website_news:2019280801

ការជួយសង្គ្រោះជនរងគ្រោះពីការរំលោភផ្លូវភេទ កើនជិត ១៥០%

https://www.postkhmer.com/ ឡុង គីមម៉ារីតា | Publication date 28 August 2019 | 08:43 ICT

ភ្នំពេញៈ នៅក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០១៩ នេះសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះពីការរំលោភបំពានផ្លូវភេទបានចំនួន ២៦៣ នាក់ គឺមានការកើនឡើងរហូតដល់ជិត ១៥០ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលបញ្ហានេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងសង្គមស៊ីវិលបានសម្តែងក្តីបារម្ភ ខណៈដែលជនរងគ្រោះក្នុងអំពើរំលោភបំពានផ្លូវភេទទាំងនោះភាគច្រើនគឺជាកុមារ។

លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងនៅក្នុងសិក្ខាសាលាស្តីអំពី «កិច្ចបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍» កាលពីម្សិលមិញថា ក្នុងវិស័យទេសចរណ៍ កម្ពុជាបានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ក្នុង ១ ឆ្នាំៗ ដែលនៅក្នុងនោះមានជនឆ្លៀតឱកាសមួយចំនួនបានប្រើប្រាស់វិស័យនេះក្នុងការកេងចំណេញផ្លូវភេទលើកុមារស្របពេលដែលកុមារកម្ពុជាមួយចំនួនធំខ្វះភាពកក់ក្តៅ ខ្វះការគ្រប់គ្រង និងការថែទាំដែលធ្វើឲ្យមានការបណ្តែតបណ្តោយក្នុងការស្វែងរកប្រាក់ចំណូលតាំងពីវ័យកុមារ។ បើទោះជាបែបនេះលោកស្រីលើកឡើងថាតាមកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចពាក់ព័ន្ធក្នុងរយៈពេល ៦ ខែ ក្នុងឆ្នាំនេះការទប់ស្កាត់អំពើជួញដូរមនុស្សមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលការបង្ក្រាបបទល្មើសមានចំនួន៧៨ ករណី ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ មានការកើនឡើងចំនួន ២៥ ភាគរយ។

ប៉ុន្តែលោកស្រី ប៊ុន អេង ថ្លែងថាចំនួននៃជនរងគ្រោះក៏មានការកើនឡើងគួរឲ្យមានការព្រួយបារម្ភផងដែរដែលទាមទារឲ្យមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា ខណៈដែលជនរងគ្រោះភាគច្រើនគឺជាកុមារ។ លោកស្រីបានបញ្ជាក់ថានៅដើមឆ្នាំ ២០១៩ នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ ចំនួន ៩៧ នាក់ ខណៈដែលរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨ បានចាប់ឃាត់ខ្លួន ៨៥ នាក់។ លើសពីនេះសមត្ថកិច្ចបាន «ឈានដល់ការជួយសង្គ្រោះជនរងគ្រោះបានចំនួន ២៦៣ នាក់បានន័យថាជនរងគ្រោះកើនខ្លាំងមែនទែន ខណៈឆ្នាំមុនជនរងគ្រោះមាន ១០៦ នាក់។ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ គឺកើនរហូតដល់ទៅ ១៤៨ ភាគរយ»។ លោកស្រីបន្ត៖ «ប៉ុន្តែអ្វីដែលយើងចាប់អារម្មណ៍គឺអនីតិជនក្នុងចំណោមជនរងគ្រោះទាំងនោះដែលមានអាយុក្រោម ១៥ ឆ្នាំមានរហូតដល់ទៅ ៧០ នាក់ និងចន្លោះពី ១៥ ទៅ ១៨ ឆ្នាំមាន ៣១ នាក់។ អ៊ីចឹងគ្រាន់តែជនរងគ្រោះជាអនីតិជនមានដល់ទៅ ១០១ នាក់ដែលជាតួលេខខ្ពស់ក្នុងការសង្គ្រោះជនរងគ្រោះរបស់យើងក្នុងដំណាក់កាលបង្ក្រាបនេះ»។ បើតាមលោកស្រី ជូ ប៊ុនអេង វិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនដោយក្នុងឆ្នាំ ២០១៨ មានភ្ញៀវទេសចរប្រមាណ៦ លាននាក់ ហើយចំនួននេះនឹងកើនឡើងរហូតដល់ ១២ លាននាក់ នៅឆ្នាំ ២០៥០ ខាងមុខ ដែលការកើនឡើងនេះក៏នាំឲ្យមានការកើនឡើងនូវហានិភ័យនៃអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារផងដែរ។ បើតាមក្រសួងមហាផ្ទៃមានភ្ញៀវទេសចរប្រមាណ ១៥ ម៉ឺននាក់ ក្នុង ១ ឆ្នាំៗបានធ្វើដំណើរមកកម្ពុជាក្នុងគោលបំណងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមទីសាធារណៈ និងសហគមន៍តាមគ្រឹះស្ថានកម្សាន្តតាមរយៈអង្គការសង្គមស៊ីវិល និងតាមរយៈការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមប្រព័ន្ធអ៊ីនធឺណិត។

លោក សំលៀង សីលា នាយកប្រតិបត្តិអង្គការ APLE ថ្លែងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍បានក្លាយជាបញ្ហាសកល និងជាទម្រង់នៃការកេងប្រវ័ញ្ចមួយដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កុមារកម្ពុជា ស្របពេលមានរបាយការណ៍ជាច្រើនបង្ហាញថា ជនល្មើសបានធ្វើដំណើរមកប្រទេសកម្ពុជាក្នុងគោលបំណងស្វែងរកសេវាផ្លូវភេទលើកុមារស្របពេលប្រព័ន្ធការពារកុមារនៅមានកម្រិតទាប និងការមិនបានការពារកុមារពីអាណាព្យាបាល។លោកបញ្ជាក់ថា៖ «កំណើនតម្រូវការសេវាផ្លូវភេទទាំងក្មេងប្រុសក្មេងស្រី បានធ្វើឲ្យកំណើនស្វែងរកសេវាផ្លូវភេទក្នុង វិស័យទេសចរណ៍បានរងគ្រោះក្នុងអំពើបោកបញ្ឆោត លួងលោម និងជួញដូរដើម្បីផ្គត់ផ្គង់តម្រូវការផ្លូវភេទទាំងនោះ»។ លោក សំលៀង សីលា ក៏អះអាងដែរថា ក្រៅពីវិស័យទេសចរណ៍ការសិក្សាថ្មីៗនេះក៏បង្ហាញដែរថា ការដាក់បញ្ចូលរូបអាសអាភាសកុមារកម្ពុជារាប់លានសន្លឹកលើប្រព័ន្ធអ៊ីនធឺណិត ដែលមានលក្ខណៈរីកសុះសាយហើយវាបានធ្វើឲ្យការរំលោភបំពានលើកុមារមានការកើនឡើងផងដែរ និងរឹតតែសាហាវ ស្របពេលកំណើននៃការប្រើប្រាស់អ៊ីនធឺណិតរបស់កុមារមានចំនួនច្រើនដែលទាមទារការទប់ស្កាត់ឲ្យបានទាន់ពេលវេលា៕

website_news/2019280801.txt · Last modified: 2019/08/28 13:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki