website_news:2019301004

វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ ឃុំ-សង្កាត់/ក្រុង-ស្រុក

https://www.facebook.com/deputygovernoryousophear/ លេខាធិការដ្ឋាន គខបជសៀមរាប 29-10-2019

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប សហការជាមួយរដ្ឋបាលក្រុងសៀមរាប និងមានការចូលរួមគាំទ្រពីរដ្ឋបាលសាលាខេត្តសៀមរាប អង្គការUN WOMEN និងអង្គការសកម្មភាពដើម្បីកុមារ បានរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្នាក់ ឃុំ-សង្កាត់/ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធ អំពីការអនុវត្តតួនាទីភារកិច្ច ច្បាប់ពាក់ព័ន្ធនឹងការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ការទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការរំលោភបំពានលើកុមារ និងពង្រឹងលើកិច្ចសហប្រតិបត្តិការក្នុងការផ្តល់សេវាជួយជនរងគ្រោះឲ្យបានសមស្របនិងមានប្រសិទ្ធិភាព។

វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅនៅបន្ទប់ប្រជុំរដ្ឋបាលក្រុងសៀមរាប ដែលដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការនគរបាលខេត្ត ជាអនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងជាតំណាងលោកជំទាវ យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ និងមានការអញ្ជើញចូលរួមពីលោកស្រី លឹម ផល្លីកា អភិបាលរងក្រុងសៀមរាប លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត តំណាងអង្គការសកម្មភាពដើម្បីកុមារ ការិយាល័យជុំវិញក្រុង ចៅសង្កាត់ ស្មៀន អ.ក.ន.ក អធិការ កងរាជអាវុធហត្ថ ប្រជាការពារ មណ្ឌលសុខភាព នាយប៉ុស្តិ៍នាយកសាលា យុវជន និងអង្គការដៃគូ សរុប ៨១នាក់ ស្រី៣០នាក់។ វគ្គបណ្តុះបណ្តាលបានផ្តោតសំខាន់លើប្រធានបទចំនួន០៦ រួមមាន ៖

១. ការរំលឹកអំពីតួនាទីភារកិច្ច និងយន្តការគាំទ្រពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

២. ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវ ភេទ

៣. យន្តការគ្រប់គ្រង និងការការពារពលករទេសន្តរប្រវេន៍

៤.ការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ

៥.ហានិភ័យនិងយន្តការឆ្លើយតបនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិត

៦. និងអំពើជួញដូរកម្លាំងពលកម្ម

website_news/2019301004.txt · Last modified: 2019/10/30 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki