website_news:2019280811

កុមាររងគ្រោះដោយការរំលោភផ្លូវភេទមានការកើនឡើង

https://khmer.voanews.com/ 27 សីហា 2019 កាន់ វិច្ឆិកា

ភ្នំពេញ៖ កុមាររងគ្រោះដោយសារការរំលោភផ្លូវភេទមានការកើនឡើង ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១៩នេះ។ មូលហេតុដោយសារកំណើននៃភ្ញៀវទេសចរ និងប្រព័ន្ធបច្ចេកវិទ្យាកាន់តែរីកចម្រើននៅកម្ពុជា។ អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ថ្លែងក្នុងសិក្ខាសាលាស្តីអំពីកិច្ចបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារ ក្នុងវិស័យទេសចរណ៍ នៅថ្ងៃអង្គារនេះថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩នេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសផ្លូវភេទលើកុមារចំនួន ៧៨ករណី ដែលកើនឡើងចំនួន ១៦ករណី ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។ ក្នុងនោះសង្គ្រោះជនរងគ្រោះអាយុក្រោម១៨ឆ្នាំបានចំនួន ២៦៣នាក់។ តួលេខនេះបង្ហាញពីការកើនឡើងនៃជនរងគ្រោះចំនួន ១៥៧នាក់។ ក្នុងចំណោមនោះ ជនរងគ្រោះអាយុក្រោម១៥ឆ្នាំមានរហូតដល់ទៅ ៧០នាក់។ អ្នកស្រី ជូ ប៊ុនអេង បន្ថែមថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៩៧នាក់ គឺកើន១២នាក់។ យោងតាម អ្នកស្រី ជូ ប៊ុនអេង ចំនួនអ្នកទេសចរនៅកម្ពុជាកើនឡើងជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា និងការកើនឡើងនូវរូបភាពអាសអាភាសលើគេហទំព័រនានា គឺជាកត្តាក្នុងការបង្កើតឲ្យមានអំពើរំលោភបំពានផ្លូវភេទលើកុមារ។

បើតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជា ភ្ញៀវទេសចរប្រមាណជា ៦លាននាក់បានមកទស្សនាប្រទេសកម្ពុជាក្នុងឆ្នាំ២០១៨។ ចំណែកអ្នកប្រើប្រាស់សេវាអ៊ីនធឺណិតមានរហូតដល់ ១០.៩លាននាក់ គិតត្រឹមខែមេសា ឆ្នាំ២០១៨ ក្នុងចំណោមប្រជាជនសរុបប្រមាណជា ១៦លាននាក់។ អ្នកស្រី ជូ ប៊ុនអេង កត់សម្គាល់ថា កុមាររងគ្រោះកាន់តែមានអាយុក្មេងទៅៗ៖ «កុមារ ឬក្មេងដែលតូចៗហ្នឹង គ្នាអត់ដឹងអីទេ ហើយឥឡូវនេះ អ្វីដែលជាការរំលោភបំពានហ្នឹង ហាក់ដូចជា កាន់តែស្រួចស្រាលទៅ គឺមិនមែនក្មេងអាយុ១២ ១៣ ១៤ឆ្នាំ គឺថា ក្មេងហ្នឹងវ័យកាន់តែក្មេងៗ ហើយរងគ្រោះក៏កាន់តែធ្ងន់ធ្ងរដែរ ដោយសារតែភាពប្រព្រឹត្តលើកុមារកាន់តែសាហាវ»។ អ្នកស្រី ជូ ប៊ុនអេង បានជំរុញឲ្យអ្នកប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ចូលរួមប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងមានប្រយោជន៍ដល់សង្គមជាតិ ជៀសវៀងការប្រើប្រាស់ដើម្បីកេងប្រវ័ញ្ច ឬអំពើមិនសមរម្យណាមួយពាក់ព័ន្ធនឹងផ្លូវភេទកុមារ។ អ្នកស្រីក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ពិសេសអាណាព្យាបាល ត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីឈានដល់ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ប្រាប់ VOA ថា កម្ពុជាជាប្រទេសដែលថ្មីសម្រាប់ប្រព័ន្ធបច្ចេកវិទ្យា ស្របពេលដែលជីវភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ជាហេតុធ្វើឲ្យកម្ពុជាក្លាយជាប្រទេសងាយរងគ្រោះពាក់ព័ន្ធនឹងបទល្មើសផ្លូវភេទ។ «បញ្ហាទី១ សីលធម៌នៅក្នុងសង្គមយើងគឺមានការធ្លាក់ចុះ បញ្ហាទី២ បញ្ហាបច្ចេកវិទ្យាទំនើបហ្នឹង គឺបញ្ហាដែលចែកចាយវីដេអូអាសអាភាសតាមប្រព័ន្ធបណ្តាញសង្គម តាមអនឡាញអីជាដើមហ្នឹង បញ្ហាទី៣ បញ្ហាគ្រឿងញៀន គ្រឿងស្រវឹងអីជាដើម បញ្ហាទី៤ ការអនុវត្តច្បាប់យើងក៏នៅមានកម្រិត»។ លោក អំ សំអាត បន្ថែមថា រដ្ឋាភិបាលគួរតែបង្កើនកិច្ចការការពារពាក់ព័ន្ធនឹងប្រព័ន្ធបច្ចេកវិទ្យា ពង្រឹងការអនុវត្តច្បាប់ សហការជាមួយអន្តរជាតិក្នុងការទប់ស្កាត់ និងអប់រំបន្ថែមដល់ពលរដ្ឋឲ្យយល់ដឹងអំពីករណីនេះ៕

website_news/2019280811.txt · Last modified: 2019/08/28 14:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki