website_news:2019280810

ប៉ូលិសកម្ពុជាត្រៀមបញ្ជូនបុរសអាមេរិកាំងម្នាក់ចេញពីកម្ពុជា ពាក់ព័ន្ធនឹងករណីបំពានផ្លូវភេទកុមារ

https://www.rfa.org/khmer/news/ ដោយ អាស៊ីសេរី 2019-08-27

សមត្ថកិច្ចកម្ពុជាកំពុងបន្តនីតិវិធីបញ្ជូនបុរសម្នាក់ឈ្មោះ ខាល់ វ៉ុន ប៊ននីង ហៅសេន (Karl Von Boenninghausen) អាយុ ៥៦ឆ្នាំ ជាជនជាតិអាមេរិក ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបញ្ជូនចេញពីកម្ពុជា។ គេហទំព័រអគ្គស្នងការនគរបាលជាតិចុះផ្សាយនៅថ្ងៃទី២៦ សីហាថា ប៉ូលិសកម្ពុជា បានសហការជាមួយកងកម្លាំងនៃការិយាល័យសន្តិសុខប្រចាំតំបន់របស់ស្ថានទូតសហរដ្ឋអាមេរិក ចាប់ខ្លួន បុរសឈ្មោះ Karl Von Boenninghausen កាលពីថ្ងៃទី២៥ ខែសីហា ពីបទរំលោភបំពានផ្លូវភេទលើកុមារ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការរដ្ឋកាលីហ្វ័រញ៉ា (California)។

នាយការិយាល័យការពារអនីតិជន លោក លៅ លីន ប្រាប់គេហទំព័រអគ្គស្នងការនគរបាលជាតិថា កម្លាំងនាយកដ្ឋានស៊ើបការខាងក្រៅ និងបច្ចេកទេស បានឃាត់ខ្លួនជនល្មើស ឈ្មោះ Karl Von Boenninghausen នៅផ្ទះសំណាក់ យីហោ happy ស្ថិតនៅក្បែរវត្តសារាវ័ន្ត ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការចាប់ខ្លួនបុរសជនជាតិអាមេរិកនេះ សមត្ថកិច្ចដកហូតបានលិខិតឆ្លងដែន (PASSPORT) ចំនួន ៣ក្បាល ដោយ ១ក្បាល ជាលិខិតឆ្លងដែនថ្មី និង ២ក្បាលទៀត ជាលិខិតឆ្លងដែនប្រើអស់សន្លឹក ព្រមទាំងដកហូតបានរបស់របរមួយចំនួនទៀត។ សម្ភារៈដកហូតបានទាំងអស់នេះ ក៏នឹងត្រូវបញ្ជូនចេញពីកម្ពុជាជាមួយបុរសអាមេរិកាំងរូបនោះដែរ៕

website_news/2019280810.txt · Last modified: 2019/08/28 14:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki