website_news:2019280808

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងយកចិត្តទុកដាក់ ចំពោះពលករខ្មែរ

https://www.dap-news.com/ ByID:112 Posted on 27 August 2019 | 16:57

ភ្នំពេញ ៖ លោក ឈួន លីផៃ ប្រធានរដ្ឋសភាថៃ និងជាប្រធានសភា អាយប៉ាលើកទី៤០ បានថ្លែងថា អាជ្ញាធរមានសមត្ថកិច្ចរបស់ថៃ នឹងបន្តយកចិត្តទុក ដាក់លើពលករខ្មែរ ដែលកំពុងរស់នៅ ក៏ដូចជាធ្វើការនៅថៃ ខណៈបច្ចុប្បន្នមានពលរដ្ឋជាច្រើនពាន់នាក់ កំពុងមានវត្តមាននៅថៃ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក រដ្ឋសភាកម្ពុជា។ ក្នុងជំនួបជាមួយ លោក ឈួន លីផៃ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងបាងកក សម្តេច ហេង សំរិន នៅក្នុងកិច្ចប្រជុំពេញអង្គ AIPA បានស្នើឲ្យមានការយកចិត្តទុកដាក់ និងលើកស្ទួយសិទ្ធិពលករចំណាកស្រុក។ សម្តេចបន្តថា បច្ចុប្បន្នការប្រើប្រាស់កម្លាំងពលកម្មប្រកបដោយប្រសិទ្ធភាព ជាការចាំបាច់ និងជាតម្រូវការប្រទេសនីមួយៗ ដូច្នេះប្រទេសក្នុងតំបន់ទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គម ដើម្បីធានាថា ពលករចំណាកស្រុកទាំងអស់ រួមទាំងក្រុមគ្រួសារពួកគេ ត្រូវបានការពារដោយច្បាប់ និងទទួលបានសេវាសាធារណៈដោយមិនរើសអើង។

លោក ឈួន លីផៃ ចាត់ទុកការលើកឡើងរបស់សម្តេចមានសារៈសំខាន់ព្រោះជាបញ្ហារួម ហើយថៃក៏មានបញ្ហានេះ កម្ពុជា និងប្រទេសផ្សេង ក៏មានបញ្ហានេះដូចគ្នា។ ប្រធានរដ្ឋសភាថៃបានជម្រាបសម្តេចថា “ថៃបានយកចិត្តទុកដាក់ ដល់ពលករកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសខ្លួន” ។

ជាមួយគ្នានេះដែរប្រធានរដ្ឋសភាខ្មែរក៏បានអញ្ជើញលោក ឈួន លីផៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយដែមទៀតផង ។ ផ្អែកលើកិច្ចសហប្រតិបត្តិការជាមួយគ្នារវាងកម្ពុជានិងថៃ លើវិស័យការងារ និងវិស័យអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ពិសេសស្ថិតក្នុងរយៈពេល នៃកិច្ចសហប្រតិបត្តិការ ផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ភាគីទាំងពីរ បានរួមគ្នាផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា បានជាង៣០ម៉ឺននាក់ រួចហើយ ក្នុងចំណោមពលករ ជាង៤០ម៉ឺននាក់ ដែលកំពុងបំរើការងារ ដោយខុសច្បាប់នៅក្នុង ប្រទេសថៃ ។ ដោយ បាន ធារ៉ូ

website_news/2019280808.txt · Last modified: 2019/08/28 13:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki