website_news:2019300902

កម្ពុជានឹងសហការជាមួយប្រទេសចំនួន៤នៅអាស៊ានដើម្បីរៀបចំឲ្យមានការអនុវត្តរបបសោធននិវត្តន៍សម្រាប់ពលករធ្វើការនៅក្រៅប្រទេស

http://kampucheathmey.com/ 30/8/2019 10:13 Pm

ភ្នំពេញ ៖ កម្ពុជានឹងសហការជាមួយប្រទេសចំនួន៤នៅអាស៊ាន ដើម្បីរៀបចំឲ្យមានការអនុវត្តរបបសោធននិវត្តន៍សម្រាប់ពលករធ្វើការនៅបរទេសឲ្យទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗមុនពេលត្រឡប់មកស្រុកកំណើតវិញ។លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថាការអនុវត្តរបបសោធននិវត្តន៍សម្រាប់ពលករខ្មែរ ថៃ វៀតណាម ឡាវនិងមីយ៉ាន់ម៉ាដែលធ្វើការនៅក្រៅប្រទេសនេះគឺដើម្បីឲ្យពលករប្រទេសនីមួយៗអាចផ្ទេរសមាជិកភាព អតីតភាពការងារនិងការបង់ភាគទានបេឡាសន្តិសុខសង្គមពីប្រទេ សមួ យទៅប្រទេសមួយបន្ទាប់ពីចប់កិច្ចសន្យាការងារ។ ថ្លែងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកាលពីថ្ងៃទី២៩សីហានៅទីស្តីការក្រសួង លោកបណ្ឌិត អ៊ិត សំហេងបានបន្តថា «អាហ្នឹងយើងគិតមើលស្រួលតើនៅពេលយើងអត់ទាន់មានអាប្រព័ន្ធហ្នឹងបងប្អូនមិចនឹងអាចតភ្ជាប់របបសោធន៍បានធ្វើឲ្យខាតពេលខាតឆ្នាំអីចឹង បើធ្វើការនៅថៃបង់វិភាគទានទៅហើយពេលចប់កិច្ចសន្យាការងារផ្ទេរឈ្មោះពលករនោះមកយើង ហើយពេលពលករថៃមកធ្វើការនៅ កម្ពុជាបង់ឲ្យយើងទៅពេលច្បាប់ការងារយើងបង់ឲ្យទៅថៃវិញទៅអីចឹងពេលគាត់ត្រឡប់ទៅវិញអតីតភាពរបបសោធន៍របស់គាត់អត់បាត់បង់ទេ គឺនៅពេញអីចឹងការគិតគូរនេះគឺដល់ផលប្រយោជន៍របស់បងប្អូនពលករ»។ លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ពេលពលករទទួលបានរបបសោធននិវត្តន៍នោះ នឹងជួយឲ្យពួកគេអាចមានលទ្ធភាពដោះស្រាយជីវភាពប្រចាំថ្ងៃពេលត្រឡប់មកស្រុកកំណើតវិញទម្រាំរកការងារធ្វើបានឬបង្កើតមុខរបរថ្មីសម្រាប់ចិញ្ចឹមជីវិត។

លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថា ការសហការជាមួយប្រទេសទាំង៥ក្នុងតំបន់អាស៊ានដោយសារប្រទេសទាំង នេះមានការចល័តពលករទៅវិញទៅមកដើម្បីឲ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ថែមទៀតក្រៅពីការទទួលបាននូវលក្ខខណ្ឌការងារល្អប្រសើរនិងប្រាក់បៀវត្សរ៍សមរម្យ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ជាជំហានដំបូងកម្ពុជាបានរៀបចំផែនទីបង្ហាញផ្លូវមួយសម្រាប់អនុវត្តរបបសោធននិវត្តន៍សម្រាប់ពលករធ្វើការនៅក្រៅប្រទេសរួចហើយៗ គ្រោងនឹងដាក់ឲ្យរដ្ឋមន្ត្រីក្រសួងការងារទាំង៥ប្រទេស ចុះហត្ថលេខានៅក្នុងកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់លើកទី៥និងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី៣ស្តីពីកិច្ចស ហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសទាំង៥ដែលហៅកាត់ថាស៊ី អិល អឹម ធី វី (CLMTV)នាថ្ងៃទី១៦និង១៧ខែកញ្ញា ឆ្នាំ២០១៩នៅខេត្តសៀមរាបមុននឹងឈានទៅចុះកិច្ចព្រមព្រៀងជាផ្លូវការទៅថ្ងៃអនាគត។ លោករដ្ឋមន្ត្រីបានបន្តទៀតថា កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមប្រធានបទ«ការតភ្ជាប់សន្តិសុខសង្គម»ដែលកិច្ចប្រជុំនេះធ្វើឡើងរៀងរាល់២ឆ្នាំម្តង ដែលលើកទី១ធ្វើនៅថៃលើកទី២នៅវៀតណាមនិងលើកទី៣ធ្វើនៅកម្ពុជានៅខេត្តសៀមរាប។ លោក រដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រៅពីនេះក្រសួងក៏បានកំពុងធ្វើការទំនាក់ទំនងជាមួយធនាគារអភិវ ឌ្ឍន៍អាស៊ីដែលមានដៃគូច្រើននិងមានបទពិសោធន៍លើការងារបណ្តុះបណ្តាលជំនាញផ្សេងៗឲ្យជួយបណ្តុះបណ្តាលជំ នាញបន្ថែមដល់ពលករខ្មែរពេលវិលត្រឡប់មកប្រទេសវិញដើម្បីឲ្យពួកគេឆាប់រកការងារបានធ្វើ។

លោកមឿង តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្សបានគាំទ្រចំពោះគម្រោងអនុវត្តរបបសោធននិវត្តន៍សម្រាប់ពលករទាំង៥ប្រទេសធ្វើការនៅក្រៅប្រទេសនេះពិសេសពលករខ្មែរ ព្រោះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលករ។ តែយ៉ាងណាក៏ដោយលោកបានស្នើឲ្យក្រសួងការងារគួរតែធ្វើការពិភាក្សាជាមួយបណ្តាប្រទេសដែលទទួលពលករខ្មែរនីមួយៗដាច់ដោយឡែកៗពីគ្នា ដើម្បីអនុវត្តផ្តល់ប្រាក់កញ្ចប់សោធននិវត្តន៍នេះហើយបន្ទាប់មកទៀតឲ្យប្រទេសទាំងនោះត្រូវផ្ទេរឈ្មោះពលករ រួមទាំងអតីតភាពការងារនិងការបង់ភាគទានមកឲ្យបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារវិញដើម្បីឲ្យពលករទទួលបានរបបសោធននិវត្តន៍នៅពេលចប់កិច្ចសន្យាការ ងារត្រឡប់មកស្រុកកំណើតវិញ។

តាមរបាយការណ៍ប្រចាំឆ្នាំ២០១៨របស់ក្រសួងការងារបានឲ្យដឹងថាកម្ពុជាបានបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសប្រមាណ១លាន២សែន៣ម៉ឺននាក់ ក្នុងនោះប្រទេសថៃមាន១លាន១សែននាក់ ម៉ាឡេស៊ីជាង៣ម៉ឺននាក់ សិង្ហបុរីចំនួន៨៣១នាក់ កូរ៉េខាងត្បូងជិត៥ម៉ឺននាក់ ជប៉ុនជាង១ម៉ឺននាក់ តំបន់រដ្ឋបាលពិសេសហុងកុង៥៤នាក់ អារ៉ាប់ប៊ីសាអូឌីត១៦នាក់ដោយបានផ្ញើថវិកាមកក្រុមគ្រួសារប្រមាណជាង ២ ពាន់៣រយលានដុល្លារក្នុង១ឆ្នាំៗដែលជួយលើកស្ទួយដល់ក្រុមគ្រួសារក៏ដូចជាសេដ្ឋកិច្ចជាតិរីកចំរើន៕ សំអឿន

website_news/2019300902.txt · Last modified: 2019/09/02 14:50 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki