website_news:2019281003

ពលករខ្មែរនៅកូរ៉េ ជួយគ្រួសារនៅស្រុកខ្មែរឲ្យមានជីវភាពធូរធារ

https://www.postkhmer.com/ នៀម ឆេង | Publication date 28 October 2019 | 09:56 ICT

សេអ៊ូលៈ ពលករចំណាកស្រុកកម្ពុជាដែលទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានជួយឲ្យគ្រួសារនៅស្រុកខ្មែរមានជីវភាពធូរធារ ខណៈដែលពួកគេបានផ្ញើប្រាក់មកស្រុកខ្មែរប្រមាណជា ៦០០ លានដុល្លារក្នុង ១ ឆ្នាំៗ។ ម៉ោងប្រមាណ ៦ ល្ងាច កម្មករសំណង់ ២១ នាក់ ទើបតែបានចេញពីការដ្ឋានសាងសង់អាងស្តុកទឹកមួយនៅទីក្រុងគីមប៉ូ (Kimpo) ស្ថិតនៅចម្ងាយប្រមាណ ១៥ គីឡូម៉ែត្រ ពីទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។ ពួកគេគឺជាពលករទៅពីប្រទេស កម្ពុជា ដែលបានចាប់ផ្ដើមធ្វើការនៅការដ្ឋាននេះ ៣ ខែមកហើយ។

កម្មករម្នាក់ឈ្មោះ ខាត់ តុល អាយុ ៣៥ ឆ្នាំ គឺជាពលករមកពីខេត្តកំពង់ធំ។ បុរសដែលមានកូន ២ នាក់រូបនេះនិយាយថា សព្វថ្ងៃលោកសប្បាយចិត្តក្នុងការប្រកបការងារនៅក្នុងប្រទេសកូរ៉េ ជាពិសេសនៅការដ្ឋានសំណង់នេះ ដោយសារតែថៅកែចិត្តល្អ ហើយលោកមិនសូវជួបបញ្ហាអត់ការងារធ្វើដូចនៅកន្លែងផ្សេង។ ខាត់ តុល ថ្លែងថា៖ «ខ្ញុំមក ៣ ឆ្នាំហើយ ក្នុងអាណត្តិទី ២ តែអ្នកផ្សេងទើបមកបាន ១ ឆ្នាំ។ ពេលខ្ញុំមានថវិកាគ្រប់គ្រាន់ខ្ញុំនឹងត្រឡប់ទៅស្រុកខ្មែរវិញ ព្រោះនៅទីនេះលុយបានច្រើនមែន តែពិបាករស់នៅដែរដោយសារតែអាកាសធាតុ។ ឥឡូវខ្ញុំកំពុងសន្សំទិញរបស់របរទុកបានខ្លះដើម្បីពេលទៅវិញយើងបានធូរធារ»។

កម្មករម្នាក់ទៀតមកពីស្រុកពួក ខេត្តសៀមរាប ដែលសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា លោកបានមកធ្វើការនៅប្រទេសកូរ៉េជាង ៣ ឆ្នាំហើយ ហើយការងាររបស់លោកនៅទីនេះបានជួយដោះបំណុលគ្រួសាររួចរាល់ហើយព្រមទាំងបានសន្សំប្រាក់សម្រាប់ទិញដីធ្វើកសិកម្មបាន ៥ ហិកតា និងបានទិញក្រពើមកចិញ្ចឹមចំនួន ១២០ ក្បាល។ នៅមិនឆ្ងាយពីការដ្ឋាននេះមានរោងចក្រមួយឈ្មោះថា DI Eco Star ដែលផលិតគ្រឿងឆ្នាំងសម្រាប់នាំចេញ។ នៅទីនេះមានពលករខ្មែរចំនួន ៩ នាក់ ក្នុងចំណោមបុគ្គលិកសរុបប្រមាណ ៤០ នាក់។ ពលករម្នាក់ឈ្មោះ ថាន់ សេងហុង មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានមកធ្វើការនៅប្រទេសកូរ៉េរយៈពេលជិត ៦ ឆ្នាំហើយ បន្ទាប់ពីបានជាប់អាណត្តិទី ២។ លោក សេង ហុង ថ្លែងថាលក្ខខណ្ឌការងារនៅទីនេះអាចទទួលយកបាន បើទោះជាហត់បន្តិចក៏ដោយ។ លោកចូលធ្វើការពីម៉ោង ៨ កន្លះព្រឹក រហូតដល់ម៉ោង ៨ យប់។ ប៉ុន្តែយូរៗម្ដងខាងរោងចក្រតម្រូវឲ្យធ្វើការរហូតដល់យប់ជ្រៅ។ លោករស់នៅក្នុងអគារស្នាក់នៅក្នុងបរិវេណរោងចក្រ ប៉ុន្តែថៅកែបានកាត់ប្រាក់ខែសម្រាប់កន្លែងស្នាក់នៅ និងទឹកភ្លើង។

អ្នកស្រី Im Young Sook អ្នកគ្រប់គ្រងនៅរោងចក្រនេះបានឲ្យដឹងថា អ្នកស្រីពេញចិត្តពលករខ្មែរដោយនិយាយថា៖ «បុគ្គលិកខ្មែរភាគច្រើនខំប្រឹងធ្វើការបានយ៉ាងល្អ គាត់ពូកែ។ បើសិនគាត់ធ្វើការមិនល្អ ខ្ញុំមានសិទ្ធិដូរគាត់ចេញ ប៉ុន្តែសម្រាប់ខ្មែរគាត់ធ្វើការល្អហើយខ្ញុំពេញចិត្ត។ បើមិនអ៊ីចឹងទេ ខ្ញុំមិនបន្តអាណត្តិឲ្យពួកគេទេពេលចប់អាណត្តិ។ អ៊ីចឹងខ្ញុំពេញចិត្ត និងស្រឡាញ់ពួកគេ»។

ពលករម្នាក់ទៀតគឺកញ្ញា អាន ស្រីណែត អាយុ ២៩ ឆ្នាំមកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំបានមកធ្វើការនៅប្រទេសកូរ៉េ ៤ ឆ្នាំ និងកំពុងធ្វើការនៅទីក្រុងក្វាងយូ ក្នុងរោងចក្រផលិតគ្រឿងឡានដែលស្ថិតនៅចម្ងាយប្រមាណ ៤៥០ គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ កញ្ញានិយាយថា៖ «យើងធ្វើការឲ្យគេពេលខ្លះពិបាក ពេលខ្លះសប្បាយចិត្ត។ យើងពិបាកត្រង់ថា យើងត្រូវធ្វើការពេញម៉ោង តែគេអត់គិតលុយឲ្យយើងពេញម៉ោងទេ ដូចជាម៉ោងបាយ យើងត្រូវសម្រាក តែយើងមិនអាចសម្រាកព្រោះម៉ាស៊ីនគេដំណើរការរហូត ដូច្នេះយើងត្រូវធ្វើការ តែគេអត់គិតលុយឲ្យយើង។ តែយើងសប្បាយចិត្តពេលយើងមានកន្លែងធ្វើការច្បាស់លាស់ ហើយការងារក៏មានប្រាក់ខែត្រឹមត្រូវ»។

កម្មករមួយចំនួនដែលត្រូវបានសម្ភាសបានលើកឡើងថា ការបើកប្រាក់ខែយឺតយ៉ាវ និងការធ្វើការច្រើនម៉ោង វាស្ទើរតែក្លាយជាបញ្ហាសាមញ្ញទៅហើយ សម្រាប់ពលករនៅកូរ៉េ។ បញ្ហានេះកើតឡើងជាក់ស្ដែងសម្រាប់លោក សេងហុង ដោយលោកថ្លែងថា៖ «ឥឡូវបានប្រាក់ខែច្រើនដែរ ប៉ុន្តែគ្រាន់តែថា ពេលខ្លះជំពាក់ ២ ខែទើបបើកម្ដង។ ឥឡូវជំពាក់ជិត ៣ ខែហើយតាំងពីខែ ៨ មក។ ក្នុងឆ្នាំនេះពិបាក»។

លោក សាម៉ែន សុខា ទីប្រឹក្សាទទួលបន្ទុកការងារពលករអមស្ថានទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េបានឲ្យដឹងថា ពលករទាំងខ្មែរក៏ដូចជាជាតិសាសន៍ដទៃទៀតមានបញ្ហាខ្លះពាក់ព័ន្ធនឹងការអនុវត្តខុសកិច្ចសន្យាការងារដោយថៅកែរួមមានការបើកប្រាក់ខែយឺត បញ្ហាក្នុងការស្នាក់នៅ វិវាទការងារពលករ និងថៅកែ វិវាទពលករ និងពលករ និងពលករខ្មែរជាមួយពលករបរទេសផ្សេងទៀតរួមទាំងគ្រោះថ្នាក់ការងារផ្សេងៗ។ លោកថា នៅពេលជួបបញ្ហាអ្វីមួយ ពលករគួរតែទាក់ទងស្ថានទូត ឬរកជំនួយនៅតាមមជ្ឈមណ្ឌលគាំពារពលករនៅតាមទីក្រុងនីមួយៗ។ លោកនិយាយថា៖ «នៅក្នុងច្បាប់កូរ៉េ គេបានកំណត់ថា បើមិនបើកប្រាក់ឲ្យគ្រប់ចំនួនប៉ុន្មានខែ ពលករមានសិទ្ធិស្នើសុំថៅកែឲ្យថៅកែស៊ីញ៉េចេញ ប៉ុន្តែមិនមែនមានន័យថា ថៅកែបាត់បង់កាតព្វកិច្ចបង់ប្រាក់ខែដែលមិនទាន់បានបើកឲ្យពលករទេ។ ក្នុងករណីនេះ ក្រុមការងារស្ថានទូតនឹងទំនាក់ទំនងទៅមជ្ឈមណ្ឌលគាំពារពលករក្នុងតំបន់នោះ និងទាក់ទងទៅថៅកែផ្ទាល់ឲ្យគាត់បើកប្រាក់ឲ្យពលករ។ បើថៅកែនៅតែមិនបើកឲ្យ យើងនឹងដាក់ពាក្យទៅក្រុមការងារមានកម្រិតលើនោះ ដើម្បីឲ្យថៅកែបើកប្រាក់ឲ្យ»។ លោកបន្តថា ក្នុងករណីមានគ្រោះថ្នាក់ការងារណាមួយកើតឡើង ក្រុមស្ថានទូតនឹងទាក់ទងទៅថៅកែកូរ៉េផ្ទាល់ ដើម្បីធានាថាពលករដែលគ្រោះថ្នាក់នោះទទួលបានការព្យាបាលពេញលេញ។ ក្នុងករណីគ្រោះថ្នាក់ស្រាល ពួកគាត់នៅទទួលបានប្រាក់ខែគោលដូចដែលមានចែងក្នុងច្បាប់របស់កូរ៉េ ហើយស្ថានទូតក៏ជួយសម្រួលដល់ពលករ ដើម្បីទាមទារប្រាក់សំណងស្របតាមច្បាប់កំណត់។ បើតាមលោក សុខា ពលករខ្មែរនៅកូរ៉េទទួលបានប្រាក់ខែជាមធ្យម ១៤០០ ដុល្លារក្នុង ១ ខែ។

កញ្ញា ស្រេង វួចនី គឺជាបុគ្គលិកមជ្ឈមណ្ឌលផ្ដល់ប្រឹក្សាសម្រាប់ជនបរទេសក្នុងទីក្រុងអានសានដែលនៅទីនោះមានពលករ និងពលរដ្ឋខ្មែររស់នៅប្រមាណ ៦០០ នាក់។ កញ្ញាបានស្នើដល់ស្ត្រីដែលរៀបការប្ដីកូរ៉េ និងពលករដែលមានបញ្ហាឲ្យទាក់ទងទៅមជ្ឈមណ្ឌល ដើម្បីទទួលបានការជួយរកដំណោះស្រាយ។ កញ្ញានិយាយថា បញ្ហាបើកប្រាក់ខែយឺត គឺជាបញ្ហាសាមញ្ញហើយកើតឡើងដោយសារថៅកែកេងប្រវ័ញ្ច ការដំឡើងប្រាក់ខែនៅក្នុងប្រទេសកូរ៉េ និងដោយសារបញ្ហាសេដ្ឋកិច្ចនៅទូទាំងពិភពលោកធ្លាក់ចុះ។ កញ្ញានិយាយថា កញ្ញាធ្លាប់បានជួបការលំបាកជាច្រើនរួចហើយនៅពេលមកប្រទេសកូរ៉េដំបូងរួមទាំងបញ្ហាភាសា និងការងារ។ ដោយសារតែយល់ពីបញ្ហាលំបាកនេះហើយទើបកញ្ញាសុខចិត្តធ្វើការនៅមជ្ឈមណ្ឌលផ្ដល់ប្រឹក្សាដើម្បីជួយដល់ពលករខ្មែរនៅកូរ៉េ បើទោះបីជាការងារនេះកញ្ញាទទួលបានប្រាក់កម្រៃតិចតួចក៏ដោយ។ ក្រៅពីបញ្ហានៅកន្លែងការងារការមិនបានរៀបចំគោលដៅឲ្យបានច្បាស់គឺជាបញ្ហាមួយទៀតដែលពលករខ្មែរបានជួបប្រទះ។ កម្មករសំណង់ម្នាក់នៅទីក្រុង គីម ប៉ូ ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា លោកបានមកដល់ទីនេះប្រមាណ ៣ ឆ្នាំ តែមិនសូវមានអ្វីសល់ទេ ដោយសារតែមិនសូវមានការងារធ្វើ ហើយលោកក៏មិនដឹងថា នាពេលខាងមុខលោកនឹងធ្វើអ្វីទៀតដែរ។

ស្រដៀងគ្នានេះពលការិនីម្នាក់ សុំមិនបញ្ចេញឈ្មោះមកពីខេត្តព្រៃវែងដែលស៊ីឈ្នួលបេះបន្លែក្នុងកសិដ្ឋានមួយដែលមានពលការិនីខ្មែរ ៦ នាក់ បានឲ្យដឹងថា កញ្ញាបានមកធ្វើការនៅកូរ៉េ ៤ ឆ្នាំ ៥ ខែហើយគឺជិតចប់អាណត្តិទី ១ ដែលមានរយៈពេល ៤ ឆ្នាំ ១០ ខែ។ កញ្ញានឹងត្រឡប់ទៅកម្ពុជាវិញពេលចប់អាណត្តិទី ១ នេះ ប៉ុន្តែមិនទាន់ដឹងច្បាស់ថានឹងប្រកបមុខរបរអ្វីទេ អាស្រ័យលើឱកាស ឬអាចត្រឡប់មកប្រទេសកូរ៉េម្ដងទៀត។ ទោះយ៉ាងណាកញ្ញាបានជួយដោះបំណុលគ្រួសារដែលមានប្រមាណ ៤ ម៉ឺនដុល្លាររួចហើយ បូករួមទាំងដើមទុនសម្រាប់ត្រៀមមកធ្វើការនៅប្រទេសកូរ៉េ។ លោក គីម តារា ប្រហែលជាគំរូដល់ពលករខ្មែរដទៃទៀត។ បុរសដែលមានវ័យជាង ៣០ ឆ្នាំរូបនេះ បានទៅធ្វើការនៅប្រទេសកូរ៉េរយៈពេល ៧ ឆ្នាំហើយ ដោយដំបូងលោកបានធ្វើការនៅកន្លែងផលិតកប៉ាល់របស់ក្រុមហ៊ុនសាមស៊ុង។ ដោយមានសមត្ថភាពនិយាយភាសាកូរ៉េ និងចេះមើលប្លង់ផងនោះ តារា បានក្លាយជាអ្នកចាត់ការនៅក្រុមហ៊ុននោះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកទទួលបានបណ្ណបៃតង (green card) ដែលអាចរស់នៅប្រទេស កូរ៉េ ជាអចិន្រៃ្តយ៍។ លោកក៏បានឈប់ពីការងារនេះ ដោយចាប់ផ្ដើមបើកមុខរបរនាំចូលយិនស៊ិនពីកូរ៉េមកលក់នៅកម្ពុជា។ លោក តារា បានមើលឃើញថាបញ្ហាមួយចំនួន ដែលពលករខ្មែររស់នៅកូរ៉េជួបប្រទះគឺការមិនមានផែនការជីវិតច្បាស់លាស់ នៅពេលពួកគេកំពុងបំពេញការងារ។ តារានិយាយថា៖ «មិនមែនពលករមកកូរ៉េទាំងអស់សុទ្ធតែនៅតែជាពលករទេ បើសិនយើងមានជំនាញអ្វីមួយ គេនឹងដំឡើងឲ្យយើង។ ករណីដូច្នេះមានច្រើនណាស់ ដូចជាអ្នកកាន់ម៉ាស៊ីនផលិតឡានបើគាត់មានជំនាញអ្វីមួយ គាត់អាចក្លាយជាប្រធានគ្រប់គ្រងបាន។ ដោយសារខ្ញុំចេះភាសា ហើយមានពលករខ្មែរ ៨ នាក់ ខ្ញុំក៏បានក្លាយជាប្រធានគ្រប់គ្រង។ ដំបូងខ្ញុំបានប្រាក់ខែតែ ១១០០ ដុល្លារទេ តែក្រោយមកឡើងដល់ជាង ៣០០០ ដុល្លារ»។ លោក តារា បានឲ្យដឹងថា ថៅកែភាគច្រើនចង់បានពលករមកពីកម្ពុជា ដោយសារតែពួកគេតស៊ូ និងប្រឹងប្រែងធ្វើការ។ ប៉ុន្តែលោកក៏បានរំឭកដល់ពលករកម្ពុជា ជាពិសេសអ្នកទើបមកថ្មីត្រូវមានគោលដៅច្បាស់លាស់ ដើម្បីចៀសវាងការធ្លាក់ខ្លួនជាពលករខុសច្បាប់។ លោកនិយាយថា៖ «ពួកគាត់គួរតែចេះរៀបគម្រោងគោលដៅទៅមុខ។ កុំបណ្ដោយទៅតាមអ្វីដែលគាត់ធ្វើ ឬបណ្ដោយតាមភាពវ័យក្មេងរបស់ខ្លួន។ អ្នកខ្លះមកភ្លើតភ្លើន វាយគ្នា ផឹកស្រាអួទីនួ។ អ្នកខ្លះមានវ័យក្មេងស្ទាវ ហើយគ្មានគោលដៅច្បាស់លាស់»។ លោកបន្តថា៖ «ខ្មែរយើងមានស្លាប់ច្រើន ១ ឆ្នាំៗ ដោយសារមានជំងឺ ហូបស្រាច្រើន អត់លេងកីឡា ជាពិសេសក្នុងខែត្រជាក់។ អ្នកខ្លះបានត្រឹមតែធ្វើការ បើកលុយផ្ញើទៅខ្មែរ សងធនាគារ ជូនឪពុកម្ដាយ តែដល់ពេលត្រឡប់ទៅខ្មែរវិញ បន្ទាប់ពី ៤ ឆ្នាំ ១០ ខែ អ្នកខ្លះសល់ត្រឹមតែ ១ ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំណុចនេះហើយដែលធ្វើឲ្យគាត់សម្រេចធ្វើការខុសច្បាប់ មិនត្រឡប់ទៅស្រុកខ្មែរវិញហើយប្រឈមបញ្ហាជាច្រើន»។

លោកចង់ចែករំលែកបទពិសោធរបស់លោកដល់ពលករផ្សេងទៀត ដែលនឹងធ្វើដំណើរមកកូរ៉េកុំឲ្យមានការស្ដាយក្រោយ បន្ទាប់ពីបានចំណាយពេលធ្វើការនៅកូរ៉េហើយ ប៉ុន្តែចុងក្រោយមិនមានគោលដៅ។ លោក សុខា និយាយថាមានគុណសម្បត្តិជាច្រើននៃការមកធ្វើការនៅប្រទេសកូរ៉េ នោះគឺការទទួលបានប្រាក់ខែច្រើនសម្រាប់ផ្គត់ផ្គង់គ្រួសារ ទទួលបានឱកាសអភិវឌ្ឍន៍សមត្ថភាពទៅតាមជំនាញដែលពួកគេធ្វើរួមទាំងភាសាកូរ៉េផង។ លោកស្នើឲ្យពលករទៅទទួលយកការបណ្ដុះបណ្ដាលជំនាញនៅតាមមជ្ឈមណ្ឌលគាំពារពលករនានា ដែលនៅទីនោះមានបង្រៀនវិជ្ជាជីវៈផ្សេងៗ សម្រាប់ពលករដោយឥតគិតថ្លៃរួមមានជំនាញបើករថយន្ត ជួសជុលរថយន្ត បើកត្រាក់ទ័រ ធ្វើនំ និងនំប៉័ង និងឆុងកាហ្វេ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េបានថ្លែងថា បច្ចុប្បន្នមានពលករកម្ពុជាកំពុងធ្វើការនៅប្រទេសកូរ៉េប្រមាណ ៤៥ ០០០ នាក់។ ប៉ុន្តែបើគិតទាំងស្ត្រីដែលរៀបការជាមួយបុរសកូរ៉េ និងចំនួននិស្សិតដែលកំពុងរៀននៅទីនេះមានពលរដ្ឋខ្មែរសរុបជាង ៦ ម៉ឺននាក់ ក្នុងប្រទេស កូរ៉េ។ លោកថាក្នុង ១ ឆ្នាំៗ ពលករកម្ពុជាផ្ញើប្រាក់ទៅក្រុមគ្រួសារសរុបប្រមាណ ៦០០ លានដុល្លារ។ លោក ឌីម៉ង់ បន្តថា ដោយសារតែពលរដ្ឋខ្មែររស់នៅតំបន់ផ្សេងៗឆ្ងាយពីក្រុងសេអ៊ូល ក្រុមការងារស្ថានទូតតែងធ្វើដំណើរស្ទើរតែរៀងរាល់ចុងសប្ដាហ៍ ចុះទៅតាមតំបន់ទាំងនោះ ដើម្បីជួបពិគ្រោះយោបល់ សួរសុខទុក្ខ និងផ្ដល់សេវាសាធារណៈដល់ពួកគេដូចជាពន្យារលិខិតឆ្លងដែនជាដើម។ លោកឯកអគ្គរាជទូតតែងក្រើនរំឭកដល់ពលករខ្មែរឲ្យរក្សាសុខភាព និងសុវត្ថិភាពនៅកន្លែងធ្វើការ ព្រមទាំងសុខភាពផ្លូវចិត្តដែលទទួលសម្ពាធពីការងារ និងសម្ពាធពីក្រុមគ្រួសារនៅស្រុកខ្មែរ។ លោកក៏ស្នើឲ្យអាណាព្យាបាល ឬក្រុមគ្រួសាររបស់ពលករត្រូវយល់ពីស្ថានភាពលំបាករបស់ពលករផង ចៀសវាងដាក់សម្ពាធលើពួកគេ ហើយពលករត្រូវគោរពច្បាប់កូរ៉េក៏ដូចជាច្បាប់កម្ពុជា។

ក្នុងពេលដែលលោកជួបលោកស្រី Im Young Sook លោក ឌីម៉ង់ ក៏បានសុំដល់លោកស្រីឲ្យមានការយោគយល់ដល់ពលករខ្មែរក្នុងករណីមានការខ្វះចន្លោះក្នុងការងារណាមួយដោយលោកនិយាយទៅលោកស្រីថា៖ «លោកស្រីជាមនុស្សល្អហើយទើបប្រើប្រាស់សុទ្ធតែពលករអាណត្តិទី ២ ហើយពួកគាត់សរសើរថា លោកស្រីជាមនុស្សល្អ»។ លោកបន្តថា៖ «ខ្ញុំឆ្លៀតឱកាសនេះ ថ្លែងអំណរគុណគាត់ដែលគាត់បានទទួលយកបងប្អូនខ្មែរយើង ហើយគាត់បានយកចិត្តទុកដាក់ថែរក្សាពួកគាត់ហើយអត់ចាត់ទុកពលករខ្មែរដូចជាជនបរទេសទេគឺចាត់ទុកដូចជាពលរដ្ឋកូរ៉េដែរ សូមសរសើរ និងអរគុណ ហើយសូមបន្តធ្វើដូច្នេះតទៅទៀត»។

នៅសប្ដាហ៍ទី ៤ នៃខែវិច្ឆិកាខាងមុខនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមក្នុងជំនួបកំពូលអាស៊ាន-កូរ៉េ នៅទីក្រុងប៊ូសាន។ លោក ឌីម៉ង់ ថ្លែងថា ក្រៅពីការចុះហត្ថលេខាលើឯកសារមួយចំនួនលោកសង្ឃឹមថានឹងមានការពិភាក្សាអំពីការដំឡើងកូតាពលករសម្រាប់កម្ពុជាផងដែរ។ លោក សុខា និយាយថាក្នុងចំណោម ១៦ ប្រទេសដែលបញ្ជូនពលករមកធ្វើការនៅកូរ៉េ កម្ពុជាជាប្រទេសទទួលបានការកោតសរសើរពីអង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េក្នុងការប្រតិបត្តិតាមលក្ខខណ្ឌណែនាំផ្សេងៗរបស់អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សកូរ៉េ។ នេះជាបច្ច័យមួយក្នុងការទទួលបានកំណើនកូតាសម្រាប់ពលករខ្មែរក្នុងឆ្នាំ ២០២០។ លោក សុខា និយាយថា៖ «បងប្អូននេះហើយជាធនធានមនុស្សដ៏សំខាន់ ហើយសូមបងប្អូនមានផែនការជីវិត ព្រោះបងប្អូនធ្វើការទទួលបានប្រាក់កម្រៃខ្ពស់ហើយ តែបងប្អូនក៏ត្រូវរៀបចំចាត់ចែងហិរញ្ញវត្ថុរបស់ខ្លួនដើម្បីជាប្រយោជន៍ដល់ជីវភាព និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមខ្មែរ»៕

website_news/2019281003.txt · Last modified: 2019/10/28 16:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki