website_news:2019310101

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចៈ “ក្នុងឆ្នាំ២០១៨ ក្រសួងសម្រេចបាននូវលទ្ធផលផ្លែផ្កា៧ចំណុច”

http://www.rasmeinews.com/ January 30, 2019, 2:36 PM

ដោយៈ ប៊ុនណាត / បាត់ដំបងៈ នៅសាលប្រជុំ នៃសណ្ឋាគារខេមរា១ កាលពីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៩ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ និងការប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសង្គកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា២០១៩~២០២៣ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាមានប្រសាសន៍ថា “ក្នុងឆ្នាំ២០១៨ក្រសួងសម្រេចបាននូវលទ្ធផលផ្លែផ្កា៧ចំណុច”។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លទ្ធផលដែលក្រសួងសម្រេចបានជាផ្លែផ្កាទាំង៧ចំណុចរួមមាន:

១.សេវាសុខាភិបាលសម្រាប់ជនក្រីក្រងាយរងគ្រោះ កុមារ មនុស្សចាស់ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជនត្រូវបានពង្រឹងនិងពង្រីក។

២.វិស័យសុខុមាលភាពកុមារបានបន្តរីកចម្រើនឥតឈប់ឈរ។ ការធ្វើអាជីវកម្មតាមគ្រប់រូបភាពលើកុមារ អំពើហិង្សាលើកុមារ ការប្រើប្រាស់ពលកម្មកុមារ អំពើពេស្យាចារលើកុមារ ការជួញដូរកុមារ អំពើអនាចារនិងអសីលធម៌ផ្សេងៗ លើកុមារត្រូវបានចាត់វិធានការបង្ការនិងទប់ស្កាត់ជាជំហានៗ។

៣.វិស័យសុខុមាលភាពជនពិការ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចជាៈ ការស្តារលទ្ធភាពពលកម្ម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើតមុខរបរជូនជនពិការជាពិសេសការអនុវត្តន៍គោលនយោបាយជនក្រីក្រនៅតាមសហគមន៍។

៤.វិស័យសុខុមាលភាពមនុស្សចាស់ ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ។ សមាគមមនុស្សចាស់ត្រូវបានបង្កើតជាបន្តបន្ទាប់ នៅតាមឃុំ សង្កាត់ ដើម្បីជួយរំលែកទុក្ខលំបាករបស់មនុស្សចាស់។ ទន្ទឹមនឹងនេះ មណ្ឌលថែទាំមនុស្សចាស់គ្រោងដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខដែលទទួលមនុស្សក្រីក្រគ្មានទីពឹងឱ្យស្នាក់នៅ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បម្រើឱ្យកិច្ចថែទាំមនុស្សចាស់ផងដែរ។

៥.វិស័យអតីតយុទ្ធជនបានបន្តពង្រឹងពង្រីកសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្វាហាប់ និងទទួលបានលទ្ធផលផ្លែផ្កាជាបន្តបន្ទាប់។ បេឡាមរណសង្គ្រោះកំពុងដំណើរការយ៉ាងសកម្ម រួមចំណែកជួយសម្រួលទុក្ខលំបាក ការឧបត្ថម្ភគាំទ្រនិងលើកស្ទួយជីវភាពបងប្អូនអតីតយុទ្ធជន ដែលធ្វើឱ្យបងប្អូនអតីតយុទ្ធជននិងគ្រួសារទទួលបានការសាទរយ៉ាងខ្លាំង។

៦.របបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនបាននិងជំរុញឱ្យកាន់តែប្រសើរឡើងតាមរយៈការបើកផ្តល់តាមប្រព័ន្ធធនាគារ ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងទាន់ពេលវេលា។ ទន្ទឹមនេះ របបសន្តិសុខសង្គមត្រូវបានកែសម្រួល និងតម្លើងជាបន្តបន្ទាប់ស្របតាមការវិវត្ត នៃសេដ្ឋកិច្ចជាតិ និង

៧.ជំរុញបង្កើនចំនួនបុគ្គលិកសង្គមកិច្ច (Social Worker) តាមរយៈវិទ្យាស្ថានជាតិសង្គមកិច្ច សម្រាប់បម្រើឱ្យវិស័យសង្គមកិច្ចទាំងកម្រិតមធ្យម និងឧត្តមរាប់រយនាក់ក្នុងមួយឆ្នាំៗ ស្របតាមតម្រូវការសង្គមជាតិ និន្នាការសេដ្ឋកិច្ចនិងសង្គមក្នុងបរិបទ នៃចរន្តសកលភាវូបនីយកម្ម។

ក្នុងពិធីនេះដែរ លោករដ្ឋមន្ត្រីបានប្រកាសចូលកាន់តំណែងរបស់លោក ខុម ផលលឿន ជានាយកវិទ្យាស្ថានជាតិសង្គមកិច្ច។ បន្ទាប់ពីលោក ងួន រ៉ានី រដ្ឋលេខាធិការក្រសួងសង្គកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ និងការប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសង្គកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា២០១៩~២០២៣ និងមានបទអន្តរាគមន៍ជាច្រើននាក់ទៀត៕ ល

website_news/2019310101.txt · Last modified: 2019/01/31 13:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki