website_news:2019290303

ស្ថានទូតកម្ពុជា ប្រកាសថា វិទ្យុអាស៊ីសេរីផ្សាយ ប្រាសចាកពីការពិត ពាក់ព័ន្ធនឹងការផ្តល់សេវាដល់ពលករខ្មែរ នៅប្រទេសថៃ

http://www.freshnewsasia.com/ 2019-03-28

(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសមួយថា ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ពាក់ព័ន្ធនឹងការផ្តល់សេវាដល់ពលករខ្មែរ នៅប្រទេសថៃ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ គឺភាគច្រើនប្រាសចាកពីការពិត។ សេចក្តីប្រកាសបានបញ្ជាក់ថា «យោងតាមការចាក់ផ្សាយរបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការផ្តល់សេវាផ្សេងៗដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសថៃ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជាពិសេសបងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃមេត្តាជ្រាបថា ស្ថានទូតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់វិទ្យុអាស៊ីសេរី ដែលបានទទួលស្គាល់ថា ស្ថានទូតផ្តល់សេវាជូនដល់ពលកររហូតដល់ម៉ោង១០យប់ ក៏ប៉ុន្តែព័ត៌មានភាគច្រើនគឺប្រាកចាកពីការពិត»។ ជាមួយគ្នាផងដែរ ស្ថានទូតក៏បានថា កន្លងមកស្ថានទូតបានយកចិត្តទុកដាក់ដល់ពលករកម្ពុជា ដោយបានជួយសម្រួល និងដោះស្រាយបញ្ហានានារបស់បងប្អូនពលករដូចជា៖

១៖ រៀបចំទីតាំងដែលមានម៉ាស៊ីនត្រជាក់ មានទឹកសម្រាប់ហូប និងមានកៅអីអង្អុយរងចាំសមរម្យដល់បងប្អូនពលករដែលមកទទួលសេវា។

២៖ បន្ថែមរយៈពេលអនុវត្តការងារផ្តល់សេវាសាធារណជូនដល់បងប្អូនពលករ ដោយមិនមានឈប់សម្រាកពេលថ្ងៃត្រង់ និងបន្ថែមថ្ងៃធ្វើការ នៅថ្ងៃសៅ-អាទិត្យ ចាប់ពីថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ដើម្បីសម្រួលការងារបញ្ជាក់លិខិតស្នាមនានាជូនដល់បងប្អូនប្រជាពលរដ្ឋនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

៣៖ ផ្តល់សេវាក្នុងថ្ងៃតែមួយដល់ពលករ មានន័យថាពលករមកស្នើសុំឯកសារផ្សេង ដូចជាលិខិតបញ្ជាក់អោយកូនក្រោមអាយុ១៥ឆ្នាំ គ្មានលិខិតឆ្លងដែនរស់នៅជាមួយឳពុកម្តាយនៅប្រទេសថៃបណ្តោះអាសន្ន គឺអាចទទួលបានលិខិតបញ្ជាក់នោះនៅក្នុងថ្ងៃតែមួយតែម្តង ដើម្បីជួយកាត់បន្ថយការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនពលករទៅវិញទៅមក ក៏ដូចជារយៈពេលដែលបងប្អូនពលករត្រូវសុំច្បាប់ឈប់សម្រាកពីការងារក្រុមហ៊ុន។ ចំពោះការផ្តល់លិខិតបញ្ជាក់អោយកូនក្រោមអាយុ១៥ឆ្នាំ គ្មានលិខិតឆ្លងដែនរស់ជាមួយឳពុកម្តាយនៅប្រទេសថៃបណ្តោះអាសន្ន ស្ថានទូតត្រូវធ្វើការត្រួតពិនិត្យអោយបានល្អិតល្អន់ជៀសវាងការចេញលិខិតបញ្ជាក់ជូនហើយ ប៉ុន្តែមិនអាចយកទៅប្រើប្រាស់បាន ឬចេញលិខិតជូនជនខិលខូចដែលនាំអោយមានការពាក់ព័ន្ធនឹងការជួញដូរកុមារ បើគ្មានការពិនិត្យច្បាស់លាស់នោះទេ កុមារនឹងក្លាយជាជនរងគ្រោះជាក់ជាពុំខានឡើយ។

៤៖ ពន្យល់ណែនាំដល់បងប្អូនពលករអោយបានយល់អំពីនិតិវិធីផ្សេងៗពាក់ព័ន្ធការស្នាក់នៅ និងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ ក៏ដូចជាសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗដែលបងប្អូនពលករយើងអាចទទួលបាន។

៥៖ ជួយដោះស្រាយនូវបញ្ហាផ្សេងៗជូនដល់បងប្អូនពលករ ដូចជាករណីនិយោជកមិនគោរពកិច្ចសន្យាការងារ ករណីអាជ្ញាធរថៃចាប់ខ្លួន ករណីចាញ់បោកមេខ្យល់ ករណីគ្រោះថ្នាក់ការងារ។ល។

website_news/2019290303.txt · Last modified: 2019/03/29 11:20 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki