website_news:2019280805

គ.ជ.ប.ជ រៀបចំសិក្ខាសាលាពីកិច្ចបង្ការនិងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍

http://www.nicetvnewsoffice.com/ August 28, 2019

នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានរៀបចំសិក្ខាសាលាស្តីអំពី កិច្ចបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ “The Prevention of Sexual Exploitation of Children in travel and Tourism (SECTT)”។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ និងស្វែងរកធាតុចូលដើម្បីកំណត់យុទ្ធសាស្រ្ត និងសកម្មភាពគន្លឹះក្នុងការប្រយុទ្ធប្រឆាំងការជួញដូរ និងការរំលោភបំពានផ្លូវភេទលើកុមារ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង អង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធនានា។

សិក្ខាសាលានេះ តម្រូវឲ្យអ្នកទទួលខុសត្រូវមកពី តំណាង ក្រសួង អង្គការ និងស្ថាប័នពាក់ព័ន្ធទាំងអស់ឡើងធ្វើបទបង្ហាញពីបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តការងារកន្លងមក និងលើកជាគោលនយោបាយ វិធានការនានា ដើម្បីកំណត់ធាតុចូលក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់ជាទិសដៅអនុវត្តបន្ត។ ទន្ទឹមនឹងគ្នានេះដែរក៏បើកឲ្យមានការចូលរួមជាសំនួរ ចម្លើយក្នុងន័យស្វែងយល់បន្ថែមពីចំណុចខ្វះខាតលើកត្តាផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យសិក្ខាសាលានេះប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងទទួលលទ្ធផលល្អ។

ក្រោយបញ្ចប់សិក្ខាសាលានេះអ្នករៀបចំកម្មវិធីរំពឹងថា នឹងទទួលបានលទ្ធផលដូចជា មានការកើនឡើងពីការយល់ដឹងអំពីទម្រង់ហានិភ័យ និងនិន្នាការថ្មីៗនៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍។ ទទួលបានធាតុចូល ដើម្បីកំណត់យុទ្ធសាស្រ្ត និងសកម្មភាពជាគន្លឹះក្នុងការប្រយុទ្ធប្រឆាំងការជួញដូរ និងការរំលោភបំពានលើកុមារ ផងដែរ៕

website_news/2019280805.txt · Last modified: 2019/08/28 13:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki