website_news:2019300802

ពលករខ្មែរ៨៥នាក់ដែលថៃចាប់ដាក់ឃុំ ប្រឈមនឹងបញ្ហាបំណុលក្រោយត្រូវបានដោះលែងមកវិញ

https://vodhotnews.com/ លោក ត្រាន់ តិចសេង| ២៩ សីហា ២០១៩ ម៉ោង ៥:២៧ ល្ងាច

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន ៨៥នាក់ ត្រូវបានដោះលែង និងបានវិលត្រឡប់មកដល់ផ្ទះសម្បែងរបស់ពួកគេវិញហើយកាលពីថ្ងៃម្សិលមិញនេះ ប៉ុន្តែ ពលករទាំងនោះកំពុងជួបបញ្ហាជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។យោងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងការបរទេស ការដោះលែងនេះ គឺធ្វើឡើងក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ។ប្រភពដដែលឱ្យដឹងថា ការដែលអាជ្ញាធរថៃទើបតែដោះលែងពលករខ្មែរទាំងនោះ គឺដោយប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ បានដាក់ចេញច្បាប់ថ្មីក្នុងការទប់ស្កាត់ការជួញដូរមនុស្ស ដែលទាមទារការស៊ើបអង្កេតម៉ត់ចត់ ដើម្បីឈានទៅចាប់ខ្លួនមេខ្យល់។

ពលរដ្ឋរស់នៅភូមិឃ្ជាយ ឃុំតាគង់ ស្រុកម៉ាឡៃ លោក គង់ សុផាត ឱ្យដឹងថា កូនគាត់ពីរនាក់ប្តីប្រពន្ធ បានត្រឡប់មកផ្ទះវិញហើយនៅព្រឹកនេះ ហើយថា គាត់កំពុងជួបបញ្ហារំលស់បំណុលមីក្រូហិរញ្ញវត្ថុ ដោយសារកូនៗត្រូវជាប់ឃុំ និងមិនអាចចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃបាន។ លោក សុផាត លើកឡើងថា៖ «កម្ពុជាយើងរាល់ថ្ងៃហ្នឹង សំខាន់ទៅលើធ្វើការចំណាកស្រុកដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្រុមគ្រួសារ។ ដល់ពេលគ្នាជាប់ឃុំនេះ គ្នាខាតប្រាក់ច្រើន ដោះបំណុលគេរហូតដល់ម្នាក់ ៣ម៉ឺនបាតទៅ ៤ម៉ឺនបាតអីណោះ ព្រោះអ្នកជំពាក់គេ បានបង្ខំទៅរកស៊ីចំណាកស្រុក។ ពេលគ្នាទៅចំណាកស្រុកនោះខុសច្បាប់ទៀត ដល់គេចាប់ហឹត[រឹត]ខាតទៀត។ បើអត់មានប៉ះពាល់នឹងគេចាប់គេអី ទៅដល់កន្លែងគេធ្វើលាក់បំបាំងចេះតែបានលុយបន្តមកចិញ្ចឹមជីវភាពគ្រួសារ និងជួយដោះបំណុលមីក្រូហិរញ្ញវត្ថុ»។

លោក ផ្លុង ជាតិ ពលរដ្ឋរស់នៅភូមិមុខពែន ឃុំមុខពែន ស្រុកពួក ដែលមានប្អូនថ្លៃ និងប្អូនជីដូនមួយស្ថិតក្នុងចំណោមពលករទាំង ៨៥នាក់នោះ បានឱ្យដឹងថា ប្អូនជីដូនមួយនិងប្អូនថ្លៃរបស់លោក កំពុងជួបបញ្ហាមិនអាចដោះបំណុលដែលពួកគេបានខ្ចីសម្រាប់ការធ្វើចំណាកស្រុក។ លោក ផ្លុង ជាតិ ប្រាប់ថា៖ «យើងមិនមានលុយមានកាក់ ទ័ល។ អីចឹងទៅ យើងមានតែខ្ចីអ្នកជិតខាងទៅ ដើម្បីក្រែងបានទៅដោយសុខស្រួល គ្មានជាប់ជំពាក់នៅកន្លែងណាមួយ។ គ្មានជាប់ជំពាក់ដូចជាកន្លែងគេចាប់បានចាប់អីពូ។ នឹកឃើញយើងទៅបានសុខបានស្រួលនុះ ដល់ពេលទៅជួបឧបសគ្គអីចឹង ដូចគ្នាខ្ចីប្រាក់អ្នកជិតខាងផង គ្នាមកវិញគ្នាបានអីសង»។

ពលរដ្ឋម្នាក់ទៀត រស់នៅស្រុកព្រះនេត្រព្រះ កញ្ញា សំឡី ពៅ ដែលជាប្អូនស្រីពលករដែលត្រូវបានអាជ្ញាធរថៃចាប់ដាក់ឃុំផងដែរនោះ បានឱ្យដឹងដែរថា ខ្លួនកំពុងប្រឈមបញ្ហាដោះបំណុលជំនួសបងប្រុស ដែលទើបត្រូវគេចាប់បញ្ជូនត្រឡប់មកវិញ។ កញ្ញា ពៅ បន្ថែមថា បងប្រុសកញ្ញាគ្មានលុយធ្វើលិខិតឆ្លងដែន ក៏សម្រេចទៅដោយខុសច្បាប់ ដើម្បីអាចធ្វើការរកលុយធ្វើលិខិតស្របច្បាប់នៅទីនោះ។

លោក ស៊ុំ ចន្ទគា មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ ដែលបានចូលរួមអន្តរាគមន៍ជាមួយអាជ្ញាធរកម្ពុជាឱ្យដោះលែងពលករទាំង ៨៥នាក់នោះ បានរិះគន់អាជ្ញាធរកម្ពុជា ដែលមិនអាចទប់ស្កាត់ការឆ្លងដែនខុសច្បាប់ដែលនាំឱ្យមានការចាប់ខ្លួនពីតម្រួតថៃជាបន្តបន្ទាប់។ លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា៖ «រដ្ឋាភិបាលយើងច្រើនអាណត្តិមកហើយ មិនទាន់បានធ្វើអ្វីដែលដើម្បីឱ្យខ្មែរលែងជាប់គុកទេ និយាយឱ្យចំ។ យើងមានកម្លាំងទៅលក់ទីផ្សារនៅថៃ ប៉ុន្តែ មិនដែលបានសម្រួលធ្វើម៉េចឱ្យថៃហ្នឹងជួយខ្មែរកុំឱ្យជាប់គុកបានរហូតដល់រាល់ថ្ងៃហ្នឹង»។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កេត សោផាន់ បដិសេធបកស្រាយបន្ថែមជុំវិញបញ្ហានេះនៅថ្ងៃនេះ។ ពលករខ្មែរ ៩០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសាកន្លងមក អំឡុងពេលពួកគេឆ្លងដែនស្វែងរកការងារធ្វើនៅប្រទេសថៃ ប៉ុន្តែ ពលករ ៥នាក់ ត្រូវបានដោះលែងវិញដោយសារពួកគេមានឯកសារឆ្លងដែនត្រឹមត្រូវ៕

website_news/2019300802.txt · Last modified: 2019/08/30 14:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki