website_news:2019290302

ពលករមានកូនតូចធ្វើការនៅថៃ រិះគន់មន្ត្រីស្ថានទូតខ្មែរនៅទីក្រុងបាងកកថា មិនយកចិត្តទុកដាក់ចំពោះពួកគេ

https://www.rfa.org/khmer/news/ ដោយ សន ចាន់រដ្ឋា 2019-03-28

ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលមានកូនតូចយកទៅនៅជាមួយ រិះគន់មន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ថាមិនគិតពីទុក្ខលំបាករបស់ពលករ។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីពួកគាត់ទៅបំពេញឯកសារនៅស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ត្រូវចំណាយពេលយូរពេកចំណាយអស់ថវិកាច្រើន និងតឹងចិត្តនៅពេលឃើញមន្ត្រីទូតធ្វើការយឺត។ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ ហើយមានកូនតូច ចោទថា មន្ត្រីស្ថានទូតខ្មែរព្រងើយកន្តើយដាក់ពួកគាត់ នៅពេលពួកគាត់ទៅរកជំនួយឯកសារផ្លូវច្បាប់។

ពលករខ្មែរធ្វើការនៅប្រទេសថៃ លោក វីន មករា ថ្លែងប្រាប់អាស៊ីសេរីឲ្យដឹងនៅថ្ងៃទី២៧មីនាថា ពួកគាត់ជួបការលំបាកយ៉ាងខ្លាំងក្នុងការធ្វើលិខិតបញ្ជាក់ពីស្ថានទូតខ្មែរម្ដងៗ ជាពិសេសលិខិតបញ្ជាក់ដើម្បីយកកូនទៅតាមក្នុងពេលធ្វើការនៅប្រទេសថៃ។ ពលកររូបនេះ អះអាងថា កាលពីថ្ងៃទី២៣ មីនាកន្លងទៅ ពួកគាត់បាននាំកូនទៅធ្វើលិខិតបញ្ជាក់ពីស្ថានទូត ត្រូវចំណាយពេលរង់ចាំតាំងពីម៉ោង ៨កន្លះព្រឹករហូតដល់ម៉ោង១០យប់ ទើបបានឯកសារ។ លោកបន្តថា មន្ត្រីស្ថានទូតមិនអើពើជួយដល់ពលករ ដែលចង់បានឯកសារឆាប់ ធ្វើមួយថ្ងៃរួចនោះទេ ប្រសិនបើពួកគាត់មិនបានបង់ប្រាក់ក្រៅផ្លូវការចំនួន២០០បាត ឬប្រមាណ ២ម៉ឺន ៥ពាន់រៀល (២៥.០០០រៀល) ក្នុងម្នាក់ជូនដល់មន្ត្រីទូតនោះ។ លោកថា នៅក្នុងស្ថានទូតមិនតម្រូវឲ្យបង់ប្រាក់ធ្វើលិខិតបញ្ជាក់នាំកូនទៅជាមួយឪពុកម្ដាយនោះទេ ក៏ប៉ុន្តែពលករដែលគ្មានប្រាក់បង់ គឺត្រូវរង់ចាំរយៈពេល ៣ថ្ងៃ ទើបបាន។ បញ្ហានេះប៉ះពាល់ដល់ពលករនៅខេត្តឆ្ងាយៗ ត្រូវស្នាក់នៅទីក្រុងបាងកកច្រើនថ្ងៃ៖ «វាផ្ទុយនឹងស្ថានទូតប្រទេសគេ ហើយមិនគោរពពេលវេលាទេ បើស្ថានទូតលាវនៅជិតនោះ គឺគេធ្វើការបម្រើពលរដ្ឋរបស់គេល្អណាស់ គេសឹងតែមិនឈប់សម្រាកផង គេសុខចិត្តផ្លាស់ប្ដូរគ្នាបម្រើពលរដ្ឋគេធ្វើមិចឲ្យបានហើយ គេយល់ពីសុខទុក្ខរបស់ពលករ។ចំពោះទូតខ្មែរគឺ ផ្ទុយស្រឡះ ដល់ពេលឈប់គឺឈប់តែម្ដង ហើយចាក់សោមិនឲ្យចេញទៀត ទាល់តែពួកខ្ញុំទៅសុំ ថាបងអើយខ្ញុំសុំយកក្មេងទៅហូបអីសិន បើបងចាក់សោអ៊ីចឹងក្មេងៗ ចេញទៅក្រៅមិនកើត គាត់ថា ម៉េចក៏មិនប្រាប់មុន»។ លោកបន្តថា បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់សតិអារម្មណ៍របស់ពលករ ព្រោះត្រូវចំណាយអស់ថវិកាច្រើន ដើម្បីស្នាក់នៅទីក្រុងបាងកក ព្រោះពលករមួយចំនួនធ្វើការនៅតាមខេត្ត មិនមានបងប្អូននៅក្បែរស្ថានទូតនោះទេ ម្យ៉ាងទៀតក៏ប្រឈមនឹងថៅកែបញ្ឈប់បីការងារដែរ ដោយសារមិនបានធ្វើការច្រើនថ្ងៃ។

ពលករម្នាក់ទៀត ធ្វើការនៅខេត្តរ៉ាក់យ៉ង (Rakyorng) នៅភាគខាងកើតទៅក្រុងបាងកក លោក ឡេង ឡុង អះអាងថា នៅពេលធ្វើលិខិតបញ្ជាក់ពីស្ថានទូតម្ដងៗ ពួកគាត់នៅរង់ចាំដាច់បាយក្រហាយទឹកយ៉ាងលំបាកលំបិនស្ទើរតែខ្យល់ចាប់ ព្រោះទាំងម្ដាយឪពុកនឹងកូនឈរនៅក្រោមកម្ដៅថ្ងៃនៅក្នុងស្ថានទូតពេញមួយថ្ងៃ។ លោកបន្តថា ទោះបីជាពួកគាត់លំបាកយ៉ាងនេះក្ដី ក៏មន្ត្រីទូតមិនអើពើជាមួយពួកគាត់ដែរ ដោយប្រៀបដូចពួកគាត់ជាជនអន្តោប្រវេសន្តខុសច្បាប់ទៅសុំសិទ្ធជ្រកកោនប្រទេសដទៃដូច្នេះដែរ៖ «មើលតាមទូរទស្សន៍វាខុសពីកន្លែងដែលខ្ញុំទៅ ព្រោះខ្ញុំទៅទូត ៣ដងហើយ ក្នុងទូរទស្សន៍គេថាជួយពលករ ដល់ពេលខ្ញុំទៅដល់ផ្ទាល់វាអត់ដូច។ ជនជាតិថៃនៅក្បែរទូតក៏គេនិយាយប្រាប់ខ្ញុំដែរ គេថាស្ថានទូតខ្មែរធ្វើការយឺតណាស់ ហើយធ្វើការមិនទៀតទាត់ម៉ោងទៀត។ ចំពោះមនុស្សធំខ្ញុំមិនសូវខឹងទេ តែនេះកូនក្មេងគ្នាក្ដៅលំបាក»។ អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកទទួលបន្ទុកផ្នែកពលករ លោក ចិន សំណាង ដើម្បីឆ្លើយតបជុំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី២៦ និងទី២៧ មីនា ដោយអ្នកលើកទូរស័ព្ទអះអាងថា ខ្លួនជាជំនួយការមន្ត្រីទូតមានប្រសាសន៍ថា លោក ចិន សំណាង ជាប់រវល់ ហើយថា លោកក៏មិនអាចបកស្រាយជុំវិញបញ្ហានេះបានដែរ៖ «ខ្ញុំអត់ដឹងដែរបងចំណុចនឹងទាល់តែបងទាក់ទងទៅខាងមន្ត្រីទទួលបន្ទុកដោយត្រង់ ព្រោះខ្ញុំគ្រាន់តែបុគ្គលិកកិច្ចសន្យារបស់ទីប្រឹក្សាទទួលបន្ទុកពលករ។ តាមធម្មតា គឺយើងធ្វើការពីម៉ោង ៨ន្លះទៅដល់ម៉ោង ១២ថ្ងៃ រួចហើយយើងធ្វើការម្ដងទៀតពី ២ ដល់ម៉ោង ៥ល្ងាច»។

ទោះជាយ៉ាងនេះក្ដីនាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មានប្រសាសន៍ថា កន្លងមកលោកតែងទទួលដំណឹងពីពលករអំពីការលំបាកក្នុងពេលធ្វើលិខិតស្នាមពីស្ថានទូតខ្មែរជាប្រចាំ។ លោកបន្តថា ការមិនយកចិត្តទុកដាក់ដល់ពលករ គឺជារឿងមិនត្រឹមត្រូវឡើយ ព្រោះមន្ត្រីទូតជាតំណាងឲ្យអាជ្ញាធរខ្មែរប្រចាំនៅក្រៅប្រទេសសម្រាប់ជួយដោះស្រាយទុកលំបាករបស់ពលករ ពីព្រោះពួកគាត់ក៏បានបង់ពន្ធជូនរដ្ឋបានប្រាក់ចំណូលជាតិជាច្រើនដែរ។ លោកបន្តថា ការបំពេញការងារយឺតយ៉ាវ នាំឲ្យប៉ះពាល់ដល់ប្រាក់ចំណូល និងការងាររបស់ពលករ ព្រោះត្រូវចំណាយពេលច្រើនថ្ងៃក្នុងការធ្វើដំណើរ និងស្នាក់នៅទីក្រុងបាងកក៖ «កន្លែងនេះខ្ញុំគិតថារដ្ឋយើងគួរតែចាប់ផ្ដើមពិចារណារឿងនេះ ហើយសម្រួលតាំងពីឯកសារផ្សេងៗ ហើយអាចយកសេចក្ដីប្រកាសរបស់សមាគមអាស៊ាន ព្រោះយើងនៅក្នុងប្រទេសអាស៊ានក៏ដូចជំហរលើការគោរពការលើកស្ទួយរបស់ពលករចំណាកស្រុកក៏មានចែង ហើយចង្អុលបង្ហាញប្រទេសទាំងអស់ដែលជាសមាជិកអាស៊ានទោះបីជាប្រទេសបញ្ជូនក៏ដោយប្រទេសទទួលក៏ដោយ គឺគោរពយ៉ាងម៉ឺងម៉ាត់បំផុតទៅលើអនុសញ្ញាពលកម្មអន្តរជាតិពាក់ព័ន្ធការលើកស្ទួយសិទ្ធិពលករចំណាកស្រុកនិងក្រុមគ្រួសាររបស់គាត់»។ មន្ត្រីសង្គមស៊ីវិលរូបនេះបន្តថា ពលករនាំកុមារទៅធ្វើការជាមួយឪពុកម្ដាយនៅក្រៅប្រទេសដោយសារពួកគេមានជីវភាពក្រីក្រ ហើយគ្មានអ្នកមើលថែពួកគេនៅស្រុកកំណើត។ ដូច្នេះ ពួកគេត្រូវនាំកូនទៅធ្វើការជាមួយដោយមិនបានរៀនសូតនោះទេ។ ពលករអះអាងថា ប្រមាណ ២ឆ្នាំចុងក្រោយមកនេះ អាជ្ញាធរថៃបានរឹងបន្តឹងច្បាប់នាំក្មេងឆ្លងដែនទៅប្រទេសថៃ ហើយបើទោះបីជាឪពុកម្ដាយមានលិខិតឆ្លងដែនស្របច្បាប់ក៏ដោយ ក៏តម្រូវឲ្យមានលិខិតបញ្ជាក់ពីស្ថានទូតដែរ ទើបអាជ្ញាធរថៃអនុញ្ញាតឲ្យពួកគេឆ្លងដែនបាន៕

website_news/2019290302.txt · Last modified: 2019/03/29 11:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki