website_news:2019300801

ពលករខ្មែរ85នាក់ ដែលត្រូវសមត្ថកិច្ចថៃឃាត់ខ្លួននៅទីក្រុងបាងកក កាលពីថ្ងៃទី26 ខែមេសា ឆ្នាំ2019 ត្រូវបានដោះលែងនិងជូនវិលត្រឡប់ទៅកម្ពុជាវិញកាលពីរសៀលថ្ងៃទី28 ខែសីហា ឆ្នាំ2019 តាមច្រកអន្តរជាតិប៉ោយប៉ែត

https://www.facebook.com/ Consulate General in Sa Kaeo 29-08-2019

ថ្ងៃ ពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី28 ខែសីហា ឆ្នាំ 2019 ពលករខ្មែរទាំង85 នាក់ខាងលើត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ កាលពីថ្ងៃទី25 ខែមេសា ឆ្នាំ2019 ដើម្បីមកធ្វើការនៅក្នុងខេត្តក្បែរទីក្រុងបាងកក។ ពេលធ្វើដំណើរពីព្រំដែនកម្ពុជា-ថៃ ទៅកាន់ខេត្តគោលដៅ ឆ្លងកាត់ទីក្រុងបាងកក នៅថ្ងៃទី26 ខែមេសា ឆ្នាំ 2019 ពលករទាំង 85 នាក់ ក៏ត្រូវបានសមត្ថកិច្ចទីក្រុងបាងកកចាប់ឃាត់ខ្លួន និងឃុំខ្លួននៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍សួនភ្លូ ទុកធ្វើជាសាក្សីដើម្បីប្តឹងដាក់បន្ទុកលើមេខ្យល់និងបក្សពួកជាជនជាតិថៃសរុប 7 នាក់ ពីបទជួញដូរមនុស្ស។

នៅថ្ងៃទី 10 ខែកក្កដា ឆ្នាំ2019 សមត្ថកិច្ច នគរបាល សួនភ្លូ ទីក្រុងបាងកក បានបញ្ជូនពលករចំនួន 61 នាក់មកផ្ញើឃុំខ្លួនបន្តនៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍អារញ្ញប្រាថេត ខេត្តសាកែវ (ស្រះកែវ ) ។ ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តសាកែវ និងស្ថានទូតកម្ពុជានៅទីក្រុងបាងកក បានប្រឹងប្រែងអន្តរាគមន៍តាមផ្លូវច្បាប់ដោះស្រាយជាមួយអាជ្ញាធរថៃ ដើម្បីដោះលែងបងប្អូនពលករទាំង85 នាក់អោយមានសេរីភាពឡើងវិញ និង ជូនវិលទៅកម្ពុជាវិញនៅរសៀលថ្ងៃទី 2 8 ខែសីហា ឆ្នាំ 2019។

ស្ថានអគ្គកុងស៊ុល សូមអំពាវនាវចំពោះបងប្អូនខ្មែរ ជាពិសេសបងប្អូនដែលមានបំណងមកធ្វើការនៅប្រទេសថៃ មេត្តាកុំជឿមេខ្យល់ ឬជនណានាំឆ្លងដែនដោយខុសច្បាប់ ព្រោះនឹងរងគ្រោះដូចករណីខាងលើ ត្រូវជាប់ឃុំ ខាតពេល និងបាត់បង់ចំណូលដែលអាចរកបានប្រចាំថ្ងៃមុនពេលត្រូវសមត្ថកិច្ចថៃចាប់ខ្លួន។ បងប្អូនគួរស្វែងរកក្រុមហ៊ុនស្របច្បាប់ ដើម្បីរៀបចំជូនបងប្អូនបានមកធ្វើការដោយស្របច្បាប់នៅប្រទេសថៃ។ ការធ្វើការគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប្រឈមនឹងការចាប់ខ្លួន ពុំទទួលបានការថែទាំសុខភាព និងពុំទទួលបានសំណងក្នុងករណីជួបគ្រោះថ្នាក់ការងារ៕

website_news/2019300801.txt · Last modified: 2019/08/30 14:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki