website_news:2019290701

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួន ស្ត្រីមេខ្យល់២នាក់ពាក់ព័ន្ធករណី ជួញដូរមនុស្សឆ្លងដែន

http://bayontv.com.kh/ 26/07/2019

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានឃាត់ខ្លួនស្ត្រីសង្ស័យ៦នាក់ ក្នុងនោះ ស្ត្រីមេខ្យល់ចំនួន២នាក់ នារីរងគ្រោះ ចំនួនន០៤ នាក់(អនីតិជន០២នាក់) ពាក់ព័ន្ធករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក វរៈសេនីយ៍ទោ ហួត សុភ័ក្ត្រ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យចំនួន៦នាក់ កាលពីវេលាម៉ោង ៨:០០នាទី ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរបងវត្តមហាមន្ត្រី ផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។

នគរបាលបានអោយដឹងថា ស្ត្រីសង្ស័យ០២ពាក់ព័ន្ធករណី ជួញដូរមនុស្សឆ្លងដែន ទី១. ឈ្មោះ សុខា រដ្ឋធានី ហៅ នីយ៉ា ភេទស្រី អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងក្រអូប និងទី២. ឈ្មោះ ថាច់ ដាវី ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ។ ចំណែកនារីរងគ្រោះចំនួន០៤នាក់ ក្នុងនោះ ជាអនីតិជន ចំនួន០២នាក់។ នគរបាលជំនាញ បានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃ រហូតដល់ស៊ីជម្រៅ បានចុះទៅឃាត់ខ្លួនស្ត្រីសង្ស័យភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។ នគរបាលជំនាញបានបន្តអោយដឹងថា យោងតាមច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ក្នុង មាត្រា ១១ បានចែងថា ការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនជនណាដែលនាំយកជន ដទៃបេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬ នៅយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (បាំពីរ) ឆ្នាំដល់១៥ (ដប់ប្រាំ) ឆ្នាំ។ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងប្រទេសណាមួយក្រៅពីព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រគល់ ឬ នជននោះទៅប្រទេសផ្សេងទៀត ត្រូវផ្តន្ទាទោសដូចគ្នានឹងកថាខណ្ទី ១ ខាងលើ។ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃឆ្នាំ ក្នុងករណីដែល -ជនរងគ្រោះជាអនីតិជន។

– អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។

– អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។

យោងតាមនារីរងគ្រោះបានរៀបរាប់អោយដឹងថា មុនពេលពួកនារីរងគ្រោះសម្រេចចិត្តទៅប្រទេសចិន គឺមានស្ត្រីម្នាក់ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាមនិងទទួលបានក្នុងម្នាក់៣០០០ដុល្លារអាមេរិក ហើយរាល់ការធ្វើឯកសារនិងធ្វើដំណើរ គឺមានអ្នករាប់រងទាំងអស់តែម្ដង។ នារីរងគ្រោះបានបន្តទៀតថា ពេលនោះពួកនាងបានសួរថា គាត់ពុំមានលិខិតឆ្លងដែនទេ នារីមេខ្យល់ក៏បានប្រាប់ថា ពុំចាំបាច់មានលិខិតឆ្លងដែនទេគឺត្រូវធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត នៅពេលទៅដល់បាវិត គឺមានមេខ្យល់ម្នាក់ទៀតជាជនជាតិវៀតណាម ចាំទទួល ដើម្បីនាំឆ្លងដែនទៅប្រទេសចិន តែម្ដង។

បច្ចុប្បន្នស្ត្រីមេខ្យល់ ទាំង២នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកនារីរងគ្រោះទាំង០៤នាក់ ក្នុងនោះ អនីតិជនចំនួន០២នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

website_news/2019290701.txt · Last modified: 2019/07/29 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki