website_news:2019291101

ជ្រើសរើសពលរដ្ឋខ្មែរ ឱ្យទៅធ្វើការនៅប្រទេសជប៉ុន

http://www.cen.com.kh/ November 29, 2019

ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ JITCO នៃប្រទេសជប៉ុន រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ទៅដល់ទីភ្នាក់ងារជ្រើសរើសឯកជន អំពីស្ថានភាព នៃគម្រោងកម្មសិក្សាការី និងចែករំលែកព័ត៌មាន អំពីគម្រោងពលករជំនាញ។

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការ JITCO នៃប្រទេសជប៉ុនបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយទៅដល់ទីភ្នាក់ងារជ្រើសរើសឯកជន អំពីស្ថានភាពនៃគម្រោងកម្មសិក្សាការីជំនាញបច្ចេកទេស និងចែករំលែកព័ត៌មានអំពីគម្រោងពលករជំនាញ ដោយមានការចូលរួមពីសមាគម និងទីភ្នាក់ជ្រើសរើសឯកជនកម្ពុជាចំនួន ១០៩ក្រុមហ៊ុន។ ថ្លែងបើកកម្មវិធីសិក្ខាសាលានេះ លោកហ៊ូ វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា រាជដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជប៉ុន បានសហការបញ្ជូន និងទទួលកម្មសិក្សាការីជំនាញកម្ពុជា ចាប់តាំងពីឆ្នាំ២០០៣ ហើយអគ្គនាយកដ្ឋានការងារ តំណាងឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើគម្រោងបញ្ជូនកម្មសិក្សាការីជំនាញបច្ចេកទេស ជាមួយអង្គការ JITCO ដែលជាតំណាងនៃរដ្ឋាភិបាលនៃប្រទេសជប៉ុន តាំងពីឆ្នាំ២០០៧មកម្លេះ។

លោកអនុរដ្ឋលេខាធិការសង្ឃឹមថា កម្មវិធីសិក្ខាសាលានាថ្ងៃនេះ បានផ្តល់ឱកាសដល់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា បានភិភាក្សា និងទទួលបានការណែនាំពីអង្គការ JITCO នូវចំណេះដឹងថ្មីៗ សម្រាប់ពង្រឹងប្រសិទ្ធភាព ក្នុងការជ្រើសរើសពលរដ្ឋខ្មែរ ឱ្យទៅធ្វើការនៅប្រទេសជប៉ុន តាមរយៈគម្រោងកម្មសិក្សាការីជំនាញបច្ចេកទេស និងគម្រោងពលករជំនាញ សំដៅពង្រឹងសុខដុមរមនាសង្គម ដោយផ្តល់ជូនប្រជាពលរដ្ឋនូវឱកាសការងារសមរម្យ និងប្រកបដោយផលិតភាពការងារខ្ពស់។

គួរបញ្ជាក់ដែរថា កម្មសិក្ខាសាលានៅប្រទេសកម្ពុជានេះ ជាលើកទី២ ហើយដែលលើកទី១ ត្រូវបានរៀបចំកាលពីឆ្នាំ២០១៧៕ ដោយ៖កូឡាប

website_news/2019291101.txt · Last modified: 2019/11/29 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki