website_news:2019280504

នគរបាលជាតិកម្ពុជានិងនគរបាលជាតិបារាំង ពង្រឹងសមត្ថភាពដល់កងកម្លាំងនគរបាលជាតិកម្ពុជា

http://cambodiapolice.com/policekh/ 2:44 pm 27 ឧសភា 2019

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ អគ្គស្នងការនគរបាលជាតិ និងនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិនៃក្រសួងមហាផ្ទៃបារាំង បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រយុទ្ធប្រឆាំងការរំលោភបំពាន លើអនីតិជន ដើម្បីពង្រឹងសមត្ថភាពដល់កងកម្លាំងនគរបាលជាតិក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសរំលោភ បំពានលើអនីតិជន ប្រកបដោយប្រសិទ្ធភាព ដែលជាចំណែកមួយក្នុងការលើកតម្កើនសុខសុវត្ថិភាពសង្គម នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង លីដា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដែលតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ គ្រូបង្គោលជនជាតិបារាំងលោក SEBASTIEN WONG, វរសេនីយ៍ត្រីបារាំង លោកOlivier LEFEBVRE និងមន្ត្រីជាន់ខ្ពស់នគរបាលជាតិជាច្រើននាក់ រួមទាំងស្នងការ និងស្នងការរង តាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។

មានមតិសំណេះសំណាលក្នុងនាឱកាសនោះ លោក OLIVIER LEFEBVRE អនុព័ន្ធសន្តិសុខបារាំងប្រចាំទីក្រុង ហាណូយ បានថ្លែងបង្ហាញចំណាប់អារម្មណ៍ឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការរវាងមន្ត្រីអនុវត្តច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងបារាំង ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខេង លីដា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានមានប្រសាសន៍ ផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រង់ត្រាប់ស្តាប់គ្រូឧទ្ទេសនាម និងយកចំណេះជំនាញដែលទទួលបាន ទៅបង្ហាត់បង្រៀនបន្តដល់មន្ត្រីនគរបាលជំនាញតាមបណ្តាខេត្តរបស់ខ្លួន ។ វគ្គបណ្តុះបណ្តាលរយៈពេល៥ថ្ងៃនេះ មានសិក្ខាកាមចូលរួមក្នុងចំនួន២០រូប មកពីមន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន៥រូប, ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៥រួប, ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល២រូប, ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប២រូប, ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ២រូប, ពីស្នងការដ្ឋាននគរបាលខេត្តកំពត២រូប និងពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ២រូប៕

website_news/2019280504.txt · Last modified: 2019/05/28 12:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki