website_news:2019300701

សមត្ថកិច្ចចុះបង្ក្រាបផ្ទះម៉ាស្សាកោសជប់ បង្កប់សេវាផ្លូវភេទ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ

https://www.chnchannel.com/ អត្ថបទដោយ Kongkea Leuk កាលបរិច្ឆេទ ថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2019

ភ្នំពេញ៖ យ៉ាងហោចណាស់ ស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើជាច្រើនប្រអប់ ត្រូវបានរកឃើញ ដោយកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ក្នុងការចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង ដែលលួចបង្កប់សេវាកម្មផ្លូវភេទ ហើយថែមទាំងបានឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៥នាក់ ក្នុងនោះមានថៅកែហាងម្នាក់ និងបុរស៣នាក់ទៀត បញ្ជូនឡើងរថយន្តនាំទៅសាកសួរទាំងយប់។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅផ្លូវលេខ១៦៤ (គល់ស្ពានអាកាសស្ទឹងមានជ័យ) លើកំណាត់ផ្លូវលេខ២៧១ ក្នុងភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមមន្ត្រីនគរបាលដែលចុះបង្ក្រាបផ្ទាល់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានថា មុនឈានដល់ការចុះ បង្ក្រាប គឺមានការរាយការណ៍ដោយសម្ងាត់ ពីបងប្អូនប្រជាពលរដ្ឋប្រាប់ថា ទីតាំងម៉ាស្សាកោសជប់ខាងលើ មានលួចបើកសេវាកម្មបម្រើផ្លូវភេទ ទើបកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន បានចុះធ្វើការស៊ើបអង្កេតអស់រយៈពេលជាយូរ ទើបនៅថ្ងៃកើតហេតុបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បឹងសាឡាង បើកការបង្ក្រាបតែម្តង។

ក្នុងប្រតិបត្តិការបង្ក្រាប និងឆែកឆេរទីតាំងលួចបង្កប់សេវាផ្លូវភេទខាងលើនេះ ជាលទ្ធផលជាក់ស្ដែង កម្លាំងនគរបាលបានឆែកឆេរ រកឃើញវត្ថុតាង ស្រោមអនាម័យដែលប្រើរួច និងមិនទាន់ប្រើជាច្រើនប្រអប់ និងធ្វើការឃាត់ខ្លួនមនុស្សសរុប៨នាក់ ក្នុងនោះនារី ចំនួន៤នាក់ និងថៅកែហាងម្នាក់(ម្ចាស់ទីតាំង) និងបុរស៣នាក់ទៀត បាននាំឡើងរថយន្តបញ្ជូនទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីធ្វើការសាកសួរ។

ក្រោយពីសួរចម្លើយរួច ទើបដឹងថា នារីទាំង៤នាក់ជាជនរងគ្រោះ សុទ្ធតែប្រកបរបរម៉ាស្សាកោសជប់ ចំណែកឯបុរស៣នាក់ទៀត គ្រាន់តែជាភ្ញៀវ មករកសេវាផ្លូវភេទប៉ុណ្ណោះ ត្រូវបានកម្លាំងមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ធ្វើការអបរំណែនាំ។ ចំណែកម្ចាស់ទីតាំង(ថៅកែហាង) មិនត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងពីអត្តសញ្ញាណនោះទេ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន ដើម្បីកសាងសំណុំរឿង រងចាំបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សារឿន

website_news/2019300701.txt · Last modified: 2019/07/30 15:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki