website_news:2019280806

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តបន្ទាយមានជ័យ ជម្រុញដល់អ្នកពាក់ព័ន្ធត្រូវសហការគ្នា ទប់ស្កាត់ឲ្យបាននូវអំពើជួញដូរមនុស្ស ឬឆ្លងដែនខុសច្បាប់នៅតាមបន្ទាត់ព្រំដែន

https://gdlf-kh.com/ 27/08/2019 Kim Sopha បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នាសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ (សាលខ) បានរៀបចំកិច្ចប្រជុំ ស្តីពី ការបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្ត (គ.ខ.ប.ជ) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជំទាវ ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានអង្គប្រជុំ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរ អង្គភាព អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ។

លោកជំទាវ ប៉ុក ណាឌី ប្រធានអង្គប្រជុំ បានមានប្រសាសន៍ ជម្រុញដល់អ្នកពាក់ព័ន្ធត្រូវសហការជាមួយសមត្ថកិច្ច អង្គការដែលឈរជើងតាមបន្ទាត់ព្រំដែន ត្រូវធ្វើការទប់ស្កាត់ឲ្យបានរាល់សកម្មភាពអំពើជួញដូរមនុស្សឆ្លងដែនទៅប្រទេសជិតខាង ពិសេសស្រ្តី និងកុមារជាដើម ។ លោកជំទាវ បន្តថា ៖ អាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវចុះធ្វើការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ធានាបានការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងធ្វើការទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ដូចជាក្នុងសិប្បកម្មឡឥដ្ឋ ការដ្ឋានសំណង់ កន្លែងលាងរថយន្ត ម៉ូតូ អូសរទេះ និងសហការជាមួយអង្គការដៃគូរ និងអង្គភាពពាក់ព័ន្ធ ជួយដល់កូនគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ សង្គ្រោះកុមារឲ្យរួចផុតពីពលកម្មធ្ងន់ ដោយមួយចំនួន បានបញ្ជូនចូលសាលារៀនមួយចំនួនហួសអាយុបានបញ្ជូនទៅសាលាបណ្តុះបណ្តា លវិជ្ជាជីវជាបន្តបន្ទាប់ ។

យោងតាមស្ថិតិពលករចំណាកស្រុកឆ្លងដែនខុសច្បាប់ប្រចាំថ្ងៃ ដែលភាគីថៃបញ្ជូនក្នុងឆមាសទី១ ឆ្នាំ២០១៩ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានចំនួនសរុប ៦៧៤៣នាក់ ,បុរស៣៧៤៥នាក់,ស្រ្តី ២១៥៣នាក់ , កុមារា៤៥២នាក់ និងកុមារី៣៩៣នាក់ ។ ក្នុងចំណោមពលករចំនួន ៦៧៤៣នាក់ មជ្ឈមណ្ឌលសំចត់ប៉ោយប៉ែត បានធ្វើសម្ភាសន៍ ដើម្បីកំណត់អត្តសញ្ញាណរកមុខសញ្ញជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្សមានចំនួន១៣០នាក់(បុរស១៤នាក់ ,ស្រ្តី២២នាក់ ,កុមារា២៩នាក់ ,កុមារី៣២នាក់ ) ស្មើនឹង ៧២.២២% ប្រៀបធៀប ផែនការប្រចាំឆ្នាំ២០១៩ (១៨០នាក់) ក្នុងនោះមានពលករដែលមានបញ្ហាសុខភាព ត្រូវបានក្រុមការងារជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ចំនួន០៦នាក់, ស្រ្តី ០៥នាក់ ,បុរស ០១ ,កុមារ០១នាក់ និងមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរីចំនួន០១ជាស្រ្តី ៕

website_news/2019280806.txt · Last modified: 2019/08/28 13:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki