website_news:2019280804

កម្ពុជា កំពុងរងគ្រោះការកេងប្រវ័ញ្ចផ្លូវភេទកុមារ តាមរយៈបណ្តាញ INTERNET

http://bayontv.com.kh/ 27/08/2019

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី២៧ ខែសីហានេះ ក្រសួងមហាផ្ទៃ បានប្រារព្ធបើកសិក្ខាសាលាស្តីពីកិច្ចបង្ការ និងការឆ្លើយតប នឹងបទល្មើសផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍។ នៅសិក្ខាសាលានោះ លោកជំទាវ ជូ ប៊ុនអេង បានអះអាងថា ភាពងាយរងគ្រោះដោយសារបទល្មើសផ្លូវភេទលើកុមារនៅកម្ពុជា មួយចំនួនធំកើតឡើងដោយសារការអូសទាញ នៃការរីកចំរើនប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍ របស់ពិភពលោក។ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានថ្លែងថា ចាប់ពីពេលនេះ តទៅ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នឹងបង្កើនកិច្ចសហការជាមួយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធនានាទៀត ទប់ស្កាត់ប្រព័ន្ធគេហទំព័រមួយចំនួន ដែលបង្កអោយមានបទល្មើសជួញដូរ និងកេងប្រវ័ញ្ចផ្លូវភេទកុមារ។ លោកជំទាវបន្តថា ការទប់ស្កាត់ការផ្សព្វផ្សាយអំពើកេងប្រវ័ញ្ច និងជួញការជួញដូរផ្លូវភេទកុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យារបស់ពិភពលោកនៅកម្ពុជា គឺកំពុងជួបបញ្ហាប្រឈមច្រើន ដោយសារ ការផលិតវីដេអូអាសអាភាសរបស់កុមារ ផ្សព្វផ្សាយលើបណ្តា Website ខុសច្បាប់ គឺវីដេអូទាំងនោះ មិនមានផលិតនៅកម្ពុជា។

តាមរបាយការណ៍ ឆមាសទី១របស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែឆ្នាំ២០១៩នេះ កងសមត្ថកិច្ចបានបង្ក្រាបបទល្មើសជួញដូរមនុស្សបានប្រមាណ៧៨ករណី កើនឡើង១៦ករណី ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការប្រមាណ៩៧នាក់ កើនឡើង១២នាក់ និងបានជួយជនរងគ្រោះបានប្រមាណជាងជិត៣០០នាក់ កើនឡើង១៤៨% លើសការរំពឹងទុក។ របាយការណ៍ បានបញ្ជាក់ដែរថា នៅក្នុងចំណោមជនរងគ្រោះដែលសង្គ្រោះបានពីអំពើជួញដូរមនុស្សទាំង៣០០នាក់នោះ គឺមាន កុមារអាយុ១៥ឆ្នាំ មានចំនួន៧៥នាក់ និងអាយុ១៥ដល់១៨ឆ្នាំមាន ចំនួន២៦នាក់ សរុប១០១នាក់។

នាយកប្រតិបត្តិអង្គការ APLE លោក សំនាង សិលា បានថ្លែងថា ការប្រើប្រាស់បច្ចេកទេសព័ត៌មាន និងសារទូរគមនាគមន៍ ឬInternet ជាមធ្យោបាយសំរាប់ធ្វើសកម្មភាពព្រឹត្តិបទល្មើសផ្លូវភេទជាអំពើដែលមានស្មុគស្មាញ និងលំបាកក្នុងការទប់ស្កាត់ហើយអ្នកដែលងាយរងគ្រោះគឺកុមារនិងស្ត្រីទន់ខ្សោយ។ លោក សំនាង សិលា បញ្ជាក់ថា ការកេងប្រវ័ញ្ចផ្លូវភេទដោយភ្ញៀវទេសចរ ភាគច្រើនកើតឡើងទៅលើកុមារ នៅតាមទីសាធារណៈ នៅតាមគ្រឹះស្ថានកំសាន្ត នៅតាមស្ថាប័នកន្លែងធ្វើការងារនានាជាពិសេសមណ្ឌលថែរក្សាកុមារ និងសាលារៀនជាដើម និងការកេងប្រវ័ញ្ចផ្លូវភេទកុមារនៅតាមប្រព័ន្ធINTERNETជាដើម៕

website_news/2019280804.txt · Last modified: 2019/08/28 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki