website_news:2019281007

សហរដ្ឋអាមេរិក នឹងព្យួរការអនុគ្រោះពាណិជ្ជកម្មពិសេស សម្រាប់ឧស្សាហកម្មគ្រឿងសមុទ្រថៃ

http://www.freshnewsasia.com/ 2019-10-27

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ ឧស្សាហកម្មគ្រឿងសមុទ្រថៃ ដោយសារតែបរាជ័យក្នុងការកែលម្អសិទ្ធិរបស់កម្មករ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩។ ថៃគឺជាប្រទេសធំទី៣នៅលើពិភពលោកខាងនាំចេញគ្រឿងសមុទ្រ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ឧស្សាហកម្មមួយនេះ មានកេរ្ត៍ឈ្មោះមិនល្អ និងរងផលប៉ះពាល់យ៉ាងខ្លាំងពីការដាក់ទណ្ឌកម្មមួយចំនួនពីសំណាក់បណ្ដាប្រទេស ខាងលោកលិច ដោយសារតែមានការចោទប្រកាន់ពីការំលោភបំពានសិទ្ធិកម្មករនេសាទ ការជួញដូរមនុស្ស ឬក៏ប្រើ មនុស្សដូចជាទាសករជាដើម។

ជុំវិញបញ្ហានេះដែរ បើតាមការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក តាមរយៈការស្រង់សម្ដីដោយសារព័ត៌មាន Bloomberg រដ្ឋបាល លោក ដូណាល់ ត្រាំ នឹងផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ឧស្សាហកម្មគ្រឿង សមុទ្រថៃ។ ការិយាល័យដដែល បានបញ្ជាក់ដូច្នេះថា៖ «រាល់ផលិតផលគ្រឿងសមុទ្រថៃ នឹងបាត់បង់ការអនុគ្រោះ ពាណិជ្ជកម្មពិសេស ដោយសារតែមិនអាចដោះស្រាយបញ្ហាសិទ្ធកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមទ្រ និងការដឹកជញ្ជូន»។

គួរបញ្ជាក់ថា បើតាម Bloomberg ការព្យួរ ឬផ្អាកការអនុគ្រោះពាណិជ្ជកម្មពិសេសខាងលើមានតម្លៃជាង ១.៣ពាន់លានដុល្លារ ហើយវានឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០៕

website_news/2019281007.txt · Last modified: 2019/10/28 16:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki