website_news:2019290106

ពលករបរទេសខ្លះនៅថៃរួមទាំងខ្មែរ ពុំទាន់ចុះឈ្មោះទទួលសេវាថែទាំសុខភាព

https://www.postkhmer.com/ ខន សាវិ | Publication date 29 January 2019 | 09:00 ICT

ភ្នំពេញៈ ពលករមួយចំនួន ក្នុងចំណោមពលករប្រមាណជិត ៥ លាននាក់ ដែលកំពុងធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅក្នុងប្រទេសថៃ ក្នុងនោះក៏មានកូនៗរបស់ពួកគេប្រមាណ ២០ ម៉ឺននាក់ និងក៏មានពលករខ្មែរប្រមាណជិត ២ លាននាក់ផងដែរនោះនៅពុំទាន់ត្រូវបានចុះឈ្មោះ ដើម្បីទទួលបានសេវាថែទាំសុខភាពនៅឡើយ ហើយកូនៗរបស់ពួកគេវិញ ក៏កំពុងប្រឈមមិនបានរៀនសូត្រផងដែរ

របាយការណ៍ដែលចេញកាលពីថ្ងៃទី ២៤ ខែមករា របស់ទីស្នាក់ការសម្របសម្រួលជនស្នាក់នៅនៃអង្គការសហប្រជាជាតិប្រចាំប្រទេសថៃ (Office of the United Nations Resident Coordinator) ស្ដីពីជនអន្តោប្រវេសន៍ក្នុងប្រទេសថៃនៅឆ្នាំ ២០១៩ នេះបង្ហាញថា បច្ចុប្បន្ន ប្រទេសថៃ មានជនអន្តោប្រវេសន៍ប្រហែល ៤ លាន ៩ សែននាក់ ហើយក្នុងនោះចំនួន ៣ លាន ៩ សែននាក់ គឺជាពលករស្របច្បាប់មកពីប្រទេស មីយ៉ាន់ម៉ា វៀតណាម ឡាវ និងប្រទេសកម្ពុជា។ ជនអន្តោប្រវេសន៍ទាំងនេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៅដល់ប្រទេស ថៃ ដូចជាការបំពេញភាពខ្វះខាតកម្លាំងពលកម្ម និងបានចូលរួមចំណែកពីចន្លោះជាង ៤% ទៅជាង ៦% នៃផលិតផលក្នុងស្រុកដែលជួយសេដ្ឋកិច្ចប្រទេសថៃឲ្យរីកចម្រើន។

ផ្ទុយទៅវិញនៅក្នុងរបាយការណ៍បញ្ជាក់ថា នៅតែមានជនអន្តោប្រវេសន៍ជាច្រើនបន្តប្រឈមនឹងទុក្ខលំបាកនិងបន្តក្លាយជាជនរងគ្រោះដែលត្រូវគេរំលោភបំពានថ្វីដ្បិតស្ថានភាពសម្រាប់ជនអន្តោប្រវេសន៍ ក្នុងប្រទេស ថៃ មានលក្ខណៈល្អប្រសើរខ្លះ ចាប់ពីឆ្នាំ ២០១៤ ក្ដី។ របាយការណ៍បានកត់សម្គាល់ថា ជនអន្តោប្រវេសន៍ស្របច្បាប់មានតែ ៥១% ប៉ុណ្ណោះ ដែលគេចុះឈ្មោះសម្រាប់ទទួលបានសេវាថែទាំសុខភាពខណៈកូនៗរបស់ពួកគេចំនួន ២ សែននាក់ បន្តគ្មានឱកាសចូលសិក្សារៀនសូត្រនៅឡើយ។

ទោះបីយ៉ាងណា របាយការណ៍នេះមិនបានបញ្ជាក់ថា តើក្នុងចំណោមនោះមានពលករកម្ពុជាចំនួនប៉ុន្មាននាក់ទេ ប៉ុន្តែ បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពលករខ្មែរស្របច្បាប់មានជាង ១ លាននាក់ ខណៈលោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សលើកឡើងថា តាមការប៉ាន់ប្រមាណចុងក្រោយ អាចមានចំនួនពី ១ លាន ៧ សែននាក់ ទៅដល់ ២ លាននាក់ ហើយក្នុងចំណោមអ្នកទាំងនេះ ប្រហែល ២០% គឺជាពលករខុសច្បាប់។ លោកតុលាថ្លែងថា ថ្វីដ្បិតពលករស្របច្បាប់ មានការធានារ៉ាប់រងពីរបបសន្ដិសុខសង្គម សម្រាប់ថែទាំសុខភាពក្ដី ប៉ុន្តែពួកគេខ្លះ នៅតែមានឧបសគ្គទទួលសេវានេះដដែលដោយសារមានក្ដីព្រួយបារម្ភអំពីការប្រើភាសានៅពេលត្រូវទៅព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនានារបស់ថៃ ដែលបញ្ហានេះកើតឡើង ដោយសាររោងចក្រមួយចំនួន មិនបានរកអ្នកបកប្រែភាសាសម្រាប់ពលករបរទេស។ បើតាមលោក តុលា អ្នកដែលទទួលបានការធានារ៉ាប់រងសុខភាពគឺភាគច្រើន ជាពលករបំពេញការងារនៅតាមបណ្ដារោងចក្រធំៗ ដូចជារោងចក្រផលិតសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកជាដើម ប៉ុន្តែសម្រាប់ពលករវិស័យសំណង់ កសិកម្ម និងនៅតាមភោជនីយដ្ឋាន ឬហាងបាយតូចតាចវិញ មិនទទួលបានសេវានេះទេ។ លោកថា៖ «បញ្ហាមួយទៀតរឿងកូន ដោយសារពួកគាត់ចំណាកស្រុកជាគ្រួសារ អ៊ីចឹងក្មេងនៅតែអត់ទាន់បានចូលសាលា និងអត់ទទួលបានសេវាផ្សេងៗពីរដ្ឋគេទេ រឿងហ្នឹងដោះអត់ទាន់ចេញទេ អាហ្នឹងទាមទារឱ្យរដ្ឋទាំងពីរកម្ពុជា-ថៃ ត្រូវជជែកគ្នា ហើយស្នើឱ្យភាគីថៃ ដោះរឿងហ្នឹង»។ លោកតុលា បន្ថែមថា ក្រៅពីនេះ ក៏មានពលករខ្លះ ត្រូវបានអាជ្ញាធរថៃ ចាប់ឃុំឃាំង ដោយសារតែពួកគាត់ប្រើប្រាស់លិខិតឆ្លងដែនខុសច្បាប់ តាមការចាញ់បោកមេខ្យល់ និងខ្លះទៀត ដែលមិនស្របច្បាប់ ត្រូវបានថៅកែថៃបញ្ឆោតឱ្យធ្វើការអស់ជាច្រើនខែ និងក្រោយមកមិនបើកប្រាក់ខែឱ្យ ហើយថែមទាំងហៅអាជ្ញាធរថៃ មកចាប់ខ្លួនពួកគាត់ថែមទៀត។ លោកតុលាថ្លែងទៀតថា លោកក៏កំពុងព្រួយបារម្ភ ចំពោះពលករធ្វើការនៅតាមទូកនេសាទ និងវិស័យសំណង់ខ្លះ ដែលត្រូវបានគេបង្ខំឱ្យប្រើប្រាស់គ្រឿងញៀនឱ្យមានកម្លាំងដើម្បីបំពេញការងារ ហើយមិនទទួលបានប្រាក់ខែ។

ចំណែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ លើកឡើងដែរថា ថ្វីត្បិតរដ្ឋាភិបាលកម្ពុជាបានសហការជាមួយរដ្ឋាភិបាលថៃផ្ដល់ភាពស្របច្បាប់ ១០០ ភាគរយដល់ពលករកម្ពុជាបានជាង ១ លាននាក់ក្ដី ប៉ុន្តែក្រសួងនៅតែព្រួយបារម្ភថា ពលករទាំងនោះ អាចក្លាយជាពលករខុសច្បាប់វិញ ប្រសិនបើពួកគេរំលោភច្បាប់ការងាររបស់ថៃ។ «យោងទៅតាមច្បាប់ការងារថៃ ទោះបីជានៅខែ ៦ ឆ្នាំ ២០១៨ ដែលរាជរដ្ឋាភិបាលបានសហការជាមួយរាជ រដ្ឋាភិបាលថៃ ផ្ដល់ភាពស្របច្បាប់ដល់ពួកគាត់ក៏ដោយ ប៉ុន្តែប្រសិនជាគាត់ធ្វើការផ្លាស់ប្ដូរកន្លែងធ្វើការដោយមិនបានសុំការអនុញ្ញាតពីមន្ទីរការងារថៃជាមុនទេគឺគាត់អាចក្លាយជាអ្នកខុសច្បាប់វិញ អានេះគឺជាក្ដីព្រួយបារម្ភរបស់យើង»។ លោកបន្តថា រដ្ឋាភិបាលប្រទេសទាំង ២ ក៏បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ឱ្យពលករខ្មែរមានសិទ្ធិពេញលេញទៅតាមច្បាប់នៃប្រទេសថៃ ដូចជាការធានារ៉ាប់រងគ្រោះថ្នាក់ ការងារផ្នែកសុខភាព និងការទទួលបានប្រាក់បៀវត្សរ៍ពេញលេញជាដើម។

នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក ណៃ សម្បត្តិ ដែលជាពលករខ្មែរម្នាក់កំពុងធ្វើការនៅក្នុងរោងចក្រផលិតកន្សែងពោះគោ នៅខេត្តឈុនបូរី ឲ្យដឹងថា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ការរំលោភសិទ្ធិពលករខ្មែរ និងរូបភាពប្រើហិង្សាផ្សេងៗលើពលករខ្មែរហាក់ដូចជាស្ងប់ស្ងាត់ច្រើន ដោយសារបច្ចុប្បន្ន ពលករជាច្រើន បានទទួលភាពស្របច្បាប់ដើម្បីបំពេញការងារ។ «ស្ថានភាពពលករដែលមកធ្វើការនៅក្នុងប្រទេស ថៃ ឥឡូវ ហាក់មានភាពស្ងប់ស្ងាត់ខ្ញុំចង់និយាយថា វាមានលំនឹងព្រោះពួកគាត់ភាគច្រើនស្របច្បាប់ ប៉ុន្តែគ្រាន់តែថា តាមរោងចក្រមួយចំនួន អារឿងប្រាក់ចំណូលពួកគាត់ វាអត់ដូចគ្នា ដោយសារសេដ្ឋកិច្ចថៃវាអត់សូវល្អដែរ»៕ Contact author: ខន សាវិ

website_news/2019290106.txt · Last modified: 2019/01/29 14:30 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki