website_news:2019280602

តំបន់សេដ្ឋកិច្ចពិសេសមេគង្គប្ដេជ្ញាផ្ដល់ការងារសមរម្យដល់ពលការិនីចំណាកស្រុក

https://www.rfa.org/khmer/ ដោយ ម៉ៅ សុធានី 2019-06-27

សិក្ខាសាលា ២ថ្ងៃ រៀបចំដោយបណ្ដាញទេសន្តរប្រវេសក៍តំបន់មេគង្គ ហៅកាត់ថា MMN (Mekong Migration Network) និងវិទ្យាស្ថានបច្ចេកទេសអាស៊ី (Asian Institute of Technology -AIT) នៅទីក្រុងបាងកក ប្ដេជ្ញាថា នឹងគិតគូរពីស្ថានភាពរស់នៅសមរម្យដល់ពលការិនីចំណាកស្រុក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេគង្គ (Special Economic Zone-SEZ)។

សេចក្ដីថ្លែងការណ៍រួមរបស់អង្គការទាំងពីរ កាលពីថ្ងៃទី២៦ ខែមិថុនា ឱ្យដឹងថា ក្នុងអំឡុងសិក្ខាសាលា ២ថ្ងៃ ដែលបានចាប់ផ្តើម ពីថ្ងៃទី២០ ដល់២១ ខែមិថុនា អ្នកចូលរួមមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឬភូមា និងថៃ បានជជែកពិភាក្សាអំពីគម្រោងលើកស្ទួយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករ កម្រិតប្រាក់ខែអប្បបរិមា និងការផ្តល់កន្លែងមើលក្មេង ដល់ស្ត្រីជាមាតាជាដើម។ សេចក្ដីថ្លែងការណ៍បន្តថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញពីការរកឃើញរបស់អង្គការបណ្ដាញទេសន្តរប្រវេសក៍តំបន់មេគង្គ (MMN) និងវិទ្យាស្ថានបច្ចេកទេសអាស៊ី (AIT) ស្ដីពីបញ្ហាមួយចំនួន ដែលពលការិនីចំណាកស្រុកជួបប្រទះ រួមមាន កង្វះខាតទទួលបានព័ត៌មាន ការលំបាករបស់សហជីពក្នុងការជួយដោះស្រាយបញ្ហាកម្មករ និងពលករ ការចុះសួរសុខទុក្ខកម្មករក្នុងរោងចក្រ ព្រមទាំងស្ថានភាពរស់នៅដ៏លំបាករបស់ពួកគេជាដើម។ អង្គការទាំងពីរនេះ នឹងចេញរបាយការណ៍ពិស្ដារ ស្ដីពីរបកគំហើញនេះ នៅខែកក្កដា ខាងមុខ។

កាលពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៩ ដោយមានជំនួយឧបត្ថម្ភ ពីមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍អន្តរជាតិកាណាដា (Canada’s International Development Research Centre) អង្គការបណ្ដាញទេសន្តរប្រវេសក៍តំបន់មេ គង្គ (MMN) និងវិទ្យាស្ថានបច្ចេកទេសអាស៊ី (AIT) បានចុះស្រាវជ្រាវ និងស៊ើបអង្កេតដោយផ្ទាល់បីបញ្ហារបស់កម្មករកម្មការិនី និងស្ថានភាពការងាររបស់ពួកគេ នៅតំបន់សេដ្ឋកិច្ចពិសេសមេគង្គ ៤ទីតាំង គឺនៅតំបន់ធីឡាវ៉ា (Thilawa) ក្នុងប្រទេសមីយ៉ាន់ម៉ា តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅតំបន់ម៉ែនហាថាន (Manhattan) ក្នុងប្រទេសកម្ពុជា ព្រមទាំងនៅតំបន់សេដ្ឋកិច្ចពិសេស តាក់ (Tak) ក្នុងប្រទេសថៃ។ អ្នកស្រាវជ្រាវទាំងនោះ ក៏បានសាកសួរ អំពីស្ថានភាពការងាររបស់ពួកគេ ថាតើ ស្របតាមស្តង់ដារ របស់អង្គការអន្តរជាតិផ្នែកការងារ (ILO) ដែរឬទេ ជាពិសេស គឺផ្ដោតទៅលើសិទ្ធិការងារ និងបញ្ហាបរិស្ថានជាដើម។

នៅទន្ទឹមនេះដែរ អ្នកចូលរួមសិក្ខាសាលា ក៏បានសំណូមពរសុំឱ្យគិតគូរ អំពីការផ្ដល់ប្រាក់ខែសមរម្យ ដល់កម្មករនិងកម្មការិនី ទៅតាមជំនាញដែលពួកគេមាន។ អ្នកចូលរួម ក៏បានបង្ហាញក្តីបារម្ភថា បច្ចុប្បន្នពលករឬកម្មកររោងចក្រ ទទួលបានប្រាក់កម្រៃអប្បបរមា ប្រមាណ ១៧៥បាត ឬស្មើ ជិត៦ដុល្លារ ក្នុងមួយថ្ងៃ ហើយថា ប្រាក់កម្រៃនេះ គឺមានចំនួនតិចជាងប្រាក់កម្រៃអប្បបរិមា ដែលបានកំណត់ថា កម្មករ ឬពលករម្នាក់ៗ អាចទទួលបានប្រាក់កម្រៃយ៉ាងហោចណាស់ ជាង ៣១០បាត ឬស្មើ ១០ដុល្លារក្នុងមួយថ្ងៃ៕

website_news/2019280602.txt · Last modified: 2019/06/28 14:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki