website_news:2019290402

ភាគីពាក់ព័ន្ធប្រជុំពិភាក្សារកវិធីការពារពលករខ្មែរចំណាកស្រុករកការងារនៅស្រុកថៃ

https://www.rfa.org/khmer/news/ ដោយ វ៉ែន សុមេធ 2019-04-27

តំណាងរដ្ឋាភិបាលប្រទេសកម្ពុជា-ថៃ វិស័យឯកជន និងពលករ បានរៀបចំវេទិកាស្វែងរកវិធីការពារសុវត្ថិភាព និងផលប្រយោជន៍កម្មករចំណាកស្រុក រយៈពេល៣ថ្ងៃ គឺពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ មេសា នៅខេត្តសៀមរាប។ តំណាងក្រសួងមហាផ្ទៃអះអាងថា កិច្ចពិភាក្សាបានបញ្ចប់តែមិនទាន់សម្រេចលទ្ធផលបែបណា ដោយភាគីពាក់ព័ន្ធនឹងយកសំណើរបស់ពលករទៅពិភាក្សាគ្នាបន្ថែម។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង ដែលបានចូលរួមក្នុងវេទិកាពិភាក្សា នៅខេត្តសៀមរាប ប្រាប់អាស៊ីសេរីថា កិច្ចពិភាក្សាបានបិទបញ្ចប់ហើយ តែមតិយោបល់ និងកង្វល់ របស់ពលករ នឹងត្រូវភាគីពាក់ព័ន្ធលើកយកទៅពិភាក្សាគ្នា ដើម្បីរកវិធីជួយពលករបន្ថែមទៀត។ អ្នកស្រីអះអាងថា កន្លងមករដ្ឋាភិបាលបានជួយសម្រួលដល់ពលករនៅប្រទេសថៃច្រើន ដូចជា ការចេញឯកសារ ការផ្ដល់សេវាផ្នែកច្បាប់ជាដើម ប៉ុន្តែនៅតែមានចន្លោះ និងមិនទាន់ធានាសុវត្ថិភាពពេញលេញជូនកម្មករ ដូច្នេះរដ្ឋាភិបាលនឹងព្យាយាមបន្ថែមទៀត៖ «មិនទាន់ចេញជាការដោះស្រាយទេ ប៉ុន្តែយើងប្រមូលយកធាតុចូល (មតិ) មកពិភាក្សាដើម្បីយកមកគិតថា តើយើងក្នុងនាមរដ្ឋាភិបាលយើងអាចចូលរួមជួយដោះស្រាយយ៉ាងម៉េច? ចំពោះដៃគូរបស់ប្រទេសទាំងពីរនេះយើងអាចជួយអ្វីបានខ្លះចំពោះផ្នែករដ្ឋបាល និងផ្នែកគោលនយោបាយទាំងនឹង»។

អង្គការឃ្លាំមើលសិទ្ធិការងារ ឈ្មោះ ស៊ីវិល វ៉ល់លែនធាគ្រុប (Civil Volunteer Group) ហៅកាត់ថា GVC បានរៀបចំកម្មវិធីពិភាក្សារយៈពេល៣ថ្ងៃ នៅខេត្តសៀមរាប ដោយបានអញ្ជើញភាគីតំណាងរដ្ឋាភិបាលកម្ពុជា-ថៃ គណៈប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន មកចូលរួមពិភាក្សា ជាលើកទី២ ស្ដីពី កិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនការធ្វើចំណាកស្រុក និងការជួញដូរមនុស្ស ដែលផ្ដោតលើការពង្រឹងការងារ និងសមត្ថកិច្ចរបស់អ្នកពាក់ព័ន្ធនានា រវាងកម្ពុជានិងថៃ ដើម្បីកែលម្អ ការអនុវត្តគោលនយោបាយ សិទ្ធិពលករចំណាកស្រុកកម្ពុជា។

បច្ចុប្បន្នប្រជាជនកម្ពុជា ជាង ១.២លាននាក់ កំពុងធ្វើការនៅក្រៅប្រទេសខណៈប្រទេសថៃ នៅតែជាប្រទេសគោលដៅសំខាន់ សម្រាប់ជនចំណាកស្រុកពីកម្ពុជា ដែលមានជាង ៩២ ភាគរយ។ ក្នុងនោះមាន ៧៣ ភាគរយ ត្រូវបានអង្គការពលកម្មអន្តរជាតិ (ILO) និងអង្គការទេសន្តរប្រវេសក៍ អន្តរជាតិ (IOM) នៅអាស៊ីអាគ្នេយ៍ រកឃើញថា បានចំណាកស្រុកចូលទៅប្រទេសថៃ តាមរយៈមធ្យោបាយមិនទៀងទាត់។ អង្គការGVC រកឃើញថា នៅក្នុងប្រទេសថៃ ពលករចំណាកស្រុកកម្ពុជាងាយរងគ្រោះខ្លាំង។ អង្គការនេះ ទទួលស្គាល់ថា រដ្ឋាភិបាលប្រទេសទាំង២ គឺកម្ពុជា ថៃ បានខិតខំជួយការពារពលករខ្មែរ ប៉ុន្តែចំនួនពលករទាំងជាស្ត្រី ជាបុរស និងជាយុវជន ត្រូវបានរំលោភបំពាន និងកេងប្រវ័ញ្ច នៅតែមានចំនួនកើនឡើង។

មន្ត្រីកម្មវិធីនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់អង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា យល់ថា កត្តាដែលធ្វើឱ្យពលករខ្មែរ នៅប្រទេសថៃ នៅតែរងការរំលោភបំពាន និងកេងប្រវ័ញ្ច ដោយសារ អាជ្ញាធរមិនបានអនុវត្តយន្តការដែលមានស្រាប់ ដែលច្បាប់បានចែង៖ «យន្តការទាំងអស់នោះអត់មានការឆ្លើយតប វាមិនដំណើរការនោះទេ អត់ឆ្លើយតបនឹង គឺមានហេតុផលទី១ រដ្ឋតែងតែលើកឡើងដដែលៗថា មិនមានថវិកាគ្រប់គ្រាន់ក្នុងការបង្កើតគណៈកម្មការនោះទេ»។ ទោះបែបណា តំណាងសង្គមស៊ីវិលឃ្លាំមើលសិទ្ធិពលកររូបនេះ លើកទឹកចិត្តឱ្យមានការជួបជជែកគ្នាញឹកញាប់ រវាងតំណាងរដ្ឋាភិបាលប្រទេសទាំងពីរ តំណាងអ្នកទទួលពលករ និងពលករផ្ទាល់ ដើម្បីបានដឹងពីសុខទុក្ខរបស់ពលករ ដែលរងការរំលោភបំពាន និងកេងប្រវ័ញ្ច៕

website_news/2019290402.txt · Last modified: 2019/04/30 10:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki