website_news:2019301005

ពលករខ្មែររាប់ពាន់នាក់នៅតែបន្តវិលត្រឡប់ចូលស្រុកតាមច្រកដូង

https://kohsantepheapdaily.com.kh/ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ ម៉ោង ១៣:២៥ ឆោម ពិសម័យ

ខេត្តបាត់ដំបង ៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៩ តុលា នេះ ពលករខ្មែរទាំងប្រុសទាំងស្រី ដែលធ្វើការងារនៅប្រទេសថៃនៅតែបន្តភ្លូកទឹកភ្លូកដីខុសប្រក្រតី សម្រុកចូលមកកាន់ប្រទេសកំណើតខ្លួនវិញ ដែលគេកត់សម្គាល់បានថា អាចមានចំនួនរហូតដល់ទៅរាប់ពាន់នាក់ឯណោះ តាមច្រកទ្វារអន្តរជាតិ «ដូង» នៅក្នុងស្រុកកំរៀង ខណៈមន្ត្រីអន្តោប្រវែសន៍នៃច្រកនេះ រួមទាំងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័នប្រដាប់ ដោយកាំភ្លើងគ្រប់ដៃផង បាននិងកំពុងដាក់ពង្រាយពាសពេញខាងមុខច្រកទ្វារចេញ-ចូល ថែមទាំងបានរារាំងមិនអនុញ្ញាតមានការថតរូបភាពអំពីដំណើរវិលចូលស្រុករបស់ពលករខ្មែរទាំងហ្វូងនោះទៀតផង។

បើតាមការពិនិត្យជាក់ស្ដែង ពលករខ្មែរបានវិលត្រឡប់ពីប្រទេសថៃ ចូលមកកាន់ប្រទេសខ្លួនវិញ ចាប់តែងពីថ្ងៃទី២៧ តុលា បើគិតត្រិមថ្ងៃទី២៩ តុលា នេះ អាចមានចំនួនរាប់ពាន់នាក់ហើយ ។ អ្នកសារព័ត៌មានមួយចំនួនកំពុងរង់ចាំតាមដាន និងផ្តិតយករូបភាពអំពីទិដ្ឋភាព នៃពលករទាំងហ្វូងនោះ នៅខាងមុខច្រកទ្វារអន្តរជាតិដូង។ ប៉ុន្តែមិនត្រូវបានមន្ត្រី និងកម្លាំងប្រដាប់អាវុធដែលដាក់ពង្រាយការពារនៅទីនោះអនុញ្ញាតឱ្យនៅក្បែរឬថតរូបឡើយ។

បើតាមអ្នករត់ម៉ូតូឌុបនៅមាត់ច្រកទ្វារអន្តរជាតិដូងនេះម្នាក់ ក៏បានផ្ដល់ព័ត៌មានមកដែរថា ចាប់តាំងពីព្រឹកព្រលឹម នាថ្ងៃទី២៩ តុលា នេះ គេឃើញពលកររាប់រយនាក់បាននាំគ្នាមកដល់ខាងមុខច្រកទ្វារព្រំដែន ខាងទឹកថៃ យ៉ាងត្រៀបត្រាណែនតាន់តាប់ទៅហើយ ។ ពួកគេបានឈរកកកុញនៅលើស្ពានតម្រង់ជួរចូលទឹកដីខ្មែរ តែត្រូវបានត្រូតពិនិត្យយ៉ាងហ្មត់ចត់ពីសំណាក់មន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីការពារព្រំដែនខ្មែរ។ លោកផាត សុផាន់ណា ប្រធានអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិ«ដូង» មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២៩ តុលា ពាក់ព័ន្ធនឹងចំនួនពលករខ្មែរវិលត្រឡប់ចូលប្រទេសកំណើត ដោយខុសប្រក្រតីនេះ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល ។ ប៉ុន្តែបើតាមមន្ត្រីព្រំដែនម្នាក់ដែលសុំមិនប្រាប់ឈ្មោះ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទដែរថា គ្រប់មន្ត្រីការពារដែន ជាពិសេសមន្ត្រីដែលកំពុងគ្រប់គ្រងច្រកទ្វារព្រំដែនានា មិនត្រូវបានគេអនុញ្ញាតឱ្យផ្ដល់ព័ត៌មាន អំពីក្រុមពលករវិលចូលស្រុកនាពេលនេះឡើយ ។ មន្ត្រីរូបនេះបានបង្ហើបឲ្យដឹងដូច្នេះថា «ខ្ញុំមិនអាចវាយតំលៃអំពីចំនួនពលករខ្មែរដែលកំពុងសម្រុកចូលស្រុកខ្មែរនាប៉ុន្មានថ្ងៃនេះយ៉ាងភ្លូកទឹកភ្លូកដី តាមច្រកទ្វារអន្តរជាតិដូង ខាងលើនេះបានទេ។ ប៉ុន្តែបើតាមការពិនិត្យជាក់ស្ដែង ខ្ញុំអាចកត់សម្គាល់បានថា គិតត្រិមថ្ងៃទី២៩ តុលា នេះប្រហែលអាចមានចំនួនខ្ទង់ពាន់នាក់ហើយ» ។

ជុំវិញការវិលត្រឡប់ចូលស្រុកដ៏ចម្លែករបស់ពលករខ្មែរនៅប្រទេសថៃខាងលើនេះ ពួកគេត្រូវបានចោទសួរនាំយ៉ាងជាក់លាក់ពីមន្ត្រីអន្តោប្រវេសន៍អំពីមូលហេតុនៃការវិលត្រឡប់ចូលស្រុកនេះ ។ ប៉ុន្តែរាល់ចម្លើយរបស់ក្រុមពលករ ហាក់ដូចៗគ្នាដោយខ្លះថា «មកលេងផ្ទះ ឬមកលេងបុណ្យអុំទូក»។ ប៉ុន្តែយ៉ាងណា ពលករទាំងនោះ បានឆ្លងចូលមកកាន់ទឹកដីកំណើតជាបន្តបន្ទាប់ ក្រោយពីមន្ត្រីបញ្ចប់ការសាកសួរ និងវាយប៉ាស្ព័ររួបរាល់ ។

website_news/2019301005.txt · Last modified: 2019/10/30 15:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki