website_news:2019300804

កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនាំឲ្យកសិករបាត់បង់ផ្ទះ ដី និងត្រូវចំណាកស្រុក

https://khmer.voanews.com/ 30 សីហា 2019 ខាន់ សុគុំមនោ ផន បុប្ផា

ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប៖ កាលពីពីរឆ្នាំមុន អ្នកស្រី ផែល ហឿន ដែលមានកូនប្រាំនាក់ បានសម្រេចចិត្តយកប្លង់ដីផ្ទះ ដែលអ្នកស្រីកំពុងរស់នៅសព្វថ្ងៃទៅតម្កល់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធនាគារភូមិដើម្បីខ្ចីប្រាក់ចំនួន៨០០០ដុល្លារ។ អ្នកស្រី ផែល ហឿន ដែលមានវ័យ៤៧ឆ្នាំ ធ្លាប់ជាអ្នកធ្វើការឲ្យគេ។ ចំណូលប្រចាំថ្ងៃរបស់អ្នកស្រីគឺអាស្រ័យទៅលើតម្រូវការអតិថិជនដែលត្រូវការកម្លាំងពីអ្នកស្រី។ អ្នកស្រីយកប្រាក់ដែលខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅទិញដីទំហំបួនហិកតា ក្នុងបំណងដាំដំឡូងមី ជាដំណាំដែលប្រជាជនភាគច្រើននៅក្នុងស្រុកអង្គរជុំនិយមដាំ។បច្ចុប្បន្នអ្នកស្រីនិងក្រុមគ្រួសារពុំអាចដាំដំឡូងមីបាន ដោយសារពួកគេត្រូវចំណាយពេលធ្វើការដើម្បីរកចំណូលប្រចាំថ្ងៃមកផ្គត់ផ្គង់ការចាយវាយផ្សេងៗ និងសម្រាប់បង់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រចាំខែដែលសរុបប្រហែល៤០០ដុល្លារ។

ក្នុងខែមិថុនាកន្លងទៅនេះ អ្នកស្រីបានលក់ដីចំនួន២ហិកតាគឺពាក់កណ្តាលនៃដីដែលអ្នកស្រីបានទិញគ្រោងដាំដំឡូងមីនោះ។ អ្នកស្រីលក់ដីនោះបានជាង៣០០០ដុល្លារ ដើម្បីសងបំណុលម្ចាស់បំណុលឯកជននៅក្នុងភូមិដែលអ្នកស្រីបានខ្ចីដើម្បីយកទៅសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ អ្នកស្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖ «លក់២ហិកតាហើយ។ មើលទៅរត់មិនរួច‍»។ សព្វថ្ងៃនេះ អ្នកស្រីត្រូវសងលុយចំនួន៦០០០ដុល្លារទៀតទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធនាគារភូមិ ដែលបានដូរឈ្មោះមកជា LOLC។ ដើម្បីជួយដោះបំណុល ដែលអ្នកស្រីត្រូវបង់ជាង២០០ដុល្លារជារៀងរាល់ខែ ប្តីរបស់អ្នកស្រី ផែល ហឿន ត្រូវចាកចេញទៅធ្វើការឲ្យគេនៅក្នុងស្រុកក្បែរៗនោះ។ ប្តីរបស់អ្នកស្រីរកបានប្រហែល២ម៉ឺនរៀលក្នុងមួយថ្ងៃ។ រីឯកូនស្រីរបស់អ្នកស្រីបានចាកចេញទៅធ្វើការនៅប្រទេសថៃ ហើយរកប្រាក់បានចាប់ពី៣ទៅ៤ម៉ឺនរៀលក្នុងមួយថ្ងៃ។

សមាជិកគ្រួសាររបស់អ្នកស្រីចូលរួមចំណែកជួយគ្រួសារទៅតាមសមត្ថភាពរបស់ពួកគេ នៅពេលដែលពួកគេមានប្រាក់។ ឥឡូវនេះ គ្រួសារអ្នកស្រីត្រូវបង់ជាង២០០ដុល្លារក្នុងមួយខែ ហើយចំនួននេះនឹងចុះជាប្រចាំពីមួយខែទៅមួយខែរយៈពេលបួនឆ្នាំខាងមុខ រហូតដល់អ្នកស្រីសងបំណុលអស់។ អ្នកស្រី ផែល ហឿន មានបងប្អូនចំនួនប្រាំពីរនាក់។ ពួកគាត់ទាំងអស់សុទ្ធតែខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រួមទាំងកូនពីរនាក់របស់អ្នកស្រីផងដែរ។ ពួកគេប្រើប្រាស់ប្រាក់ទាំងនោះសម្រាប់ការចំណាយផ្សេងៗ ដូចជាធ្វើចម្ការសាងសង់ផ្ទះ ការចំណាយទៅលើថ្នាំសង្កូវ និងការចំណាយប្រចាំថ្ងៃផ្សេងទៀតផងដែរ។ គ្រួសារផ្សេងៗទៀតប្រហែល៣៥០០គ្រួសារនៅក្នុងឃុំគោកដូងរស់នៅដោយពឹងផ្អែកទៅលើការដាំដំឡូងមី និងប្រាក់ពីសមាជិកគ្រួសារដែលចាកចេញទៅប្រទេសថៃដើម្បីរកប្រាក់សងបំណុល។

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាកំពុងតែនាំឲ្យគ្រួសារជាច្រើនជាប់បំណុលដែលនាំឲ្យមានការបង្ខំឲ្យលក់ដី ការចាកចេញពីប្រទេសដើម្បីទៅធ្វើការនៅក្នុងប្រទេសផ្សេងទៀតនិងការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ។ នេះបើយោងទៅតាមការរកឃើញរបស់អង្គការធ្វើការដើម្បីសិទ្ធិមនុស្ស (Licadho) និងសមាគមធាងត្នោត។ វិស័យមីក្រូហិរញ្ញវត្ថុទាក់ទាញការចាប់អារម្មណ៍នៅអំឡុងទសវត្សរ៍១៩៧០ ដែលកាលនោះ ធនាគារ Grameen Bank បានផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ប្រជាជននៅប្រទេសបង់ក្លាដេស។ នៅតាមតំបន់ជាច្រើននៅក្នុងពិភពលោក ប្រាក់កម្ចីដែលមានការប្រាក់ទាប ឬគ្មានការប្រាក់ ហើយមានចំនួនតិចតួចចាប់ពី២០ទៅ១០០ដុល្លារគឺល្មមនឹងអាចចាប់ផ្តើមអាជីវកម្ម ឬចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ចដទៃៗទៀត ដូចជាការទិញដីធ្លីបន្ថែមដែលអាចប្រែក្លាយជាកសិដ្ឋាន បង្កើតប្រាក់កម្រៃផ្គត់ផ្គង់ខ្លួនឯង។ ដើមឡើយអង្គការផ្តល់ប្រាក់កម្ចីជាច្រើនគឺជាអង្គការដែលមិនយកកម្រៃដោយគិតពីផលប្រយោជន៍សង្គម។

ប៉ុន្តែសព្វថ្ងៃ ភាពចម្រូងចម្រាស់បានធ្វើឲ្យវិស័យនេះរងការប៉ះពាល់។ អ្នករិះគន់ចោទសួរថា តើការផ្តល់ប្រាក់កម្ចីបែបផែនតូចនេះជួយសម្រាលទុក្ខលំបាកប្រជាជនក្រីក្រ ឬធ្វើឲ្យពួកគេកាន់តែក្រទៅៗ ដោយសារតែមធ្យោបាយទាក់ទាញអតិថិជនតាមវិធីសាស្ត្រគ្រប់បែបយ៉ាង ដោយមិនខ្វល់លទ្ធភាពដែលគេអាចសងបាន បូករួមទាំងការប្រាក់ដ៏ខ្ពស់។

អ្នកភូមិនៅក្នុងឃុំគោកដូង គឺជាផ្នែកតូចមួយនៃចំនួនមនុស្សចំនួន២,៤លាននាក់ក្នុងប្រទេសកម្ពុជាដែលបានយកប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ប្រាក់កម្ចីទាំងអស់មានចំនួន៨ពាន់លានដុល្លារ ដែលជាចំនួនប្រាក់កម្ចីច្រើនលើសលប់។នេះបើយោងតាមរបាយការណ៍អង្គការទាំងពីរ។ របាយការណ៍នេះបានឲ្យដឹងថាប្រទេសកម្ពុជាមាន«អត្រាមធ្យមភាគខ្ពស់ជាងគេបង្អស់នៅលើពិភពលោកក្នុងការខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ»។ លោកមេឃុំ កែម ហាំ ដែលបានយកលុយកម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែរនោះបានឲ្យដឹងថា ប្រហែលពាក់ កណ្តាលនៃចំនួនគ្រួសារនៅក្នុងឃុំគោកដូង ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហើយអ្នកភូមិប្រហែល១០០០នាក់បានចាកចេញទៅធ្វើការនៅប្រទេសថៃ។

លោកនិយាយថា អ្នកភូមិខ្ចីប្រាក់ពីពីរទៅបីកន្លែងដើម្បីទិញដីធ្វើចម្ការ និងធ្វើអាជីវកម្មតូចធំ និងសាងសង់ផ្ទះ។ លោកបានប្រាប់វីអូអេថា នៅក្នុងឆ្នាំនេះ អ្នកខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីរនាក់បានរត់ចោលស្រុកដោយសារពួកគេគ្មានលទ្ធភាពសងប្រាក់។ មិនមែនមានតែពួកនោះទេដែលប្រឈមនឹងការលំបាកនេះ ព្រោះកូនបំណុលនៅកម្ពុជាម្នាក់ៗជាប់បំណុលជាមធ្យមចំនួន៣៣៧០ដុល្លារ ខណៈកំណើនផលិតផលក្នុងស្រុកសរុបមានចំនួន១៣៨៤ដុល្លារក្នុងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍អង្គការពីរនេះ។

website_news/2019300804.txt · Last modified: 2019/08/30 14:23 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki