website_news:2019290105

សាលាឧទ្ធរណ៍សម្រេចប្រកាសសាលដីកា បន្ថយទោសដល់ស្ត្រីជាប់ចោទម្នាក់ ១ ឆ្នាំ់

https://www.postkhmer.com/ គឹម សារុំ | Publication date 29 January 2019 | 08:20 ICT

ភ្នំពេញៈ សាលាឧទ្ធរណ៍បានសម្រេចបន្ថយទោសស្ត្រីជាប់ចោទម្នាក់ចំនួន ១ ឆ្នាំ ជាប់ចោទបទសញ្ចារកម្មមានស្ថានទម្ងន់ទោស ដោយសារបានបើកកន្លែងម៉ាស្សាបង្កប់សេវារួមភេទប្រព្រឹត្តកាលពីឆ្នាំ ២០១៥ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍កាលពីម្សិលមិញបានបើកសវនាការប្រកាសសាលដីកាចំពោះមុខស្ត្រីជាប់ចោទម្នាក់ដោយបន្ថយទោសពីជាប់ពន្ធនាគារ ៦ ឆ្នាំមកនៅ ៥ ឆ្នាំវិញ។ សវនាការជំនុំជម្រះបានធ្វើឡើងកាលពីថ្ងៃទី ១៥ មករា តែពេលនោះពុំបានប្រកាសសាលដីកាភ្លាមទេ។

នៅក្នុងបន្ទប់សវនាការពីម្សិលមិញលោកស្រីចៅក្រម ចាន់ ម៉ាឌីណា មិនបានបញ្ជាក់ពីមូលហេតុនៃការបន្ថយទោសដល់ស្ត្រីជាប់ចោទនោះទេ ដោយគ្រាន់តែប្រាប់ទៅស្ត្រីជាប់ចោទថាតុលាការមិនបានអានសំអាងហេតុដល់ជនជាប់ចោទទេដោយគ្រាន់តែអានសេចក្តីសម្រេចជូនប៉ុណ្ណោះ។ លោកស្រីថ្លែងថា៖ «ស្ត្រីជាប់ចោទបើអ្នកមិនសុខចិត្តនឹងការសម្រេចសេចក្តីរបស់សាលាឧទ្ធរណ៍ទេអ្នកអាចប្តឹងសារទុក្ខទៅតុលាការកំពូលបន្តទៀតបាន គិតចាប់ពីថ្ងៃប្រកាសសាលដីកានេះ ១ ខែ»។

យោងតាមកំណត់ហេតុរបស់តុលាការបានឲ្យដឹងថាស្ត្រីជាប់ចោទឈ្មោះ លឹម ណៃអន អាយុ ៣៨ ឆ្នាំបានបើកកន្លែងម៉ាស្សាកោសជប់មួយកន្លែងមានយីហោឈ្មោះ ៩៩៩ ស្ថិតនៅក្នុងភូមិ-សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញហើយត្រូវបាននគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សរាជធានីភ្នំពេញចុះឆែកឆេរនិងឃាត់ខ្លួននារីម៉ាស្សាបានចំនួន ៤ នាក់កាលពីរសៀលថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០១៥។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចឃាត់ខ្លួនបាននារីបម្រើការក្នុងហាងម៉ាស្សាកោសជប់នោះសរុបចំនួន ៥ នាក់ប៉ុន្តែក្រោយមកសមត្ថកិច្ចបានដោះលែងនារីម៉ាស្សាចំនួន ៤ នាក់វិញហើយបានឃាត់ខ្លួនស្ត្រីជាប់ចោទជាម្ចាស់ហាងម៉ាស្សាកោសជប់នេះ។ ពេលនោះសមត្ថកិច្ចបានឆែកឆេរក្នុងហាងម៉ាស្សាកើតហេតុនិងបានរកឃើញស្រោមអនាម័យទាំងប្រើហើយនិងមិនទាន់ប្រើបានមួយចំនួនធំ។

សំណុំរឿងនេះត្រូវសាលាដំបូងបើកសវនាការកាលពីថ្ងៃទី ២០ មីនា ២០១៦ និងប្រកាសសាលក្រមនៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០១៦ ដោយសម្រេចផ្តន្ទាទោសស្ត្រីជាប់ចោទដាក់ពន្ធនាគារ ៦ ឆ្នាំចោទបទសញ្ចារកម្មមានស្ថានទម្ងន់ទោសដោយទាក់ទងនឹងចារីតាមបញ្ញត្តិមាត្រា ២៧ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា ២៨៨ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃជំនុំជម្រះកន្លងមកស្ត្រីជាប់ចោទលឹម ណៃអនបានប្រាប់ចៅក្រមថា គាត់ប្តឹងមកសាលាឧទ្ធរណ៍ពេលនេះដោយសារគាត់ចង់ឲ្យសាលាឧទ្ធរណ៍បន្ថយទោសដល់គាត់ព្រោះមានកូនតូចនៅក្នុងបន្ទុក ៣ នាក់គ្មានអ្នកថែទាំហើយពួកគេមិនបានរៀនសូត្រត្រឹមត្រូវទេ។ ម្យ៉ាងម្តាយគាត់ចាស់ជរាហើយគាត់បានដឹងថា មានកំហុសហើយ៕

website_news/2019290105.txt · Last modified: 2019/01/29 14:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki