website_news:2019300703

ឃុំខ្លួនមេខ្យល់ ២នាក់ ពាក់ព័ន្ធការជួញដូរមនុស្សឆ្លងដែន ទៅកាន់ប្រទេសចិន

http://www.rasmeinews.com/ July 29, 2019, 6:12 PM

ដោយ:សរិទ្ធ/ភ្នំពេញ ៖ ស្ត្រីមេខ្យល់២នាក់ដែលជាប់ ពាក់ព័ន្ធនឹងការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនទៅកាន់ប្រទេសចិន បានត្រូវចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ សម្រេចកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឃុំខ្លួនដាក់ពន្ធនាគារ។ ស្ត្រីសង្ស័យ២នាក់មានឈ្មោះ សុខា រដ្ឋធានី ហៅនីយ៉ា អាយុ១៨ឆ្នាំ មុខរបរលក់គ្រឿងក្រអូប និងឈ្មោះ ថាច់ ដាវី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ បានត្រូវកម្លាំងនគរបាល នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង ឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ នៅរបងវត្តមហាមន្ត្រី ផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។ ក្នុងនោះសមត្ថកិច្ចបានរំដោះនារីរងគ្រោះចំនួន៤នាក់ (អនីតិជន២នាក់) ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាល បានស្រាវជ្រាវជាច្រើនថ្ងៃ រហូតបានចុះទៅឃាត់ខ្លួនស្ត្រីសង្ស័យភ្លាមៗនាំមកការិយាល័យជំនាញ ដើម្បីធ្វើការសាកសួរ។

នារីរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលនារីរងគ្រោះសម្រេចចិត្តទៅប្រទេសចិន គឺមានស្ត្រីម្នាក់ដែលជាមេខ្យល់បានទាក់ទង និងលួងលោមថា បើប្អូនៗព្រមទៅប្រទេសចិន ពេលទៅដល់ភ្លាម នឹងទទួលបានក្នុងម្នាក់ ៣០០០ដុល្លារអាមេរិក ហើយរាល់ការធ្វើឯកសារ និងធ្វើដំណើរគឺមានអ្នករ៉ាប់រងទាំងអស់។ នារីរងគ្រោះបានបន្តទៀតថា ពេលនោះពួកនាងបានសួរថា គាត់ពុំមានលិខិតឆ្លងដែនទេ។ នារីមេខ្យល់ក៏បានប្រាប់ថា ពុំចាំបាច់មានលិខិតឆ្លងដែនទេគឺត្រូវធ្វើដំណើរទៅ តាមច្រកព្រំដែនអន្តរជាតិបាវិត នៅពេលទៅដល់បាវិត គឺមានមេខ្យល់ម្នាក់ទៀតជាជនជាតិវៀតណាម ចាំទទួល ដើម្បីនាំឆ្លងដែនទៅប្រទេសចិនតែម្ដង៕B/

website_news/2019300703.txt · Last modified: 2019/07/30 15:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki