន(Sompong Sravaen)ដែលជាស្ថាបនិក និងនាយកមូលនិធិបណ្តាញជម្រុញសិទ្ធិការងាររបស់ថៃ បានឲ្យដឹងផងដែរថា ការដែលផ្តល់ឱកាសឲ្យកុមារកម្ពុជាទទួលបានការសិក្សានេះគឺក្រោយពីរដ្ឋាភិបាលថៃ បានសង្កេតឃើញកុមារកម្ពុជាជាច្រើនមិនបានទទួលការសិក្សា ហើយមិនចេះនៅភា សាដើមកំណើតខ្លួន ហើយមួយវិញទៀតដោយគ្មានការចេះដឹងនេះពួកគេទទួលរងគ្រោះពីការជួញដូរផងដែរ។

យ៉ាងណាក៏ដោយភាគីទាំងពីរមិនទាន់បានកំណត់ពេលវេលាច្បាស់លាស់ ក្នុងការចុះអនុស្សរណៈ (MOU)ជាមួយគ្នាលើគម្រោងនេះទេគ្រាន់តែអះអាងថានឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ៕

website_news/2019280503.txt · Last modified: 2019/05/28 12:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki