website_news:2019300401

គោលនយោបាយការបរទេសត្រឹមត្រូវទើបពលរដ្ឋខ្មែររាប់ម៉ឺននាក់មានឱកាសទៅធ្វើការក្រៅប្រទេស

https://kohsantepheapdaily.com.kh/article/ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៩ ម៉ោង ១៥:១៦ អ៊ាង ប៊ុនរិទ្ធ

រាជធានីភ្នំពេញ ៖ គ្មានគោលនយោបាយការបរទេសត្រឹមត្រូវរបស់រាជរដ្ឋភិបាលកម្ពុជានោះទេ ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ច្បាស់ជាគ្មានឱកាសបានទៅធ្វើការនៅប្រទេសកូរ៉េឡើយ ។ ផ្ទុយទៅមានគោលនយោបាយបរទេសត្រឹមត្រូវទើបមានពលកររាប់ម៉ឺននាក់ មានឱកាសទៅធ្វើការនៅកូរ៉េ និងបណ្តាប្រទេសផ្សេងៗទៀត ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។

លោកសុខ ឥសាន បានលើកឡើងតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ថា ពីមុនមករាប់សិបឆ្នាំចាប់ពីប្រទេសកូរ៉េបានឯករាជ្យ និងចាប់ពីប្រទេសកម្ពុជាបានឯករាជ្យនាឆ្នាំ១៩៥៣ មកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមិនទាន់មាននៅឡើយ ទោះបីប្រទេសកូរ៉េខាងត្បូងជាសមាជិកអង្គការសហប្រជាជាតិដូចប្រទេសកូរ៉េ ខាងជើងដែរក៏ដោយ ។ លោកបន្តថា តែមកដល់ទសវត្សរឆ្នាំ១៩៩០ ដោយសារស្នាដៃសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទើបប្រទេសទាំងពីរ គឺព្រះរាជាណាចក្រកម្ពុជា និងសាធារណ រដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារហូតមកដល់បច្ចុប្បន្ននេះ ។ លោកឲ្យដឹងទៀតថា ដោយសារមានទំនាក់ទំនងការទូតនេះហើយ ទើបកម្ពុជាអាចមានលទ្ធភាពបញ្ជូនពលករខ្មែររាប់ម៉ឺននាក់ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូងនេះ ដែលបានប្រាក់ឈ្នួលខ្ពស់អាចមានលទ្ធភាពផ្ញើមកជួយទ្រទ្រង់ជីវភាពក្រុមគ្រួសារនៅក្នុងប្រទេសបានល្អប្រសើរដូចសព្វថ្ងៃ ។ អ្នកនាំពាក្យសង្កត់ធ្ងន់ថា ពលករខ្មែរដែលបានទៅធ្វើការនៅប្រទេសកូរ៉េកុំភ្លេចគុណសម្បត្តិដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជាឲ្យសោះ ។ លោកបញ្ជាក់ថា ការទៅប្រឡងធ្វើតេស្ត និងបំពេញបែបបទផ្សេងៗ ដើម្បីទៅប្រទេសកូរ៉េ គ្រាន់តែជានីតិវិធីតែប៉ុណ្ណ្ណោះ ។ លោថា «ដូច្នេះ បើគ្មានគោលនយោបាយការបរទេសត្រឹមត្រូវរបស់រាជរដ្ឋភិបាល កម្ពុជារបស់គណបក្សប្រជាជនកម្ពុជាទេ ពលករខ្មែររាប់ម៉ឺននាក់ច្បាស់ជាគ្មានឱកាសមានមុខបានទៅធ្វើការនៅប្រទេសកូរ៉េជាដាច់ខាត» ។

បើតាមឯកសារមួយរបស់រដ្ឋាភិបាលបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋចំនួន២០៨.៤០០នាក់ បានទទួលការងារថ្មីធ្វើនៅឆ្នាំ២០១៨ ហើយក៏មានពលរដ្ឋកម្ពុជាចំនួនជិត៧ម៉ឺននាក់ បានទៅធ្វើការងារនៅបរទេស ។ ឯកសារក៏បានឲ្យដឹងថា ក្នុងចំណោមមនុស្សទាំង២០៨.៤០០នាក់ ដែលបានទទួលការងារថ្មីធ្វើនោះ គឺមានស្ត្រីចំនួន១១៧.៧០០នាក់ ។ ក្នុងចំណោមនោះចំនួន១៤០.០០០នាក់ បានធ្វើការងារនៅក្នុងប្រទេស ហើយចំនួនជិត៧ម៉ឺននាក់បានទៅធ្វើការងារនៅក្រៅប្រទេស ។ ក្នុងចំណោមទាំងអស់នោះដែរ គឺមានពលរដ្ឋកម្ពុជាចំនួនជិត៧ម៉ឺន បានទៅធ្វើការងារនៅក្រៅប្រទេស ជាពិសេសប្រទេសថៃចំនួន៦ម៉ឺននាក់ ប្រទេសកូរ៉េខាងត្បូងចំនួនជិត៥.០០០នាក់ និងជប៉ុនជាង៣ពាន់នាក់

website_news/2019300401.txt · Last modified: 2019/04/30 15:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki