website_news:2019281008

ជនជាតិវៀតណាម២០នាក់អាចស្ថិតក្នុងចំណោមសព៣៩នាក់ក្នុងកុងតឺន័រ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៦:២៨ ខាន់ សុខឃន

ប្រទេសអង់គ្លេស ៖ ជនជាតិវៀតណាមប្រមាណជា២០នាក់អាចស្ថិតក្នុងចំណោមសាកសពមនុស្ស៣៩នាក់ ដែលរកឃើញនៅអង់គ្លេសកាលពីថ្ងៃទី២៣តុលាកន្លងមកនេះ ក្នុងកុងតឺន័រក្លេសេនៃរថយន្តកាំមីញ៉ុងមួយគ្រឿង ក្នុងតំបន់ឧស្សាហកម្មមួយ នាភាគខាងកើត ទីក្រុងឡុងដ៏។ ក្នុងគ្រាដំបូងប៉ូលិសអង់គ្លេសប្រកាសថាក្នុងចំណោមសាកសពទាំង៣៩នាក់នោះមានបុរស៣១នាក់និងនារី៨នាក់សុទ្ធតែជាជនជាតិចិន តែការសង្ស័យកើតមានហើយអ្នកនាំពាក្យម្នាក់ របស់ប៉ូលិសគូសបញ្ជាក់នាថ្ងៃទី២៥តុលាថា ដំណើរការនៃការកំណត់អត្តសញ្ញាណនៅមិនទាន់បញ្ចប់នៅឡើយ។ទោះបីយ៉ាងណាគ្រួសារជាច្រើនដែលរស់នៅភាគកណ្ដាលវៀតណាម បានសម្ដែងពីការបារម្ភដែលកូនចៅពួកគេ បានស្លាប់ក្នុងកុងតឺន័រនៃរថយន្តកាំមីញ៉ុង ដោយពួកគេកាន់លិខិតឆ្លងដែនចិនក្លែងក្លាយ។ នារីវៀតណាមម្នាក់ឈ្មោះPHAM THI TRAអាយុ២៦ឆ្នាំបានបញ្ជូនសារមួយតាម ទូរស័ព្ទមកម្ដាយនាង ដោយថានាងមិនអាចដកដង្ហើមរួច ហើយនាងកំពុងរកកលដាច់ខ្យល់ស្លាប់ហើយ។ ចំណែកបុរសម្នាក់ឈ្មោះBUI VAN DIEP សម្ដែងការសង្ស័យថា ប្អូនស្រីរបស់គេឈ្មោះ NHUNG សង្ស័យស្ថិតក្នុងកុងតឺន័រនោះដែរ។ នាងបានចាកចេញពីស្រុកក្នុងខេត្តង៉េអាន២ខែមកហើយ រួចចាប់តាំងពីពេលនោះមកបាត់ដំណឹងសូន្យឈឹង។

មានជនជាតិវៀតណាមច្រើននាក់បានធ្វើដំណើរផ្សងព្រេងចង់ទៅកាន់អឹរ៉ុប ដោយភាគច្រើនកាត់តាមរុស្ស៊ី ឬចិនជាមួយការកាន់លិខិតឆ្លងដែនក្លែងក្លាយ។ ដំណើរប្រកបដោយគ្រោះថ្នាក់នោះពួកគេអាចចំណាយប្រាក់រហូតដល់៣៦.០០០អឺរ៉ូ។ ជារឿយៗពួកគេទៅកាន់អង់គ្លេសដើម្បីធ្វើការនៅតាមបារ ឬតាមបណ្ដាកសិដ្ឋានដាំកញ្ឆាខុសច្បាប់ ក្នុងក្ដីសង្សឹមទទួលបានប្រាក់ច្រើនឆាប់ផ្ញើមកផ្ទះ។

website_news/2019281008.txt · Last modified: 2019/10/28 16:10 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki