website_news:2019291102

តើទីប្រឹក្សាការងារប្រចាំស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូងមានភារកិច្ចអ្វីខ្លះ?

https://thmeythmey.com/ 28, Nov 2019 , 6:29 pm

មានទីប្រឹក្សាការងារ២រូប ដែលកំពុងបំពេញបេសកកម្មប្រចាំស្ថានទូតកម្ពុជានៅសាធារណកូរ៉េ ខណៈដែលពលករខ្មែរដែលកំពុងធ្វើការនៅក្នុងសាធារណកូរ៉េមានជាង៤ម៉ឺននាក់។ ទីប្រឹក្សាទាំងពីររូបត្រូវមានយុទ្ធសាស្ត្រធ្វើការងារ ដើម្បីអាចទទួលបានព័ត៌មានច្រើនជាអតិបរមាតាមតែអាចធ្វើបានអំពីបញ្ហារបស់ពលករ។ តើពួកគេត្រូវធ្វើដូចម្តេចខ្លះ?

ថៅកែមិនអនុវត្តកិច្ចសន្យាការងារ ពលករ ពលការិនី មានបញ្ហាសុខភាព បញ្ហាបើកប្រាក់ខែយឺត គ្រោះថ្នាក់ការងារ មរណភាព និងបញ្ហានានាជាច្រើនទៀតសុទ្ធតែធ្លាប់បាន និងកំពុងកើតលើពលករ ពលការិនីកម្ពុជាដែលកំពុងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ។ ទីប្រឹក្សាការងារនៃស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងត្រូវជួយអន្តរាគមន៍រកដំណោះស្រាយជូនពលករខ្មែរ។

លោក សាម៉េន សុខា ទីប្រឹក្សាការងារមួយរូបបានផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗកាលពីពេលថ្មីៗកន្លងទៅនេះ ដើម្បីពន្យល់ ពន្យល់អំពីរបៀបនៃការអនុវត្តការងាររបស់លោក និងរៀបរាប់អំពីស្ថានភាពរបស់ពលករខ្មែរនៅក្នុងប្រទេសកូរ៉េនោះ។ បើតាមការរៀបរាប់របស់លោក សាម៉េន សុខា លោកត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរកូរ៉េ មជ្ឈមណ្ឌលគាំពារពលកររបស់ប្រទេសកូរ៉េ និងជាពិសេសការបង្កើតបណ្តាញការងារជាមួយនឹងស្ត្រីខ្មែរដែលរៀបការជាមួយស្វាមីកូរ៉េ។ «នៅពេលពលករ ពលការិនីខ្មែរជួបបញ្ហាអ្វីមួយ យើងមិនអាចទៅដល់ទីកន្លែងទាន់ពេលវេលានោះឡើយ។ ដូច្នេះមានតែពួកគេដែលអាចអន្តរាគមន៍បន្ទាន់ មុននឹងក្រុមការងារស្ថានទូតទៅដល់។»។ នេះជាការបញ្ជាក់របស់លោក សាម៉េន សុខា នៅក្នុងការិយាល័យរបស់លោកក្នុងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ។

លោក សុខា បានបង្ហាញករណីខ្លះៗដែលទាក់ទងនឹងការងាររបស់លោក។ «ឧទាហរណ៍ថាមានពលករយើងជួបគ្រោះថ្នាក់ការងារ។ យើងខ្ញុំត្រូវទៅជួបថៅកែ ដើម្បីពិនិត្យឱ្យច្បាស់ថា ជនរងគ្រោះបានទទួលការព្យាបាល និងសំណងពេញលេញស្របតាមការកំណត់របស់ច្បាប់។ ជាទូទៅ យើងតែងទទួលបានជោគជ័យនៅក្នុងការអនុវត្តភារកិច្ចរបស់យើង។ បើតាមការអះអាងរបស់លោក សាម៉េន សុខា មានពលករ ពលការិនីកម្ពុជាជាង៤ម៉ឺននាក់ដែលកំពុងបំពេញការងារនៅក្នុងសាធាររដ្ឋកូរ៉េ នេះដោយមិនគិតពីសហគមន៍ស្ត្រីខ្មែរដែលរៀបការជាមួយស្វាមីកូរ៉េផង។

លោកបន្តថា កូតាចំនួនពលករខ្មែរដែលសាធារណរដ្ឋកូរ៉េផ្តល់ឱ្យកម្ពុជានៅតែមានជំនួនច្រើន ដោយសារតែភ្នាក់ងារអភិវឌ្ឍធនធានមនុស្សរបស់កូរ៉េ បានសរសើរអំពីគុណសម្បត្តិរបស់ពលករ ពលការិនីកម្ពុជាដែលឧស្សាហ៍ព្យាយាម។ «ខ្ញុំសង្កេតឃើញថា ពលករ ពលការិនីខ្មែរយើងបានខិតខំធ្វើការងារ និងឆ្លៀតអភិវឌ្ឍខ្លួនឯងដោយរៀនជំនាញផ្សេងៗ និងពង្រឹងផ្នែកភាសាផង នៅពេលដែលពួកគេកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េនេះ។ ម្យ៉ាងវិញទៀត ខ្ញុំក៏សង្កេតឃើញពួកគេរហ័សរហួនច្រើន»។ នេះជាការអត្ថាធិប្បាយរបស់លោក សាម៉េន សុខា ទីប្រឹក្សាការងារប្រចាំស្ថានទូតកម្ពុជានៅសាធារណរដ្ឋកូរ៉េ៕

website_news/2019291102.txt · Last modified: 2019/11/29 14:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki