website_news:2019290704

ប៉ូលីសបញ្ជូនមេខ្យល់ព្យុះនាំស្ត្រីខ្មែរឆ្លងដែនទៅបរទេសឡើងតុលាការ

http://khmer.peoplenews.asia/ ដោយ ៖ រិទ្ធី ថ្ងៃទី29 ខែ07 ឆ្នាំ2019 ម៉ោង 10:49 AM

ភ្នំពេញ៖ លោកខៀវ ផល្លា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យទី២៨ កក្ដដា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមសាកសួរស្ត្រីខ្មែរ២នាក់ ដែលពាក់ព័ន្ធបទល្មើសនាំស្ត្រីខ្មែរឆ្លងដែនទៅប្រទេសចិន ។ យោងតាមរបាយកសរណ៍របស់នគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានឃាត់ខ្លួនស្រ្តីសង្ស័យ៦នាក់ ក្នុងនោះស្រ្តីមេខ្យល់ ចំនួន២នាក់ នារីរងគ្រោះចំនួន៤នាក់ ( អនីតិជន២នាក់ ) ពាក់ព័ន្ធករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង៨៖០០នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចរបងវត្តមហាមន្រ្តី ផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។ របាយកសរណ៍បញ្ជាក់ថា ស្រ្តីជាជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនដែលបញ្ជូនមកតុលាការ ទី១. ឈ្មោះ សុខា រដ្ឋធានី ( ហៅ នីយ៉ា ) អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងក្រអូប និងទី២. ឈ្មោះ ថាច់ ដាវី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ។

ចំណែកនារីរងគ្រោះចំនួន៤នាក់ ក្នុងនោះ ជាអនីតិជន ចំនួន២នាក់ ត្រូវបានបញ្ជូនអោយមន្ទីរសង្គមកិច្ចគ្រប់គ្រងបណ្ដោះអាសន្ន២នាក់ និង២នាក់ប្រគល់អោយគ្រួសារនាំយកទៅស្រុកកំណើតវិញ ។ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើ គឺកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃ ទើបឈានទៅឃាត់ខ្លួនស្រ្តីជាជនសង្ស័យភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរនាំ។

យោងតាមច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ ក្នុងមាត្រា១១ បានចែងថា ការនាំយកចេញដោយមិនស្របច្បាប់ សម្រាប់នាំឆ្លងដែន ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ ឬនៅយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ (បាំពីរ) ឆ្នាំដល់ ១៥(ដប់ប្រាំ)ឆ្នាំ។ ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងប្រទេសណាមួយ ក្រៅពីព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រគល់ ឬ ជននោះទៅប្រទេសផ្សេងទៀត ត្រូវផ្តន្ទាទោសដូចគ្នានឹងកថាខណ្ទី១ខាងលើ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥(ដប់ប្រាំ)ឆ្នាំ ទៅ ២០ (ម្ភៃឆ្នាំ ក្នុងករណីដែលជនរងគ្រោះជាអនីតិជន។ អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាច របស់ខ្លួនមកលើជនរងគ្រោះ។ អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។

ពាក់ព័ន្ធករណីខាងលើនេះ បើតាមនារីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនពេលពួកនាងសម្រេចចិត្តទៅប្រទេសចិន គឺមានស្រ្តីម្នាក់ ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាម និងទទួលបានលុយក្នុងម្នាក់ ចំនួន៣០០០ដុល្លារអាមេរិក ហើយរាល់ការធ្វើឯកសារ និងធ្វើដំណើរ គឺមានអ្នករាប់រងទាំងអស់តែម្ដង។ នារីរងគ្រោះ បន្តទៀតថា ពេលនោះពួកនាងបានសួរថា គាត់ពុំមានលិខិតឆ្លងដែនទេ នារីមេខ្យល់ក៏បានប្រាប់ថា ពុំចាំបាច់មានលិខិតឆ្លងដែនទេ គឺត្រូវធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិត នៅពេលទៅដល់បាវិត គឺមានមេខ្យល់ម្នាក់ទៀត ជាជនជាតិវៀតណាមចាំទទួល ដើម្បីនាំឆ្លងដែនទៅប្រទេសចិនតែម្ដង។

យោងតាមកិច្ចប្រជុំរបស់អគ្គស្នងការនគរបាលជាតិកាលពីសប្ដាហ៍មុន នៅក្នុងឆមាសទី១ដើមឆ្នាំ២០១៩នេះ មានអំពើជួញដូរមនុស្សចំនួន៧៨ករណីត្រូវបានសមត្ថកិច្ចបង្ក្រាបនិងចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាមច្បាប់៕

website_news/2019290704.txt · Last modified: 2019/07/29 15:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki