website_news:2019300904

អាជ្ញាធរថៃបញ្ជូនពលករខ្មែរ ៨៥នាក់មកកម្ពុជាវិញ បន្ទាប់ពីចាប់ដាក់គុកជាង ៤ខែ

https://www.rfa.org/khmer/ ដោយ សន ចាន់រដ្ឋា 2019-08-30

អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន ៨៥នាក់ត្រឡប់ទៅដល់ស្រុកកំណើតវិញហើយ កាលពីរសៀលថ្ងៃទី២៨ សីហា បន្ទាប់ពីប៉ូលិសថៃចាប់ពួកគេជាប់គុកអស់ជាង ៤ខែរួចមក។ ពលករដែលទើបចេញពីគុក អះអាងថា ពួកគេនឹងខ្ចីប្រាក់ពីធនាគារធ្វើលិខិតឆ្លងដែនវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃវិញក្នុងពេលឆាប់ៗ។

ពលរដ្ឋនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលទើបសមត្ថកិច្ចថៃដោះលែងឱ្យមានសេរីភាពវិញ អ្នកស្រី ផាត សៅគុណ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី២៩ សីហាថា អាជ្ញាធរថៃបានបញ្ជូនអ្នកស្រី និងពលករដទៃទៀត តាមរថយន្តទ្រុងរបស់ប៉ូលិសអន្តោប្រវេសន្តថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅម៉ោង ៦ល្ងាចថ្ងៃទី២៨ សីហា។ អ្នកស្រីបន្ថែមថា ពួកគេសប្បាយចិត្តយ៉ាងខ្លាំងរហូតដល់សម្រាន្តមិនលក់ ដោយសាររំភើបក្រោយពីទទួលដំណឹងបានមួយថ្ងៃមុនពេលសមត្ថកិច្ចថៃដោះលែងឱ្យមានសេរីភាព៖ «ជាប់គុកថ្ងៃដំបូងខ្ញុំភ័យដល់ពេលយូរៗទៅមកជាធម្មតាវិញ តែក្នុងចិត្តដេកភ័យមិនដឹងថ្ងៃណាគេដោះលែងវិញ លឺគេថាជាប់ពី ១ឆ្នាំ ទៅ ៣ឆ្នាំបានដោះលែងវិញ ក៏ភ័យខ្ញុំយំរាល់ថ្ងៃចង់មកផ្ទះចេះតែតេមកប្រាប់ពុក។ ភ័យខ្លាចមិនបានចេញណាមួយជំពាក់លុយធនាគារផង។ មួយយប់នឹងគេប្រាប់ខ្ញុំពីល្ងាចមកខ្ញុំដេកអត់លក់ទេ រហូតដល់ព្រឹករហូតដល់គេបញ្ជូនមក រហូតអត់មានអ្នកណាដេកទេ អង្គុយចាំគេបញ្ជូនមកខ្មែរវិញ»។

អ្នកស្រីបន្តថា ពួកគាត់ឆ្លងដែនទៅប្រទេសថៃតាមរថយន្តដឹកទំនិញរបស់ជនជាតិថៃ ដោយមានបាំងសំពត់កៅស៊ូបិទជិត។ អ្នកស្រីបន្ថែមថា ពួកគេអង្គុយប្រជ្រៀតគ្នាយ៉ាងណែនជាង ៥០នាក់ក្នុងមួយគ្រឿង ចេញពីដំណើរព្រំដែនខេត្តបន្ទាយមានជ័យ ឆ្ពោះទៅទីក្រុងបាងកក កាលពីថ្ងៃទី២៥ មេសាកន្លងទៅ ដើម្បីទៅស្វែងរកការងារធ្វើយកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ អ្នកស្រីបញ្ជាក់ថា ពួកគេត្រូវបានប៉ូលិសថៃចាប់ខ្លួននៅជាយទីក្រុងបាងកក ក្រោយពីធ្វើដំណើរអស់ប្រហែល ៦ម៉ោង។អ្នកស្រីឱ្យដឹងថា ក្នុងចំណោមដែលដោះលែងនោះ គឺចំនួន៦១នាក់ជាប់គុកនៅស្រុកអារញ្ញ ខេត្តស្រះកែវ និង ២៤នាក់ជាប់គុកនៅទីក្រុងបាងកក។

គេហទំព័រក្រសួងការបរទេសកម្ពុជាចុះផ្សាយនៅថ្ងៃទី២៩ សីហា ថា អាជ្ញាធរថៃ បានដោះលែងពលករខ្មែរចំនួន ៨៥នាក់ ដែលចាប់ខ្លួននៅជាយទីក្រុងបាងកក កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅពីបទឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់។ ក្រសួងឱ្យដឹងទៀតថា ការដោះលែងនេះ ធ្វើឡើង ក្រោយពីមានកិច្ចអន្តរាគមន៍ស្នើសុំជាបន្តបន្ទាប់របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងស្ថានអង្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ (Sra Kao)។ ក្រសួងថា អាជ្ញាធរថៃបានបញ្ជាក់ថា ថ្មីៗនេះ ប្រទេសរបស់ខ្លួនបានចេញច្បាប់ថ្មី ទប់ស្កាត់ការជួញដូរមនុស្ស ដែលមានការស៊ើបអង្កេតយ៉ាងតឹងរ៉ឹងដើម្បីតាមចាប់មេខ្យល់ ទើបបណ្ដាលឱ្យមានការឃាត់ខ្លួនពលរដ្ឋខ្មែរទាំង ៨៥នាក់ ដាក់ពន្ធនាគារអស់ជាច្រើនខែបែបនេះ។ ក្រសួងឱ្យដឹងថា ពលរដ្ឋខ្មែរទាំង៨៥នាក់ បានមកដល់កម្ពុជាវិញអស់ហើយ នៅរសៀលថ្ងៃទី២៨ ខែសីហា ។

មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ថ្លែងថា ការដោះលែងនេះដោយសារតែសាច់ញាតិប្ដឹងមកអង្គការសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ និងមានផ្សាយតាមព័ត៌មានកន្លងមក ទើបមានការអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ហើយប្រសិនបើសាច់ញាតិមិនបានប្ដឹងឱ្យជួយពលករទាំងនោះទេ ពួកគេនៅតែបន្តជាប់ឃុំក្នុងគុក មិនដឹងថ្ងៃណាមានសេរីភាពនោះឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ លើកឡើងថា ដើម្បីកុំពលករជាប់ពន្ធនាគារជាច្រើនខែបែបនេះទៀត គឺអាជ្ញាធរពាក់ព័ន្ធគួរតែដោះស្រាយជាមួយភាគីថៃឱ្យបានជាក់លាក់ ដើម្បីឱ្យថៃចាប់បញ្ជូនពលករត្រឡប់មកស្រុកកំណើតវិញឱ្យបានឆាប់ ប្រសិនបើពួកគេចាញ់បោកមេខ្យល់ឆ្លងដែនទៅធ្វើការនៅប្រទេសថៃខុសច្បាប់៖ «ព្រោះវាម៉េចកន្លងមក បើគាត់មិនស្រែកមិនអីទេ គឺគ្មានអ្នកណាយកចិត្តទុកដាក់ទេ គឺតែប៉ុណ្ណឹង បើបានស្រែកបានអីខ្លះទៅ មានការនឹកឃើញយកចិត្តទុកដាក់ទៅ រត់ការដោះលែងអីទៅកន្លងមកយើងឃើញអីចឹង រហូតដល់នៅកម្ពុជាយើងរហូតដល់មានការឃុំខ្លួនលើសឃុំអី ហើយត្រូវបានពួកគាត់ស្រែអីចឹងក៏បានការដោះលែងទៅ»។

ក្រោយពីសមត្ថកិច្ចថៃដឹកពលករទាំង៨៥នាក់មកព្រំដែនកម្ពុជាហើយ គឺអាជ្ញាធរកម្ពុជា និងអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកលើកកម្ពស់ពលករប្រចាំនៅក្រុងប៉ោយប៉ែត បានអប់រំដល់ពួកគេប្រមាណ ១ម៉ោង ទើបអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ នៅរសៀលថ្ងៃទី២៨ សីហា។ អ្នកស្រី ផាត សៅគុណ អះអាងថា ក្រោយពីការដោះលែងមានសេរីភាពហើយ ពួកគេគ្រោងទៅខ្ចីប្រាក់ពីធនាគារ ដើម្បីធ្វើលិខិតឆ្លងដែនទៅធ្វើការងារនៅប្រទេសថៃជាថ្មីទៀត ក្នុងពេលឆាប់ៗ ពីព្រោះនៅស្រុកកំណើតគ្មានការងារធ្វើ រកប្រាក់ចំណូលដោះស្រាយជីវភាពនោះឡើយ៕

website_news/2019300904.txt · Last modified: 2019/09/02 14:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki