website_news:2019281010

ហេតុអ្វីជនជាតិវៀតណាម ចំណាយលុយរាប់ម៉ឺនដុល្លារ និងផ្សងព្រេងដ៏គ្រោះថ្នាក់មកទឹកដីអង់គ្លេស?

http://www.cen.com.kh/archives/ October 28, 2019

មានការព្រួយបារម្ភថា មានជនជាតិវៀតណាមមួយចំនួនគឺស្ថិតនៅក្នុងសាកសពចំនួន ៣៩នាក់ដែលត្រូវគេរកឃើញនៅក្នុងទូកុងតឺណឺនៅតំបន់ Essex ប្រទេសអង់គ្លេសកាលពីថ្ងៃពុធ កន្លងទៅនេះ។ មូលនិធិសប្បុរសប្រឆាំងនឹងការជួញដូរមនុស្ស បាននិយាយថា មនុស្សមួយចំនួនដែលធ្វើអន្តោប្រវេសន៍ពីវៀតណាម ទៅកាន់ប្រទេសអង់គ្លេសគឺដើម្បីរកលុយ ផ្ញើត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ។ ប៉ុន្តែ តើហេតុអ្វីបានជាប្រជាជនវៀតណាមផ្សងព្រេងដ៏គ្រោះថ្នាក់ដើម្បីធ្វើដំណើរទៅកាន់ទឹកដីបរទេស? តើពួកគេធ្វើដំណើរទៅក្រៅប្រទេសដោយវិធីណា?

ហេតុអ្វីពួកគេចាកចេញពីប្រទេសវៀតណាម?

“វៀតណាមគឺជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកលូតលាស់ខ្លាំង ប៉ុន្តែមិនមែនមានមនុស្សគ្រប់គ្នាទទួលផលបានពីការរីកចម្រើននោះទេ”។ នេះបើតាមការបញ្ជាក់របស់ប្រធានសេវាកម្ម BBC នៅវៀតណាម។ លោកថា ”វៀតណាមមានកម្លាំងពលកម្មសេសសល់ដ៏ច្រើន”។ អ្នកជំនាញប្រឆាំងការជួញដូរមនុស្សនៅក្នុងប្រទេសវៀតណាមឈ្មោះ Mimi Vu បាននិយាយថា “ជនអន្តោប្រវេសន៍វៀតណាម ដែលភាគច្រើនបានធ្វើដំណើរទៅកាន់អង់គ្លេស និងអ៊ីរ៉ុបគឺមកពីខេត្តមួយចំនួនប៉ុណ្ណោះក្នុងប្រទេសវៀតណាម”។ “នៅក្នុងតំបន់មួយចំនួននោះ មានប្រពៃណីកាលពីប៉ុន្មានទសវត្សមុនអំពីជនអន្តោប្រវេសន៍នៅក្រៅប្រទេស ខុសច្បាប់ ឬត្រឹមត្រូវតាមច្បាប់ ដែលពួកគេត្រូវស្វែងរកការងារ និងដើម្បីផ្ញើលុយត្រឡប់មកផ្ទះវិញ”។ ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ជនអន្តោប្រវេសន៍វៀតណាម ទៅកាន់ទឹកដីអង់គ្លេសគឺមានដើមកំណើតមកពីទីក្រុង Hai Phong និងខេត្ត Quang Ninh ប៉ុន្តែបច្ចុប្បន្ននេះ មានការកើតឡើងយ៉ាងខ្លាំងពីចំនួនជនអន្តោប្រវេសន៍មកពីខេត្តចំនួន ៣គឺខេត្ត Nghe An ខេត្ត Quang Binh និងខេត្ត Ha Tinh ដែលខេត្តមានប្រជាជនក្រីក្រជាងគេ។

ហេតុអ្វីបានជាពួកគេចង់ទៅអង់គ្លេស?

សម្រាប់ជនអន្តោប្រវេសន៍វៀតណាម ទឹកដីអង់គ្លេសប្រហែលជាកន្លែងដ៏មានប្រជាប្រិយខ្លាំងនៅក្នុងតំបន់អឺរ៉ុប។ នេះបើតាមការបញ្ជាក់របស់លោកសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តសង្គម នៅសកលវិទ្យាល័យ Oxford-Brookes ដែលមានជំនាញខាងអន្តោប្រវេសន៍។ អ្នកស្រីសាស្រ្តាចារ្យថ្លែងថា ពួកគេដឹងច្បាស់ណាស់ថា ប្រសិនជាពួកគេបានមកអង់គ្លេស ពួកគេទំនងជានឹងមានការងារធ្វើ និងរកបានលុយច្រើនសម្រាប់ផ្ញើត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ។ វាក៏មានបណ្តាញប្រជាជនវៀតណាមផងដែរ ដែលនៅអង់គ្លេសស្រាប់ ហើយអ្នកទាំងនោះអាចជួយជនជាតិវៀតណាមដែល មកនៅថ្មី ដូចជាជួយជាជួយផ្តល់កន្លែងស្នាក់នៅ និងការងារ។ នៅពេលពួកគេមកដល់អង់គ្លេស វាមានតម្រូវការពលកម្មច្រើនណាស់សម្រាប់អ្នកមិនមានជំនាញ ដូចជានៅភោជនីយដ្ឋានវៀតណាម កន្លែងធ្វើក្រចក និងឧស្សាហ៍កម្មកញ្ឆា ខុសច្បាប់ជាដើម។ បើតាមការសម្ភាសន៍ជាមួយនឹងជនជាតិវៀតណាមមួយចំនួនដែលត្រឡប់មកពីអង់គ្លេសវិញ បានឲ្យដឹងថា ការងារភាគច្រើនដែលពួកគេធ្វើគឺនៅក្នុងវិស័យកសិកម្ម និងនេសាទ ប៉ុន្តែក៏មានធ្វើការងារតាមរដូវកាល ឬការងារធម្មតាដែរ ឬក៏បង្កើតមុខរបបតូចៗខ្លួនឯង។ អ្នកមួយចំនួន ក៏អត់ការងារធ្វើដែរ។

តើពួកគេត្រូវចំណាយប៉ុន្មានសម្រាប់ការធ្វើដំណើរ?

អ្នកជំនាញប្រឆាំងការជួញដូរមនុស្សនៅវៀតណាម បាននិយាយថា ជនអន្តោប្រវេសន៍អាចចំណាយជាច្រើន។ សម្រាប់អ្នកដែលមានលុយតិច ចន្លោះពី ១០.០០០ ទៅ ១៥.០០០ដុល្លារ ហើយការធ្វើដំណើររបស់ពួកគេគឺពិបាកខ្លាំង និងអាចរួមមានការធ្វើដំណើរឆ្លងកាត់ព្រៃនៅពេលយប់ផងដែរ។ ប៉ុន្តែសម្រាប់អ្នកដែលមានលទ្ធភាពចំណាយចន្លោះ ៤០.០០០ ទៅ ៥០.០០០ដុល្លារ នឹងធ្វើដំណើរភាគច្រើនតាមយន្តហោះ។ សម្រាប់ជនជាតិវៀតណាមមួយចំនួនរស់នៅក្នុងតំបន់ជនបទ ប្រាក់ចំនួន ៣០.០០០ដុល្លា ពួកគេធ្វើការងារនៅវៀតណាមប្រហែល ៣០ឆ្នាំទើបបាន។ បើតាមអង្គការសហប្រជាជាតិ ជនអន្តោប្រវេសន៍វៀតណាម ផ្តល់ចំណូលដល់ជនជួញដូរមនុស្សប្រមាណ ៣០០លានដុល្លារក្នុង មួយឆ្នាំ សម្រាប់ឲ្យមានការជួយយកពួកគេទៅកាន់ទឹកដីអឺរ៉ុប។ អ្នកខ្លះមិនមានលុយសម្រាប់លើការចំណាយនោះទេ ហើយអ្នកមួយចំនួនបានខ្ចីពីគ្រួសារ និងអ្នករាប់អានគ្នាស្និទ្ធ។

តើពួកគេទៅដល់អង់គ្លេសដោយរបៀបណា?

ភ្នាក់ងារជួញដូរបានផ្តល់សេវាកម្មចំនួន ២ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់អង់គ្លេសគឺសេវាកម្មល្អ និងសេវាកម្មសន្សំសំចៃ។ នេះបើតាមការស្រាវជ្រាវរបស់គណៈកម្មាការឯករាជ្យប្រឆាំងនឹងទាសភាព។ សម្រាប់សេវកម្មល្អ (Premium) មានការប្រថុយប្រថានតិចតួចសម្រាប់ជនអន្តោប្រវេសន៍ ដែលពួកគេអាចធ្វើដំណើរតាមយន្តហោះ និងមានការឲ្យស្នាក់នៅក្នុងផ្ទះដោយសុវត្ថិភាពមុនពេលធ្វើដំណើរទៅកាន់អង់គ្លេស។ ចំណែកសេវាកម្មទាប (Economy) អាចត្រូវចំណាយពេលរាប់ខែដើម្បីបញ្ជូនជនទាំងនោះឲ្យទៅដល់អង់គ្លេស ប៉ុន្តែទោះបីជាអ្នកជ្រើសរើសយកសេវាកម្មណាក៏ដោយ ចុងក្រោយជនទាំងនោះនឹងត្រូវទៅកន្លែងព្រំដែនដូចគ្នា ជិះនៅលើរថយន្ត ឬកប៉ាល់ដើម្បីឆ្លងចូលទៅទីគោលដៅ៕ អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ ប្រភព៖ BBC

website_news/2019281010.txt · Last modified: 2019/10/28 16:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki