website_news:2019301002

កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា បើកកិច្ចប្រជុំពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍នៅខេត្តសៀមរាប

http://www.freshnewsasia.com/ 2019-10-30

(សៀមរាប)៖ កិច្ចប្រជុំពិគ្រោះយោបល់លើកទី២ កម្រិតថ្នាក់ដឹកនាំបច្ចេកទេស នៃប្រទេសបញ្ជូនទាំង៣ កម្ពុជា ឡាវ និងមីយ៉ាន់មា (CLM) ស្ដីពី តួនាទីប្រទេសបញ្ជូនដើម្បីពង្រឹងកិច្ចការពារ ពលករទេសន្តរប្រវេសន៍ ក្រោមអធិបតីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅក្រុងសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ។ ពិធីនេះក៏មានវត្តមានរបស់ឧត្តមសេនីយ៍ឯក អោង ធូ (Aung Thu) អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងគណៈប្រតិភូសហភាពមីយ៉ាន់ម៉ា, លោកវរសេនីយ៍ឯកបណ្ឌិត ផេងសាវ៉ាញ់ ធីផាវង្សសៃ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ក្រសួងសន្តិសុខសាធារណៈ និងគណៈប្រតិភូ នៃសាធារណរដ្ឋប្រជាមានិតឡាវ, លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា រួមនិងវត្តមានឯកអគ្គរដ្ឋទូត នៃសហភាពមីយ៉ាន់ម៉ា និងសាធារណរដ្ឋប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា រដ្ឋមន្រ្តី រដ្ឋលេខាធិការ នាយឧត្តសេនីយ៍អគ្គស្នងការ អគ្គនាយក អគ្គនាយករង អភិបាល/អភិបាលរងខេត្ត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិផងដែរ។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណ ចំពោះការអញ្ជើញចូលរួមរបស់គណៈប្រតិភូទាំងបីប្រទេស គឺកម្ពុជា ឡាវ និងភូមា និងភ្ញៀវជាតិអន្តរជាតិទាំងអស់ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ មន្រ្តីជាន់ខ្ពស់ ថ្នាក់បច្ចេកទេស ស្តីពី «តួនាទីប្រទេសបញ្ជូន ក្នុងការការពារពលករទេសន្តរប្រវេសន៍» ដែលកំពុងតែប្រារព្វធ្វើឡើង នាទីក្រុងសៀមរាបអង្គរ ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចក្រឡាហោម បានថ្លែងទៀតថា «ប្រទេសយើងទាំងបី ជាប្រទេសជិតខាងគ្នា មានវប្បធម៌ប្រហាក់ប្រហែលគ្នា មានព្រំដែនជាប់ជាមួយប្រទេសថៃដូចគ្នា ហើយប្រជាពលរដ្ឋយើង ក៏បាន និងកំពុងតែនាំគ្នាទៅធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់យ៉ាងច្រើនកុះករ។ មួយចំនួនបាន និងកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងដំណើរការទេសន្តរប្រវេសន៍ តាំងពីចាកចេញ នៅកន្លែងធ្វើការរហូតដល់ពេលត្រឡប់មកវិញ»។ សម្ដេចបានបន្តទៀតថា យើងទទួលស្គាល់ថា ការធ្វើទេសន្តរប្រវេសន៍ គឺជាសិទ្ធិពលរដ្ឋ ក្នុងការជ្រើសរើសការងារ មុខរបរ និងទីកន្លែងរស់នៅ តែយើងក៏ត្រូវគិតអំពីសិទ្ធិ ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សរបស់ពលករ ការគ្រប់គ្រង និងកិច្ចការពារពលរដ្ឋរបស់យើង ក្នុងនាមជាប្រទេសដែលមានអធិបតេយ្យភាព និងទំនាក់ទំនងល្អរវាងប្រទេសជិតខាង និងរវាងប្រទេសបញ្ជូន និងប្រទេសទទួលផងដែរ។ ទាំងនេះ គឺជាតួនាទីរបស់ប្រទេសយើងទាំងបី ដែលជាប្រទេសបញ្ជូន ដែលចាំបាច់ត្រូវរួមសហការគ្នាក្នុងការដោះស្រាយបញ្ហារួម។

ហើយប្រទេសនីមួយៗ មានរបៀបគ្រប់គ្រង បទដ្ឋាន និងនីតិវិធីក្នុងការអនុវត្តដោយឡែកៗពីគ្នា ហើយក៏មានទាំងចំណុចល្អ ទាំងចំណុចខ្វះខាត។ ហេតុនេះ ការពិភាក្សា ដើម្បីរិះរកស្តង់ដាអនុវត្តមួយ ដែលសមស្របសម្រាប់ប្រទេសទាំង៣ គឺជាការចាំបាច់សម្រាប់ការលើកកម្ពស់សុវត្ថិភាព និងផលប្រយោជន៍ពលករ ក៏ដូចជា កាត់បន្ថយភាពរងគ្រោះក្នុងអំឡុងពេលនៃទេសន្តរប្រវេសន៍ និងផលប៉ះពាល់អវិជ្ជមានចំពោះពលករ គ្រួសារ និងសង្គមជាតិយើង។ម្យ៉ាងទៀត ពលករមានតួនាទីនៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយការបង្កើនប្រសិទ្ធភាពនៃអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ ត្រូវបានកំណត់យ៉ាងច្បាស់ថា ជាអាទិភាពមួយរបស់រដ្ឋជាសមាជិកអាស៊ាន ទើបមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទរបស់អាស៊ាន ស្ដីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសន៍ ត្រូវបានអនុម័ត ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយរដ្ឋជាសមាជិកអាស៊ាន។ កិច្ចព្រមព្រៀងនេះ កំណត់យ៉ាងច្បាស់ពីកាតព្វកិច្ចរបស់រដ្ឋបញ្ចូនពលករ និងរដ្ឋទទួលពលករ (ក្នុងជំពូកទី ៥ និងជំពូកទី ៦) ដោយរដ្ឋសមាជិក ត្រូវបំពេញកាតព្វកិច្ចគោរព និងការពារសិទ្ធិពលករទេសន្តរប្រវេសន៍។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ សហគមន៍សេដ្ឋកិច្ចអាស៊ានពុំបានបញ្ចូលខ្លឹមសារស្ដីពី ការផ្លាស់ទីពលករគ្មានជំនាញ ពលករដែលមានជំនាញទាប និងពលករដែលមានជំនាញមធ្យម ក្នុងការឆ្លងព្រំដែនរបស់ប្រទេសនីមួយៗនោះឡើយ។ ដើម្បីសម្រេចឱ្យបាននូវសមធម៌ បរិយាបន្ន និងស្ថិរភាពនៃកំណើនអាស៊ាន ចាំបាច់ត្រូវមានយន្តការ ដែលឆ្លើយតបចំពោះលំហូរទេសន្តរប្រវេសន៍ទាំងនេះ។ នេះក៏ជាហេតុផលចាំបាច់មួយ ដែលក្នុងតួនាទីជាប្រទេសបញ្ជូន ត្រូវពិភាក្សាគ្នា ដើម្បីរិះរកគំនិតផ្តួចផ្តើមសមស្រប សម្រាប់ដំណោះស្រាយទាំងនេះផងដែរ។

លើសពីនេះទៅទៀត «កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់» ដែលបានអនុម័តនៅប្រទេសម៉ារ៉ុក កាលពីខែធ្នូឆ្នាំ២០១៨ កន្លងទៅ ក៏ជាឧបករណ៍សំខាន់មួយ ដែលប្រទេសទាំងអស់ជាសមាជិក ចាំបាច់ត្រូវជម្រុញអនុវត្ត ដើម្បីការពារពលករទេសន្តរប្រវេសន៍ ពីរាល់ទម្រង់ នៃការជួញដូរ និងកេងប្រវ័ញ្ច នៅគ្រប់តំណាក់កាលនៃការធ្វើទេសន្តរប្រវេសន៍ផងដែរ។ សម្ដេច ក៏បានគូសបញ្ជាក់ផងដែរថា មានកិច្ចការជាច្រើនដែលត្រូវធ្វើតាមប្រទេសរៀងៗខ្លួន តែក៏មានកិច្ចការខ្លះដែលទាមទារឲ្យមានកិច្ចសហការជាមួយគ្នា ដើម្បីផ្លាស់ប្តូរយោបល់ បទពិសោធន៍ សម្រាប់ការដោះស្រាយបញ្ហារួម និងមានចំណុចសេសសល់មួយចំនួនទៀត ដែលត្រូវលើកយកទៅពិភាក្សាជាមួយភាគីថៃ ដែលជាប្រទេសគោលដៅ ដើម្បីមានវិធានការរួមគ្នា រវាងប្រទេសបញ្ជូន និងប្រទេសទទួល ក្នុងកិច្ចការពារ សិទ្ធិមនុស្ស សិទ្ធិពលករ និងការបែងចែកផលប្រយោជន៍រវាងពលករ និងនិយោជិក និងការចែករំលែកការទទួលខុសត្រូវរវាងប្រទេសបញ្ជូន និងប្រទេសទទួល ដើម្បីលើកកម្ពស់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (Safe, Orderly and Regular Migration)។

ហើយកិច្ចពិភាក្សាពិគ្រោះយោបល់កម្រឹតបច្ចេកទេសថ្នាក់មន្រ្តីជាន់ខ្ពស់ «ស្តីពីតួនាទីប្រទេសបញ្ជូន ក្នុងកិច្ចការពារពលករទេសន្តរប្រវេសន៍» នេះ គឺជាការផ្តួចផ្តើមដ៏មានសារសំខាន់ ហើយក៏ជាការបំពេញករណីយកិច្ច របស់យើងដែលជាប្រទេសសមាជិកក្នុងតំបន់ និងក្នុងពិភពលោក ក្នុងការពង្រឹងកិច្ចសហការស្វែងរកគន្លឹះដោះស្រាយរួមគ្នា រវាងប្រទេសដែលមានស្ថានភាព ប្រហាក់ប្រហែលគ្នា ហើយក៏ជាការបង្ហាញអំពីឆន្ទៈនយោបាយ និងការប្តេជ្ញាចិត្ត ក្នុងកិច្ចការពារសិទ្ធិ និងផលប្រយោជន៍ពលករពីភាពរងគ្រោះ និងជនរងគ្រោះ គ្រប់ភេទ គ្រប់វ័យ ក្នុងអំឡុងពេលទេសន្តរប្រវេសន៍ ជាពិសេស ពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព ដែលនឹងផ្តល់ផលប្រយោជន៍ប្រកបដោយសមធម៌សម្រាប់ភាគីទាំងសងខាង គឺនិយោជក និងនិយោជិត និងរវាងប្រទេសបញ្ជូន និងប្រទេសទទួល។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស សម្ដេច មានសង្ឃឹមថា កិច្ចពិភាក្សានេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កា ដែលប្រតិភូនីមួយៗ នឹងអាចនាំយកលទ្ធផលនៃកិច្ចពិភាក្សា ទៅដាក់ជូនថ្នាក់ដឹកនាំរដ្ឋាភិបាល ដើម្បីធ្វើការសម្រេចចិត្ត ក្នុងការធ្វើឲ្យក្លាយជាសកម្មភាពជាក់ស្តែង ក្នុងការគ្រប់គ្រងទេសន្តរប្រវេសន៍ និងកិច្ចការពារប្រជាពលរដ្ឋពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព និងឈានទៅការជួបគ្នារវាងថ្នាក់ដឹកនាំប្រទេសទាំងបី ដើម្បីសម្រេចលើសេចក្តីថ្លែងការណ៍រួម ដំណោះស្រាយរួម នៅពេលអនាគតដ៏ខ្លីខាងមុខ និងអាចដាក់ស្នើការពិភាក្សា ជាមួយភាគីថៃ ដើម្បីរួមសហការគ្នា ដោះស្រាយបញ្ហាពលករឲ្យបានរលូន និងមានប្រសិទ្ធភាព៕

website_news/2019301002.txt · Last modified: 2019/10/30 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki