website_news:2019290801

សមត្ថកិច្ចកំពុងសួរមនុស្ស ១១ នាក់ រឿងលួចបម្រើផ្លូវភេទក្នុងបារ៍

https://www.postkhmer.com/ សុទ្ធ គឹមសឿន | Publication date 28 August 2019 | 14:37 ICT

ភ្នំពេញៈ មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃកាលពីម្សិលមិញបាន និងកំពុងសួរមនុស្សប្រុសស្រីចំនួន ១១ នាក់ បន្ទាប់ពីឃាត់ខ្លួនពេលចុះបង្ក្រាបនៅបារ៍មួយកន្លែងដែលមានយីហោ «បាន់នីបារ៍» កាលពីយប់ថ្ងៃទី ២៦ ខែ សីហា ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញដោយបានរកឃើញមានបង្កប់សេវាបម្រើផ្លូវភេទ។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានថ្លែងថា ករណីនេះកម្លាំងរបស់លោកគ្រាន់តែសហការជាមួយមន្ត្រីការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនប៉ុណ្ណោះ រីឯរបាយការណ៍ផ្សេងៗត្រូវបានប្រគល់ជូនការិយាល័យនោះទាំងអស់។ «យើងប្រគល់របាយការណ៍ឲ្យគេហើយគឺខាងការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនជាអ្នកធ្វើការងារនេះ»។ ស្រដៀងគ្នានេះដែរមន្ត្រីនគរបាលខណ្ឌដូនពេញម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាក្រុមការងារលោកគ្រាន់តែចូលរួមសហការទេ ក៏ប៉ុន្តែ «រឿងរបាយការណ៍ ឬគេចាត់ចែង និងសាកសួរអ្វីបន្តទៀត ខ្ញុំអត់ដឹងទេ»។ ដោយឡែកលោក អ៊ុន សំអាត នាយប៉ុស្ដិ៍នគរបាលសង្កាត់វត្តភ្នំបានថ្លែងពីម្សិលមិញថាលោកបានចូលរួមក្នុងប្រតិបត្តិការនេះ ប៉ុន្ដែលោកមិនដឹងពីនីតិវិធីរបស់មន្ត្រីជំនាញទេ «ខ្ញុំគ្រាន់តែទៅចូលរួមសហការជាមួយកម្លាំងការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនហើយគេធ្វើយ៉ាងណាទៀតគឺរឿងគេទេ»។

កាលពីម្សិលមិញលោក ឡៅ លីន ប្រធានការិយាល័យជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃមិនបានធ្វើអត្ថាធិប្បាយជុំវិញករណីនេះទេ នៅមុនពេលលោកផ្ដាច់ទូរស័ព្ទ។

ប៉ុន្តែលោក សំបូរ មាណ្ណារិទ្ធ អនុប្រធាននាយកដ្ឋានមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនីតិជននៃក្រសួងមហាផ្ទៃត្រូវបានសារព័ត៌មានរស្មីកម្ពុជាដកស្រង់សម្ដីកាលពីថ្ងៃទី ២៦ សីហា ថា ការចុះបង្ក្រាបនេះបានឃាត់ខ្លួននារីរងគ្រោះចំនួន ៨ នាក់។ លោកបញ្ជាក់ថា ក្នុងនោះមានអនីតិជន (ក្រោមអាយុ ១៨ ឆ្នាំ) និងថៅកែប្រុសស្រី ២ នាក់រួមទាំងមេការម្នាក់ទៀតសរុបចំនួន ១១ នាក់។

ថៅកែស្រីជាជនជាតិខ្មែរ និងថៅកែប្រុសជាជនជាតិអូស្ត្រាលីឈ្មោះ ចន អាយុ ៧១ ឆ្នាំ។ ចំណែកមេការជាជនជាតិបរទេសដែលមិនប្រាប់ឲ្យស្គាល់អត្តសញ្ញាណ។ លោកបន្តថាក្រោយឃាត់ខ្លួននារីរងគ្រោះ សមត្ថកិច្ចក៏បានរកឃើញស្រោមអនាម័យមួយចំនួនធំ ទាំងប្រើរួច និងមិនទាន់ប្រើ ហើយត្រូវបាននាំយកទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីអប់រំ។ ដោយឡែកជនសង្ស័យជាថៅកែ និងមេការត្រូវបានបញ្ជូនមកសាកសួរនៅនាយកដ្ឋានមន្ទីរប្រឆាំងការជួញដូរមនុស្ស និងអនីតិជនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការបន្តតាមនីតិវិធីច្បាប់។ រីឯទីតាំងនោះត្រូវបានសមត្ថកិច្ចបិទទ្វារបណ្ណោះអាសន្ន៕

website_news/2019290801.txt · Last modified: 2019/08/29 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki