website_news:2019301012

ត្រាំ នឹងផ្អាកអនុគ្រោះពន្ធដល់ឧស្សាហកម្មគ្រឿងសមុទ្រថៃ

https://www.postkhmer.com/ AFP | Publication date 28 October 2019 | 10:50 ICT

ក្រុងវ៉ាស៊ីនតោនៈ លោក ដូណាល់ ត្រាំ នឹងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់ឧស្សាហកម្មអាហារសមុទ្ររបស់ប្រទេសថៃ បន្ទាប់ពីប្រទេសនេះបានបរាជ័យក្នុងការចាត់វិធានការកែលម្អសិទ្ធិកម្មករ ដែលធ្វើឲ្យប៉ះពាល់ដល់វិស័យច្រើនពាន់លានដុល្លារមួយនេះ។ ថៃគឺជាប្រទេសនាំចេញអាហារសមុទ្រឈានមុខគេទី៣ របស់ពិភពលោក ប៉ុន្តែឋានៈជាប្រទេសផ្គត់ផ្គង់របស់ខ្លួនបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយការរាយការណ៍ពីពលកម្មទាសករ និងការជួញដូរក្នុងចំណោមកម្លាំងពលកម្មចំណាកស្រុក។

ទីភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយដកស្រង់សម្តីការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកថា ផលិតផលអាហារសមុទ្រទាំងអស់របស់ប្រទេសថៃនឹងបាត់បង់សិទ្ធិស្របច្បាប់របស់ខ្លួនសម្រាប់ការទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្មដោយសារតែ «បញ្ហាសិទ្ធិកម្មករដែលអូសបន្លាយរយៈពេលយូរនៅក្នុងឧស្សាហកម្មអាហារសមុទ្រ និងឧស្សាហកម្មដឹកជញ្ជូន»។ ការផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្មដែលទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថាមានតម្លៃ ១,៣ ពាន់លានដុល្លារនេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០។ នេះបើយោងតាមលិខិតមួយដែលបានផ្ញើកាលពីថ្ងៃសុក្រទៅកាន់លោកស្រី Nancy Pelosi អ្នកនាំពាក្យសភាជាន់ទាបអាមេរិក។

លោក ត្រាំ បានឲ្យដឹងនៅក្នុងលិខិតនេះថា៖ «ខ្ញុំបានកំណត់ហើយថា ប្រទេសថៃមិនកំពុងចាត់វិធានការដើម្បីឲ្យកម្មករនៅក្នុងប្រទេសថៃត្រូវបានទទួលស្គាល់សិទ្ធិកម្មជាអន្តរជាតិនោះទេ។ វាជាការសមស្របក្នុងការផ្អាកសិទ្ធិទទួលបានការរួចពន្ធនេះ»។ ស្ថិតក្រោមកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ (GSP) របស់អាមេរិក បណ្ដាប្រទេសដែលមានសិទ្ធិទទួលប្រព័ន្ធនេះអាចនាំចូលទំនិញមួយចំនួនទៅកាន់អាមេរិកដោយរួចពន្ធ។ ទំនិញផ្សេងទៀតដែលបាត់បង់ការទទួលបានការអនុគ្រោះពន្ធនេះ រួមមានផលិតផលផ្លែឈើ បន្លែ សម្លៀកបំពាក់ និងឧបករណ៍អគ្គិសនី។

យោងតាមការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិកការនាំចេញពីថៃទៅអាមេរិកមានចំនួនសរុប ៣១,៩ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ ដោយគ្រឿងម៉ាស៊ីនអគ្គិសនីគឺជាទំនិញដែលមានបរិមាណច្រើនជាងគេ។ ការផ្អាករបស់អាមេរិកនេះធ្វើឡើង ទោះបីជាសហភាពអឺរ៉ុបនៅពេលថ្មីៗនេះបានដកប្រទេសថៃ ចេញពីការព្រមានរបស់ខ្លួនកាលពីខែមករាដោយមើលឃើញកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឡើងដោយរដ្ឋាភិបាលថៃ ដើម្បីដោះស្រាយការនេសាទខុសច្បាប់។ ប្រទេសថៃ បានស្ថិតក្នុងបញ្ជីនេះចាប់តាំងពីឆ្នាំ ២០១៥ មកបន្ទាប់ពីមានការចោទប្រកាន់ពីបទរំលោភសិទ្ធិកម្មករ ដែលមិនអាចគ្រប់គ្រងបានក្នុងក្រុមនាវានេសាទរបស់ខ្លួន។

លោក Phil Robertson អនុប្រធានទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅតំបន់អាស៊ីរបស់អង្គការ Human Rights Watch កាលពីថ្ងៃសៅរ៍បានអបអរសាទរវិធានការនេះដោយហៅការអនុវត្តច្បាប់ការពារកម្មកររបស់ប្រទេស ថៃ ថា «គួរឲ្យអាណិត»។ លោក Robertson ថ្លែងថា៖ «អស់រយៈពេលជាច្រើនឆ្នាំហើយ ប្រទេសថៃ បានបរាជ័យក្នុងការការពារទាំងកម្មករថៃ និងកម្មករចំណាកស្រុកមកពីបណ្ដាប្រទេសជិតខាងជាច្រើនពីនិយោជិតដែលមិនស្មោះត្រង់ ដែលបណ្ដេញនរណាម្នាក់ដែលក្រោកឈរទាមទារសិទ្ធិរបស់ពួកគេចេញពីការងារ»។ លោកបន្តថា៖ «ការកែទម្រង់គឺហួសពេលកំណត់យូរហើយ»។

លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនបានបដិសេធការអត្ថាធិប្បាយស្ដីពីការផ្អាកនេះ៕ LA

website_news/2019301012.txt · Last modified: 2019/10/30 15:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki