website_news:2019281102

អភិបាលខេត្តកំពង់ចាម យកអំណោយ ទៅផ្ដល់ជូនគ្រួសារសពពលករ ស្លាប់នៅកូរ៉េ

https://www.dap-news.com/national/ ByVNT108 Posted on November 27, 2019

កំពង់ចាម៖ ប្រធានសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយអនុវត្តទៅតាមការ ណែនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំអំណោយទៅផ្ដល់ជូនគ្រួសារសពពលករស្លាប់នៅប្រទេសកូរ៉េ ស្ថិតនៅភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ អំណោយដែលបានផ្ដល់ជូននោះរួមមាន ថវិការចំនួន ៥.០០០.០០០ រៀល (ប្រាំលានរៀលគត់) អង្ករចំនួន ១០០គីឡូ . មីចំនួន ០៥កេស-ទឹកក្រូចចំនួន ០៥កេស-ត្រីខចំនួន ០៥យូរ-ទឹកត្រីចំនួន ០៥យូរ-ទឹកស៊ីអីវចំនួន ០៥យួរ ផងដែរ ។

ស្ថិតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានថ្លែងពាំនាំការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលលោកទាំងពីរ តែងតែស្រឡាញ់អាណិត និងយកចិត្តទុកដាក់ ដល់សុខនិងទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសជួបនូវទុក្ខលំបាកផ្សេងៗ ។

ជាមួយគ្នានោះដែរ ក្រុមគ្រួសារសព បន្ទាប់ពីបានទទួលអំណោយ ដ៏ថ្លៃថ្លានេះ ក៏បានលើកដៃប្រណម សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ដែលបាននាំអំណោយនេះ មកផ្តល់ជូនក្រុមគ្រួសារគាត់ផងដែរ ។ សូមបញ្ជាក់ថា សពលោក ពក ពឿន ហៅ ប៊ុន ថាន ជាពលករធ្វើការនៅប្រទេសកូរ៉េ បានស្លាប់កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង១២និង៤០នាទីយប់ នៅប្រទេសកូរ៉េ ក្នុងអាយុ២២ឆ្នាំដោយសាររោគាពាធ ៕

website_news/2019281102.txt · Last modified: 2019/11/28 13:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki