website_news:2019290404

អាជ្ញាធរថៃបញ្ជូនអ្នកទោស២នាក់ប្រគល់ឱ្យអាជ្ញាធរកម្ពុជាវិញ

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ០៩:១០ ឱម សារឿន

ខេត្តឧត្តរមានជ័យ ៖ អ្នកទោសខ្មែរចំនួន២នាក់ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសថៃត្រូវបានក្រុមអាជ្ញាធរថៃធ្វើការដោះលែងឱ្យមានសេរីភាពវិញ និងនាំមកប្រគល់ឱ្យក្រុមអាជ្ញាធរកម្ពុជា កាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០១៩ នៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

អ្នកទោសខ្មែរទាំង២នាក់ដែលក្រុមអាជ្ញាធរថៃធ្វើការដោះលែង ក្នុងនោះម្នាក់ឈ្មោះជា សម្បត្តិភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ មេសា ឆ្នាំ២០១៩ ចូលតាមច្រកជាំ និងជាប់ចោទពីបទកាប់ឈើគ្រញូងខុសច្បាប់ និងម្នាក់ទៀតឈ្មោះ តូ ទុំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិត្រពាំងលើ ឃុំត្រពាំងលើ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៥ ឧសភា ២០១៧ ចូលតាមច្រកប៉ោយប៉ែត និងជាប់ចោទពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ។ អ្នកទាំងពីរបានជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត ប្រទេសថៃ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា ក្រោយពីបានទទួលអ្នកទោសខ្មែរ២នាក់ពីក្រុមអាជ្ញាធរថៃ សមត្តកិច្ចកម្ពុជាបានធ្វើការអប់រំ និងធ្វើកិច្ចសន្យារួចឱ្យវិលត្រឡប់ទៅលំនៅឋានវិញជួបជុំក្រុមគ្រួសារក្នុងថ្ងៃដដែល៕

website_news/2019290404.txt · Last modified: 2019/04/30 10:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki