website_news:2019290102

ដល់អាជ្ញាធរខេត្តចុះទៅទើបដោះស្រាយបានស្រេច

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៩ម៉ោង ១៧:២២ច័ន្ទ រស្មី

ខេត្តសៀមរាប ៖ បន្ទាប់ពីទទួលបានព័ត៌មានស្តីពីការបញ្ឈប់ការងារ និងមិនបានបើកប្រាក់ខែអោយក្មេងស្រីចំនួនពីរនាក់នៅហាងបោកអ៊ុតក្នុងក្រុងសៀមរាប អាជ្ញាធរខេត្តបានចាត់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះពិនិត្យ និងដោះស្រាយជូនពួកគាត់ ។

ប្រធានមន្ទីរបានចាត់លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរជាប្រធានក្រុមការងារកិច្ចការទេសន្តរប្រវេសន៍ បានធ្វើការស្រាវជ្រាវចុះសម្របសម្រួលដោយទំនាក់ទំនងជាមួយម្ចាស់ហាងបោកអ៊ុត N V K សេវសឺវីសឡនឌ្រី ដែលមានម្ចាស់ហាងឈ្មោះ សំ រចនា ជាជនជាតិខ្មែរ (ប្រពន្ធ) ប្តីជាជនជាតិបរទេស និងកម្មករទាំងពីរនាក់រួមមានឈ្មោះ ថន សុជាតា ភេទស្រី ទីន្លែងកំណើតភូមិស្រយ៉ូវជើង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងឈ្មោះ ណិល ស្រីអែម ភេទស្រី នៅឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ។

តាមរយៈការសាកសួរអំពីមូលហេតុម្ចាស់ហាងបានប្រាប់ថា មូលហេតុដែលបញ្ឈប់ និងមិនបានបើកផ្តល់ជូនប្រាក់ខែដោយសារកម្មករទាំងពីរនាក់ខាងលើមិនយកចិត្តដាក់ក្នុងការងារ (ពេលភ្ញៀវមករកសេវាពួកគេមិនទទួលរាក់ទាក់ភ្ញៀវ និងបោកអ៊ុតសំលៀកបំពាក់ភ្ញៀវមិនស្អាត) ធ្វើឲ្យបាត់អតិថិជនជាច្រើន និងធ្វើឲ្យខូចម៉ាស៊ីនបោកខោអាវទៀតផង ។

បន្ទាប់ពីស្តាប់មូលហេតុ រួចលោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើការពន្យល់អំពីច្បាប់ស្តីពីការងារ និងហេតុផលគ្រប់យ៉ាងដល់ម្ចាស់ហាងជៀសវាងមានវិវាទវែងឆ្ងាយជាមួយគ្នានេះថៅកែក៏បានព្រមព្រៀងតាមសំណើរបស់មន្ទីរការងារដោយបានព្រមបើកផ្តល់ជូនកម្មករទាំងពីរខាងលើ តាមការព្រមព្រៀងរវាងថៅកែ និងកម្មករ ដោយម្នាក់ទទួលបាន១៣០ដុល្លារ និងម្នាក់ទៀតទទួលបាន១២០ដុល្លារ គិតទៅតាមចំនួនថ្ងៃដែលបានបម្រើការងារ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ ខេត្តសៀមរាប បានប្រគល់ថវិកាជូនកម្មករទាំងពីរដែលបម្រើការងារនៅកន្លែងបោកអ៊ុត NVK រួចរាល់ហើយ ។ ទន្ទឹមនឹងការទទួលបានថវិកានេះកម្មករទាំងពីរនាក់ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចំណាច់ការរបស់អាជ្ញាធរ ពិសេសលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គខបជ និងមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការអន្តរាគមន៍ជូនដល់ពួកគាត់ ៕

website_news/2019290102.txt · Last modified: 2019/01/29 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki