website_news:2019290808

ចាប់ខ្លួន២នាក់ប្ដី-ប្រពន្ធ លក់ទារកទើបនឹងកើតទៅឲ្យឈ្មួញចិន

https://kbn.news/ August 29, 2019

វៀតណាម ៖ កម្លាំងសមត្ថកិច្ចបានបង្ក្រាបសកម្មភាពជួញដូរមនុស្ស ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ២នាក់ប្ដី-ប្រពន្ធ ដែលជាប់ពាក់ព័ន្ធនឹងករណីលក់ទារកទើបនឹងកើតទៅឱ្យឈ្មួញដែលជាជនជាតិចិន នៅព្រំដែន វៀតណាម-ចិន កាលពីពេលថ្មីៗកន្លងមកនេះ ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យដែលមានវ័យ២២ឆ្នាំ និង២៨ឆ្នាំ ត្រូវបានឃាត់ខ្លួន នៅច្រកព្រំដែន Chi Ma ក្នុងស្រុក Loc Binh ខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម នៅពេលពួកគេព្យាយាមឆ្លងចូលទៅចិន ។ ចំណែកទារកដែលទើបនឹងកើត មិនមែនជាកូនបង្កើតរបស់ជនសង្ស័យទាំងពីរនាក់ឡើយ ពោលគឺ ពួកគេទទួលបានទារកពីស្ត្រីម្នាក់ទៀត ដែលធ្វើការនៅមន្ទីរពេទ្យមួយកន្លែង នៅខេត្ត Dong Nai ភាគខាងត្បូងប្រទេសវៀតណាម ។ សមត្ថកិច្ចបញ្ជាក់បន្ថែមទៀតថា បន្ទាប់មកពួកគេទទួលបានទារក ជនសង្ស័យបានផ្ដល់ប្រាក់១០លានដុង ប្រមាណជា៤៣០ដុល្លារអាមេរិក ឱ្យស្ត្រីរូបនោះ ដើម្បីយកទៅធ្វើសំបុត្រកំណើតក្លែងក្លាយ ។ ក្រុមជនសង្ស័យមានគម្រោងលក់ទារកនោះទៅឱ្យឈ្មួញចិនម្នាក់(មិនស្គាល់អត្តសញ្ញាណ) ក្នុងតម្លៃ២,១៥០ដុល្លារ ក្នុងទារកម្នាក់ ។

សូមជម្រាបថា បច្ចុប្បន្ន ករណីត្រូវបានបញ្ជូនទៅកាន់តុលាការវៀតណាម ចាត់ការតាមនីតិវិធីច្បាប់ ខណៈទារកខាងលើ ត្រូវបានបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចខេត្ត Lang Son ។ មកទល់ពេលនេះគេមិនទាន់ដឹងថា ក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពល្មើសនេះប៉ុន្មានលើកមកហើយទេ ៕

website_news/2019290808.txt · Last modified: 2019/08/29 14:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki