website_news:2019301003

សមត្ថកិច្ចឆ្មក់បង្ក្រាបទីតាំងម៉ាស្សា២កន្លែងជាប់គ្នា បង្កប់សេវាបម្រើផ្លូវភេទ ឃាត់ខ្លួនថៅកែហាង២នាក់

http://nokorwatnews.com/ 29-10-2019

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ បានឆ្មក់បង្ក្រាបទីតាំងម៉ាស្សាកោសជប់យីហោ «ម៉ាស្សា & កោសជប់ 72 និង ម៉ាស្សាកោសជប់៩៩៩ »ចំនួន២ទីតាំងជាប់គ្នា ដែលលួចបង្កប់សេវាបម្រើសេវាផ្លូវភេទ ដោយឃាត់ខ្លួនថៅកែស្រីជាជនជាតិវៀមណាម ២នាក់ និងជួយរំដោះក្មេងស្រីរងគ្រោះ៥នាក់ ។

ក្នុងប្រតិបត្ដិការណ៍នេះ ធ្វើឡើងកាលពីវេលាម៉ោង ៤ និង ២០ នាទី រសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះលេខ៥៨២ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយមានការសម្រប សម្រួលពីលោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយសមត្ថកិច្ចឃាត់ខ្លួនស្ដ្រីថៅកែហាង ជាជនជាតិវៀតណាម២នាក់ រួមមាន ៖ ទី១ឈ្មោះ ចាន់ ធីរ៉េ ភេទស្រី អាយុ៤៦ឆ្នាំ ជាតិវៀតណាម មុខរបរ ថៅកែហាង យីហោ « ៩៩៩» ស្នាក់នៅកន្លែងឃាត់ខ្លួន និងទីឈ្មោះ វៀង ជីហាយ ភេទស្រីអាយុ ៤៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ ថៅកែហាងយីហោ«ម៉ាស្សា & កោសជប់ 72» ស្នាក់នៅកន្លែងឃាត់ខ្លួន ។ ចំពោះសម្ភារដកហូតរួមមាន ៖ ស្រោមអនាម័យប្រើរួច និង មិនទាន់ប្រើមួយចំនួនធំ និង សៀវភៅកត់ត្រាភ្ញៀចេញចូលចំនួន២ ក្បាល ។

ក្រោយពីបញ្ចប់ប្រតិបត្ដិការនេះ កម្លាំងនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ដ្រីថៅកែហាង២ នាក់ និងក្មេងស្រីរងគ្រោះ៥នាក់ យកទៅកាន់ការិយាល័យនាយកដ្ឋានការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្ដតាមច្បាប់ ៕ ភារ៉ា ដង្កោ

website_news/2019301003.txt · Last modified: 2019/10/30 15:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki